អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្សប្រឆាំង​ចំនួន​៦​នៅ​ថៃ បញ្ជាក់​ជំហរ​មិន​ចូលរួម​គណៈកម្មការ​ផ្សះផ្សា​ជាតិ​
23, Dec 2020 , 10:29 pm        
រូបភាព
កិច្ចប្រជុំសភាថៃនាពេលកន្លងមក។ រូបភាព AFP
កិច្ចប្រជុំសភាថៃនាពេលកន្លងមក។ រូបភាព AFP
ដោយ:
​នៅ​ថ្ងៃទី​២២​ធ្នូ បក្សប្រឆាំង​ថៃ​ធំៗ​ចំនួន​៦ បញ្ជាក់​ជំហរ​មិន​ចូលរួម​ក្នុង​គណៈកម្មការ​ផ្សះផ្សា​ជាតិ​ដែល​ផ្ដើមគំនិត​ដោយ​សភា ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​ខ្វះ​ភាពស្មោះត្រង់​ក្នុងការ​បង្រួបបង្រួម​ជាតិ​។ ការបង្កើត​គណៈកម្មកា​រ​នេះ ជា​គំនិត​ផ្តួចផ្តើម​របស់​ប្រធានរដ្ឋសភា​ថៃ ដោយ​មានបំណង​ស្វែងរក​ដំណោះស្រាយ​រួម​ក្នុងចំណោម​រដ្ឋាភិបាល បក្សប្រឆាំង និង​ក្រុមបាតុករ​។​

 
​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២២​ធ្នូ បក្សប្រឆាំង​នៅ​ថៃ​ចំនួន​៦ បាន​ស្រុះស្រួល​គ្នា ដោយ​ប្រកាន់​ជំហរ​រួម​ថា នឹងមិន​ចូលរួម​គណៈកម្មការ​ផ្សះផ្សា​ជាតិ​ឡើយ​។ ពួកគេ​លើកឡើងថា រដ្ឋាភិបាល​ខ្វះ​ភាពស្មោះត្រង់ ហើយ​ចង់​ប្រើប្រាស់​គណៈកម្មការ​នេះ​ដើម្បី​ពន្យារពេល​ដើម្បី​មិន​ដោះស្រាយ​បញ្ហា​តែប៉ុណ្ណោះ​។​
 
​រដ្ឋាភិបាល​ត្រូវតែ​បង្ហាញ​ភាពស្មោះត្រង់​ក្នុងការ​បង្កើត​បរិ​យ​កាស​ផ្សះផ្សា​ជាតិ ដោយ​ឈប់​បំពាន និង​ចាត់​សកម្មភាព​ផ្លូវច្បាប់​ទៅលើ​អ្នកប្រឆាំង​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​។ នេះ​ជាការ​លើកឡើង​របស់លោក Sompong Amornvivat មេដឹកនាំ​បក្ស​ភឿ​ថៃ​។ បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ អ្នកនយោបាយ​រូបនេះ​ថា បក្សប្រឆាំង​នឹងចូលរួម លុះត្រាតែ​បាតុករ​ចូលរួម​ដែរ​។ 
 
​ដូចគ្នានេះ លោក​អគ្គលេខាធិការ​ប​ក្ស​ចលនា​ទៅមុខ​ទើប​បង្កើត​ថ្មី បញ្ជាក់ថា បក្សប្រឆាំង​យល់ព្រម​លើ​កិច្ចប្រឹងប្រែង​ក្នុងការ​រួបរួម​ជាតិ ប៉ុន្តែ​ដំណើរ​ការមិន​ឈានទៅ​មុខ​ឡើយ បើសិនជា​រដ្ឋាភិបាល​ប​ន្ត​ធ្វើបាប​អ្នក​ដែលមាន​គំនិត​ខុសពី​ខ្លួន​។ រីឯ​លោក Wan Muhama មេដឹកនាំ​បក្ស​ប្រជាជាតិ​ថៃ និយាយថា រដ្ឋាភិបាល​ត្រូវតែ​បង្ហាញ​ពី​បំណង​ច្បាស់លាស់​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ 
 
​លោក Muhama បន្តថា វិសោធនកម្ម​រដ្ឋធម្មនុញ្ញ នឹង​ជួយ​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង ជាពិសេស​ការកាត់បន្ថយ​អំណាច​សមាជិក​ព្រឹទ្ធសភា​២៥០​រូប​ដែល​ជ្រើសតាំង​ដោយ​ក្រុមប្រឹក្សា​សន្តិភាព និង​សណ្តាប់ធ្នាប់​ដែល​ដឹកនាំ​ប្រទេស​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។ ជា​ចំណុច​ចម្រូងចម្រាស​មួយ​ក្នុង​រដ្ឋធម្មនុញ្ញ​ថៃ សមាជិក​រដ្ឋសភា​មាន​សិទ្ធិ​ក្នុងការ​ចូលរួម​បោះឆ្នោត​តែងតាំង​នាយករដ្ឋមន្ត្រី រួមជាមួយ​តំណាងរាស្ត្រ​ផងដែរ​។​
 
​សម្រាប់​ក្រុមប្រឆាំង ការចូលរួម​ក្នុង​គណៈកម្មការ​ខាងលើ បានន័យថា បក្សប្រឆាំង​ផ្តល់​ភាពស្របច្បាប់​ទៅលើ​សកម្មភាព​រដ្ឋាភិបាល​នាពេល​កន្លងមក​។ 
 
​អវត្តមាន​ក្រុម​បក្សប្រឆាំង នឹងធ្វើ​ឲ្យ​ការប៉ុនប៉ង​របស់លោក Chuan Leekphai ដែលជា​ប្រធានសភា ជួប​បញ្ហា ខណៈ​ក្រុមបាតុក​បានប្រកាស​មិន​ចូលរួម​ស្រេច​ទៅហើយ​។ ហេតុផល​ក៏​ខុសគ្នា​ពី​ក្រុមប្រឆាំង​ដែរ ដោយ​ពួកគេ​ចាត់ទុក​គណៈកម្មការ​ខាងលើ ជាការ​អូសបន្លាយ​ពេល​ពី​សំណាក់​រដ្ឋាភិបាល​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ប៉ុណ្ណោះ ហើយក៏​មិនមាន​ប្រសិទ្ធភាព​អ្វី​ដែរ​៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com