ប្រធានាធិបតី ដូណាល់ ត្រាំ បានច្រានចោលសេចក្តីស្នើច្បាប់កញ្ចប់ថវិកាការពារជាតិឆ្នាំ២០២១ ទំហំ៧៤០ពាន់លានដុល្លារដែលអនុម័តដោយសភា។ លោកចោទថា កញ្ចប់ថវិកានេះ នឹងជួយរុស្ស៊ី និងចិន ហើយលោកក៏ប្រឆាំងផែនការផ្លាស់ប្តូរឈ្មោះមូលដ្ឋានទ័ពដែលមានចែងក្នុងសេចក្ដីស្នើច្បាប់នេះ។ ការវ៉េតូរបស់លោក ត្រាំ ទំនងជាមិនបានផលឡើយ ខណៈសភាមានសំឡេងគ្រប់គ្រាន់ដើម្បីបដិសេធវ៉េតូនេះ។
លោក ដូណាល់ ត្រាំ បានរិះគន់ច្បាប់ការពារជាតិអាមេរិក (NDAA) ប្រចាំឆ្នាំ២០២១ ថា មិនឆ្លើយតបនឹងការទាមទារលោកទាក់ទងមាត្រា២៣០ ។ បើគ្មានការផ្លាស់ប្តូរ មាត្រា ២៣០ ទេនោះ លោក ត្រាំ អះអាងថា ច្បាប់ថវិកាយោធាឆ្នាំ២០២១ គឺជា អំណោយសម្រាប់ចិន និងរុស្ស៊ី ។
មាត្រា ២៣០ ដែលលោក ត្រាំ សំដៅនោះ មានចែងថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ទទួលសិទ្ធិការពារតាមផ្លូវច្បាប់ចំពោះមាតិកាស្ទើរតែទាំងអស់ដែលបង្ហោះដោយអ្នកប្រើប្រាស់ខ្លួន។ ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៣ ខែធ្នូ លោកត្រាំ លើកឡើងថា មាត្រា ២៣០ ជួយសម្រួលដល់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយតាមអនឡាញពីបរទេស ដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជាតិ ហើយលោកទាមទារឲ្យកែប្រែចំណុចនេះ។
មែនទែនទៅ ការកែប្រែមាត្រា ២៣០ បានក្លាយជាកម្មវត្ថុអាទិភាពសម្រាប់រដ្ឋបាលលោកត្រាំ ក្នុងពេល២ឬ៣ខែចុងក្រោយ។ ជាក់ស្តែង លោក ត្រាំ កាលពីខែឧសភា បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដោយទទូចឲ្យគណៈកម្មការគមនាគមន៍សហព័ន្ធបកស្រាយច្បាប់នេះឡើងវិញ។
បញ្ជារបស់លោកប្រធានាធិបតីនេះដែរ ធ្វើឡើងដើម្បីឆ្លើយតបចំណាត់ការត្រួតពិនិត្យការពិត (fact-checking) របស់ក្រុមហ៊ុន Twitter លើការបង្ហោះរបស់លោកពាក់ព័ន្ធនឹងការអះអាងមិនត្រឹត្រូវទាក់ទងការចោទប្រកាន់ថា មានកេងបន្លំការបោះឆ្នោត។
បន្ថែមពីលើចំណុចខាងលើ លោក ត្រាំ ក៏ប្រឆាំងផែនការប្តូរឈ្មោះមូលដ្ឋានទ័ពដែលមានឈ្មោះឧត្តមសេនីយ៍ពីក្រុមធ្វើអបគមន៍ អំឡុងសង្គ្រាមស៊ីវិលអាមេរិកចន្លោះឆ្នាំ ១៨៦១-១៨៦៥ផងដែរ។ លើសពីនោះ លោក ត្រាំ ក៏ប្រឆាំងបញ្ញត្តិក្នុងច្បាប់ NDAA ដែលអាចប៉ះពាល់ដល់ការសម្រេចចិត្តកាត់បន្ថយកងទ័ពអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ អាហ្វហ្កានីស្ថាន និងប្រទេសផ្សេងទៀត។
«ច្បាប់ NDAA បរាជ័យក្នុងការដាក់បញ្ចូលវិធានការសន្តិសុខជាតិសំខាន់ រួមមាន បញ្ញត្តិដែលមិនគោរពទាហារជើងចាស់ និងប្រវត្តិសាស្ត្រយោធា និងធ្វើឡើងដោយផ្ទុយនឹងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលដែលផ្ដល់អាទិភាពឲ្យអាមេរិកជាចម្បងក្នុងវិស័យសន្តិសុខជាតិ ក៏ដូចជា សកម្មភាពគោលនយោបាយការបរទេស»។ លោក ត្រាំ អះអាងបែបនេះ ក្នុងសេចក្តីថ្លែងការណ៍ដដែល។
ប្រធានសភាតំណាងអាមេរិក អ្នកស្រី ណានស៊ី ផេឡូស៊ី បានចាត់ទុកការវ៉េតូរបស់លោក ត្រាំ ជាទង្វើព្រហើនកោងកាច ដែលបង្កគ្រោះថ្នាក់កងទ័ពអាមេរិក សន្តិសុខជាតិ ក៏ដូចជាមើលស្រាលឆន្ទៈរបស់សភាទាំងពីរ។ ទាំងសភាតំណាង និងព្រឹទ្ធសភា នឹងកំណត់ពេលវេលាដើម្បីបោះឆ្នោតទាត់ចោលវ៉េតូ របស់លោក ត្រាំ ។ សភាទាំងពីរត្រូវការសំឡេងពីរភាគបីនៃសមាជិករៀងៗខ្លួនដើម្បីច្រានចោលវ៉េតូប្រធានាធិបតី។
ការធ្វើវេតូលើសេចក្តីស្នើច្បាប់ការពារជាតិទំហំ៧៤០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១ កើតឡើងមួយថ្ងៃប៉ុណ្ណោះក្រោយលោក ត្រាំ បានគំរាមរាំងខ្ទប់សេចក្តីស្នើច្បាប់ជំនួយកូវីដ-១៩ ទំហំ៩០០ពាន់់លានដុល្លារ ។ លោក ត្រាំ ចង់ឲ្យសភាបង្កើនលុយដែលចែកឲ្យពលរដ្ឋម្នាក់ៗឲ្យដល់២ពាន់ដុល្លា ខណៈការស្នើរបស់សភាមកលោកមានត្រឹម ៦០០ដុល្លារប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត ការចំណាយរដ្ឋាភិបាលសហព័ន្ធទំហំ១,៤ទ្រីលានដុល្លារដែលស្ថិតក្នុងកញ្ចប់ថវិកាជាតិឆ្នាំ២០២១ កំពុងរង់ចាំលោក ត្រាំ យល់ព្រមដែរ។ បើគ្មានការយល់ព្រម ឬយល់ព្រមដោយយឺតយ៉ាវ មួយផ្នែកធំនៃរដ្ឋាភិបាលអាមេរិក អាចត្រូវបិទចោលនាសប្ដាហ៍ក្រោយ ដោយសារខ្វះខាតលុយ។ លោក ត្រាំ បានបង្ខំឲ្យរដ្ឋាភិបាលអាមេរិកបិទទ្វាររហូតដល់៣៥ថ្ងៃ កាលពី២ឆ្នាំមុន នៅពេលលោកទាត់ចោលសេចក្តីស្នើច្បាប់ការចំណាយសហព័ន្ធ ដោយលើកហេតុផលថា លុយនេះមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការសាងសង់ជញ្ជាំងអាមេរិក-ម៉ិកស៊ិក៕