COVID-19
ជាតិ
​ចាប់តាំងពី​ដើមឆ្នាំ​មក មនុស្ស​ជាង​៦០០០​នាក់​ហើយ​ដែល​បាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់​
24, Dec 2020 , 7:29 pm        
រូបភាព
​វិបត្តិ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​ធ្លាក់ចុះ ពិសេស​ភ្ញៀវទេសចរ​បរទេស​។ ទោះបីជា​យ៉ាងនោះ​ក្ដី លំហូរ​ទេសចរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា មាន​ជាង​៦​ពាន់​នាក់ គិត​ត្រឹម​ថ្ងៃទី ២១ ធ្នូ​នេះ​។ ចំនួន​នេះ​ច្រើនជាង​ឆ្នាំ​២០១៩ ជិត​១,៥០០​នាក់​ឯណោះ​។ នេះ​បើតាម​លោក ឈឺ​ន ឈី​ម ម​គ្គុ​ទេ្ទ​សក៍​ទេសចរ​នាំ​ភ្ញៀវ​ភ្នំ​ឱ​រ៉ា​ល់​។​



​គិត​មកដល់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​នេះ ភ្ញៀវទេសចរ​ដែល​បាន​ទៅ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​មាន​ចំនួន​៦,០១៤​នាក់ ក្នុងនោះ​មាន​ទេសចរ​អន្តរជាតិ មាន​ត្រឹម​២០​ភាគរយ​ប៉ុណ្ណោះ​។ បើតាម​លោក ឈឺ​ន ឈី​ម ម​គ្គុ​ទេ្ទ​សក៍​ទេសចរ នាំ​ភ្ញៀវ​ភ្នំ​ឱ​រ៉ា​ល់ បាន​ប្រាប់​ThmeyThmey25 ដូច្នេះ​ថា​៖«​ក្នុង​ឆ្នាំ​២០២០​នេះ បើទោះបី​ជាមាន​បញ្ហា​វិបត្តិ​កូ​វីដ​-១៩ និង​គ្រោះទឹកជំនន់​ពិតមែន តែ​ភ្នំ​ឱ​រ៉ា​ល់ មិន​ថយ​ភ្ញៀវទេសចរ​ទេ តែ​កើន​លើស​ឆ្នាំ​២០១៩ ជាង​១​ពាន់​នាក់​»​។ 
 
​នៅ​ឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​ទៅ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ចំនួន ៣៣៥០​នាក់ ក្នុងនោះ​មាន​ទេសចរ​បរទេស​៥០​ភាគរយ​។ ចំណែកឯ​ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​ចំនួន​៤៥៣០​នាក់ មាន​បរទេស​៣០​ភាគរយ​។ រហូតមកដល់​ឆ្នាំ​២០២០​នេះ ភ្ញៀវទេសចរ កើន​បាន​ចំនួន​៦០១៤​នាក់ តែមាន​ភ្ញៀវ​អន្តរជាតិ​ត្រឹម​២០​ភាគរយ​ប៉ុណ្ណោះ​។ នេះ​បើតាម​លោក ឈឺ​ន ឈី​ម ម​គ្គុ​ទេ្ទ​សក៍​ទេសចរ​នាំ​ភ្ញៀវ​ភ្នំ​ឱ​រ៉ា​ល់​។​


 
​ម​គ្គុ​ទេ្ទ​សក៍​ទេសចរ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា ភ្នំ​ឱ​រ៉ា​ល់​ជា​ភ្នំ​មាន​កម្ពស់​ខ្ពស់​ជាងគេ ដូច្នេះ​អ្នក​ដែល​មក​ឡើង​ភ្នំ​នេះ អាច​ទស្សនា​ទេសភាព​ធម្មជាតិ​ស្អាតៗ​ជាច្រើន​កន្លែង នៅតាម​ផ្លូវ​ឡើង និង​នៅលើ​កំពូលភ្នំ​។ លោក ឈី​ម​បន្តថា ភ្ញៀវទេសចរ​ដែល​ចង់ទៅ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ គួរ​ទៅ​នៅ​ចន្លោះ​ចាប់​ខែមករា ដល់​ខែមីនា ព្រោះ​អាកាសធាតុ​មិនសូវ​ត្រជាក់​ខ្លាំង​នៅលើ​កំពូលភ្នំ​។

ចំណែកឯ​ចន្លោះ​ពី​ខែមេសា ដល់​ខែមិថុនា ជា​រដូវភ្លៀង ដូច្នេះ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ឡើង​ភ្នំ​បន្តិច​។ រីឯ​ចន្លោះ​ពី​ខែកក្កដា ដល់​ខែតុលា ក៏​ជា​រដូវ​កាល​សមស្រប​សម្រាប់​ទេស​ចរ​ផងដែរ​។ ដោយឡែក​សម្រាប់​វិច្ឆិកា និង​ខែធ្នូ អាកាសធាតុ​ត្រជាក់​ខ្លាំង អាច​ពិបាក​បន្តិច​នៅពេល​ទៅដល់​កំពូលភ្នំ​។ លោក ឈី​ម លើកទឹកចិត្ត​ទេសចរ​ឲ្យ​ចំណាយពេល​យ៉ាងហោចណាស់​៣-៤​ថ្ងៃ ដើម្បី​កម្សាន្ត​នៅ​ភ្នំ​ឱ​រ៉ា​ល់ ព្រោះ​មាន​កន្លែង​ជាច្រើន​នៅ​ទីនោះ​ដែល​ទេសចរ​មិនគួរ​រំលង​៕





Tag:
 ភ្នំ​ឱ​រ៉ា​ល់​
 ​ឈឺ​ន ឈី​ម​
© រក្សាសិទ្ធិដោយ thmeythmey.com