កីឡាជាតិ
ជាតិ
កីឡាករ ចាន់ រតនា ប្រាប់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​ខ្លួន​ប្រកួត​ចាញ់​កីឡាករ​ចិន Xie Wei នៅ ONE
25, Dec 2020 , 7:59 am        
រូបភាព
ដោយ:
​ការធ្វេសប្រហែស​រួមផ្សំ​ជាមួយ​ការមើលស្រាល​សមត្ថភាព​ដៃគូ ជា​មូលហេតុ​នៃ​ការបរាជ័យ​របស់​កីឡាករ ចាន់ រតនា ក្រោម​ថ្វីដៃ​កីឡាករ​ចិន Xie Wei នា​ការប្រកួត​គុន​ចម្រុះ​ក្នុង​ព្រឹត្តិការណ៍ ONE: Collision Course នៅ​ប្រទេស​សិង្ហ​បុរី​។ ប៉ុន្តែ​វា​ជា​បទពិសោធន៍​មួយ​សម្រាប់ រតនា ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ក្នុង​ការត្រៀម​ដណ្តើមយក​ជ័យជម្នះ​នៅលើ​ក​ក្រោយៗ​ទៀត​។

 
​អ្នកលេង​គុន​ចម្រុះ​ជួរមុខ​របស់​កម្ពុជា​កីឡាករ ចាន់ រតនា បាន​ប្រាប់​ពី​មូល​ហេតុដែល​ធ្វើ​ឲ្យ​រូបគេ​ប្រកួត​ចាញ់​កីឡាករ Xie Wei ក្នុង​ទឺ​ក​ទី​៣ នា​ការប្រកួត​គុន​ចម្រុះ​ក្នុង​ព្រឹត្តិការណ៍ ONE: Collision Course​។ រតនា អះអាងថា ការមើលស្រាល​សមត្ថភាព​គូប្រកួត​ក្រោយ​ស្ទាប់ស្ទង់​ដឹង​ពី​កម្រិត​សមត្ថភាព និង​ការធ្វេសប្រហែស​ជា​បញ្ហា​ចម្បង​នៃ​ការបរាជ័យ​របស់ខ្លួន​។   
 
​ទូត​សុច្ឆន្ទៈ​ក្រុមហ៊ុន​សែ​ល​កាត​រូបនេះ ប្រាប់​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​ខ្លួន​បរាជ័យ​យ៉ាង​ដូច្នេះ​ថា​៖«​បន្ទាប់ពី​ខ្ញុំ​ស្ទង់​ដឹង​សមត្ថភាព​របស់​ដៃគូ​ពីរ​ទឹក​រួចមក ខ្ញុំ​អាចយ​ល់ពី​សមត្ថភាពរ​បស់​ដៃគូ​។ ខ្ញុំ​ដូចជា​មើលស្រាល​ដៃគូ​នៅ​ទឹក​៣ ហើយក៏​មិនសូវ​ប្រុងប្រយ័ត្ន ដែល​ត្រូវ​ដៃគូ​វ៉ៃ​ដៃ​ឆ្វេង​ត្រូវ​។ នេះ​ជា​មេរៀន​មួយ​ដែល​ខ្ញុំ​ត្រូវ​ប្រុងប្រយ័ត្ន​ទៅ​ថ្ងៃក្រោយ​»​។ 
 

​ក្រោយ​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​ចិន Xie Wei ដោយ​អាជ្ញាកណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​៣ កីឡាករ ចាន់ រតនា បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សុំទោស​ប្រជាពលរដ្ឋ​កម្ពុជា ចំពោះ​កំហុស ដែល​ខ្លួន​មិនអាច​ស្វែងរក​ជ័យជម្នះ​ពី​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​ជូន​ប្រទេសជាតិ​។ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​អ្នកគាំទ្រ​កីឡា​មិន​ត្រឹមតែ​មិន​ខឹង​នោះទេ ថែមទាំង​ផ្ញើ​សារ​លើកទឹកចិត្ត​កីឡាករ ចាន់ រតនា កុំ​ឲ្យ​បាក់​ទឹកចិត្ត និង​បន្ត​ការខិតខំ​ប្រែង​របស់ខ្លួន​បន្ថែមទៀត​។ 
 
​សារ​លើកទឹកចិត្ត​ពី​អ្នកគាំទ្រ បាន​ក្លាយជា​ចលករ​ជួយ​ជំរុញ​ឲ្យ​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ មាន​ទឹកចិត្ត​កាន់តែខ្លាំង​ថែមទៀត​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​។ ម្ចាស់​ក្លិប​ក្បាច់គុន​«​សិល្បៈ​»​រូបនេះ​បានបង្ហាញ​ការតាំង​ចិត្ត​យ៉ាង​មុតមាំ​ថា រូបគេ​នឹង​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព ដើម្បី​ស្វែងរក​ជ័យជម្នះ​ក្នុងការ​ប្រកួត​ក្រោយៗ​។ 
 
​កីឡាករ ចាន់ រតនា បានបង្ហាញ​ពី​អារម្មណ៍​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត និង​មាន​កម្លាំងចិត្ត​ដើម្បី​ខិតខំ​ប្រឹងប្រែង​បន្តទៀត​។ ខ្ញុំ​តាំងចិត្ត​ធ្វើ​ឲ្យ​បានល្អ​លើស​មុន ព្រោះ​មិន​ចង់​ឲ្យ​បងប្អូន​ខកបំណង​។ ខ្ញុំ​សូម​អរគុណ​ច្រើន​ដល់​បងប្អូន​ទាំងអស់​ដែល​បាន​ឧបត្ថម្ភ​គាំទ្រ និង​លើកទឹកចិត្ត​។ ខ្ញុំ​ពិតជា​ត្រេកអរ​ដែល​នៅតែ​គាំទ្រ​ខ្ញុំ ទោះជា​ខ្ញុំ​ចាញ់​ក៏ដោយ​»​។ 
 
​នា​ការប្រកួត​គុន​ចម្រុះ​ក្នុង​ព្រឹត្តិការណ៍ ONE: Collision Course នៅ​កីឡដ្ឋាន Singapore Stadium នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ កីឡាករ ចាន់ រតនា ត្រូវបាន​អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត​ត្រឹម​ទឹក​ទី​៣ ក្រោយ​កីឡាករ​ចិន Xie Wei ជិះ​ពីលើ ហើយ​វាយ​ឲ្យ​បាត់បង់​ការគ្រប់គ្រង​។ 
 
​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​រូបគេ​បាន​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​ចិន បន្ទាប់ពី​រូបគេ​បាន​ប្រកួត​កីឡាករ Ma Haobin ដោយ​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍ ONE: Heroes of the World នៅ​កោះ​ម៉ា​កាវ​ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៦ និង​ចាញ់​កីឡាករ Xei Bin ក្នុង​ទឹក​ទី​២​នា​ព្រឹត្តិការណ៍ ONE: Kings of Destiny នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ឆ្នាំ​២០១៧៕ 
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ចាន់ រតនា​
  MMA
  ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com