អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​លោក ត្រាំ លើកទោស​ឲ្យ​ដន្លង​ខ្លួនឯង​ម្នាក់ រួមជាមួយ​មនុស្ស​២៥​នាក់​ទៀត​
24, Dec 2020 , 10:59 pm        
រូបភាព
លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក ។ រូបពី AFP
លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក ។ រូបពី AFP
ដោយ:
​លោក ដូ​ណា​ល់ ត្រាំ បាន​លើកលែងទោស​មនុស្ស​២៦​នាក់​ថែម​ទៀតហើយ ខណៈ​អាណត្តិ​ប្រធានាធិបតី​លោក​សល់​មិន​ដល់​១​ខែ​ផង​នោះ​។ អ្នក​ទាំងនោះ ក៏មាន​មនុស្ស​ជំនិត​លោក​ផ្ទាល់ អតីត​ប្រធាន​ក្រុម​ឃោសនាបោះឆ្នោត​របស់លោក​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦ អតីត​ទីប្រឹក្សា និង​ដន្លង​ម្នាក់​ផង​។

 
 
​កាន់តែ​ជិត​ដល់​អាណត្តិ លោក ដូ​ណា​ល់ ត្រាំ ចេញ​ក្រឹត្យ​លើកលែងទោស​មនុស្ស​ជិតស្និទ្ធ​កាន់តែច្រើន​។ មនុស្ស​២៦​នាក់ ទទួលបាន​ការលើកលែង​ទោស និង​សម្រាលទោស​ពី​សំណាក់​លោក ត្រាំ ។​
 
​ក្នុងចំណោម​នេះ មាន​លោក Paul Manafort ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​៧​ឆ្នាំ​ក្នុង​ឆ្នាំ​២០១៨ ក្នុង​សំណុំរឿង​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ​២០១៦​។ លោក Manafort អាយុ ៧០​ឆ្នាំ ស្ថិត​ក្នុងចំណោម​ក្រុមមនុស្ស​ជំនិត​លោក​ត្រាំ​ដំបូង ដែល​ត្រូវ​កាត់ទោស​។ លោក​បាន​ធ្វើជា​ប្រធាន​ក្រុម​ឃោសនា​លោក​ត្រាំ​អស់​ពេល​៥​ខែ​ក្នុង​ឆ្នាំ​២០១៦​។ ក្នុង​ឆ្នាំ​២០១៨ លោក ត្រាំ បាន​ហៅ​លោក Manafort ជា​បុរស​ក្លាហាន ដែល​ហ៊ាន​មិន​សហការ​ជាមួយ​អាជ្ញាធរ​សហព័ន្ធ​អាមេរិក​។ 
 
​មនុស្ស​ម្នាក់ទៀត គឺ​លោក Roger Stone ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​ជាង​៣​ឆ្នាំ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយសារ​និយាយ​ពាក្យ​កុហក​នៅមុខ​សភា​ពាក់ព័ន្ធ​សំណុំរឿង​រុស្ស៊ី​។ លោក ត្រាំ ក្នុង​ខែកក្កដា បាន​សម្រាលទោស​លោក Stone ម្ដង​រួចហើយ​។  ទាំង​លោក Stone និង​លោក Manafort បាន​អរគុណ​លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​ជួយ​លុបលាង​ទោស​ពួកគេ​។ 
 
​ដោយឡែក លោក Charles Kushner ដែលជា​ដន្លង​លោក ត្រាំ និង​ជា​ឪពុក​លោក Jared Kushner ស្វាមី​លោកស្រី Ivanka Trump ក៏​ទទួល​ល​ការលើកលែងទោស​។ លោក​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​២​ឆ្នាំ ក្នុង​ឆ្នាំ​២០០៤ ពាក់ព័ន្ធ​នឹង​រឿងក្តី​គេចពន្ធ​១៨​ករណី គំរាមកំហែង​សាក្សី និង​បរិច្ចាគ​លុយ​ដោយ​ខុសច្បាប់​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​។ លោក ត្រូវបាន​ដោះលែង​ពី​គុក​កាលពី​ឆ្នាំ​២០០៦​។ ការលើកលែងទោស​នេះ នឹង​ស្ដារនីតិសម្បទា​របស់លោក​ទាំងអស់​។ 
 
​អ្នក​ទាំង​៣ ស្ថិតក្នុង​ចំណោម​មនុស្ស​២៦​នាក់​ដែល​ទទួល​ប្រយោជន៍​ពី​ការលើកលែងទោស​ចុងក្រោយ​របស់លោក ត្រាំ នៅ​ថ្ងៃទី ២៣ ខែធ្នូ មុនពេល​លោក​ដើរ​ចេញពី​សេត​វិមាន​នា​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២១​។ ហើយ​លោក​ក៏បាន​សម្រាលទោស​មនុស្ស​៣​នាក់​ទៀតផង​ដែរ​។ 
 
​ការលើកលែងទោស​អ្នក​ទាំង​៣​នាក់​នេះ ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី ២២ ខែធ្នូ បាន​លើកលែងទោស​មនុស្ស​១៥​នាក់ ក្នុងនោះ​មាន​សម្ព័ន្ធមិត្ត​ក្នុង​បក្ស​សាធារណរដ្ឋ មន្ត្រី​ឃោសនាបោះឆ្នោត​ម្នាក់​ដែល​ពាក់ព័ន្ធ​ការស៊ើបអង្កេត​រុស្ស៊ី និង​អតីត​សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន​ដែល​ត្រូវបាន​កាត់ទោស​ក្នុងការ​សម្លាប់​រង្គាល​កាលពី​ឆ្នាំ​២០០៧ នៅ​អ៊ីរ៉ាក់​។ លោក​ក៏បាន​សម្រាលទោស​មនុស្ស​៥​នាក់​ផងដែរ​។​
 
​ទន្ទឹមគ្នានេះ ក៏មាន​ពាក្យ​ច​ចាម​អាម​ថា លោក ត្រាំ អាច​លើកលែងទោស​សមាជិកគ្រួសា​រលោក មេធាវី​ផ្ទាល់ខ្លួន​លោក Rudy Giuliani និង​ខ្លួនឯង​ផ្ទាល់ ដើម្បី​ការពារ​ពី​ការប្រឈមមុខ​ផ្លូវច្បាប់ ក្រោយ​អស់តំណែង​។ លោក ត្រាំ ក៏​រង​សម្ពាធ​ពី​ក្រុម​សិទ្ធិ​ស៊ីវិល​ឲ្យ​លើកលែងទោស​មនុស្ស​៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​ព័ត៌មាន​សន្តិសុខ​ជាតិ ក្នុងនោះ​មាន​ស្ថាបនិក Wikileaks លោក Julian Assange ៕ 
 
 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com