COVID-19
អន្តរជាតិ
សិង្ហ​បុរី រកឃើញ​កូ​វីដ​-១៩​ទម្រង់​ថ្មី​១​ករណី ដែលជា​និស្សិត​ខ្លូន​រៀន​នៅ​អង់គ្លេស​
24, Dec 2020 , 6:00 pm        
រូបភាព
ពលរដ្ឋសិង្ហបុរី ដែលធ្វើដំណើរពីក្រុង ឡុងដ៍ប្រទេស អង់គ្លេស នៅព្រលានយន្តហោះអន្តរជាតិមួយ កាលពីថ្ងៃទី ២២ ខែធ្នូ ។ រូបពី Straits Times
ពលរដ្ឋសិង្ហបុរី ដែលធ្វើដំណើរពីក្រុង ឡុងដ៍ប្រទេស អង់គ្លេស នៅព្រលានយន្តហោះអន្តរជាតិមួយ កាលពីថ្ងៃទី ២២ ខែធ្នូ ។ រូបពី Straits Times
ដោយ:
​សិង្ហ​បុរី បាន​រកឃើញ​កូ​វីដ​-១៩​ទម្រង់​ថ្មី​មួយ​ករណី​ដំបូង ដែល​កំពុង​រាលដាល​ក្នុង​ចក្រភព​អង់គ្លេស​។ បើតាម​ក្រសួងសុខាភិបាល​សិង្ហ​បុរី នៅ​ថ្ងៃទី ២៣ ខែធ្នូ អ្នកជំងឺ គឺជា​សិស្សស្រី ដែល​បន្ត​ការសិក្សា​នៅ​អង់គ្លេស​តាំងពី​ខែសីហា​។

 
​សិស្សស្រី​អាយុ ១៧​ឆ្នាំ បាន​ត្រលប់​ទៅកាន់​ប្រទេស​សិង្ហ​បុរី នៅ​ថ្ងៃទី ៦ ខែធ្នូ ហើយ​បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កន្លែង​ដែល​រដ្ឋ​រៀបចំ​។ បើតាម​ក្រសួងសុខាភិបាល​សិង្ហ​បុរី អ្នកដំណើរ​រូបនេះ មាន​អាកា​រៈ​ក្តៅខ្លួន នៅ​ថ្ងៃទី ៧ ខែធ្នូ ហើយ​បាន​រកឃើញថា​ឆ្លង​កូ​វីដ​-១៩ មួយថ្ងៃ​បន្ទាប់​។ នាង​ក៏ត្រូវ​រាប់បញ្ចូល​ក្នុងករណី​នាំចូល ដែល​បាន​រាយការណ៍​នៅ​ថ្ងៃ​ដដែល​នោះ​ផងដែរ​។  
 
«​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​នាង ត្រូវបាន​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃ​បញ្ចប់​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ពួកគេ​»​។ ក្រសួងសុខាភិបាល​សិង្ហ​បុរី បញ្ជាក់​បែបនេះ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទូរទស្សន៍ CNA ។  
 
​ក្រសួង​សិង្ហ​បុរី លើកឡើង​ទៀតថា បច្ចុប្បន្ន ពុំទាន់​មាន​ភស្តុតាង​ណា​បញ្ជាក់ថា ទម្រង់​ថ្មី​ដែល​កើតចេញពី​ការ​បំប្លែង​ខ្លួន​របស់​ជំងឺ​កូ​វីដ​-១៩ ដែល​ហៅថា​B117  កំពុង​ឆ្លង​រាលដាល​ក្នុង​សហគមន៍​សិង្ហ​បុរី​ឡើយ​។ 
 
​ការរកឃើញ​កូ​វីដ​-១៩​ទម្រង់​ថ្មី​មួយ​ករណីនេះ គឺ​ក្រោយពី​មន្ទីរពិសោធន៍​សុខភាព​សាធារណៈ​ជាតិ​របស់​សិង្ហ​បុរី បាន​ពិនិត្យមើល​បែប​វិទ្យាសាស្ត្រ​ទៅលើ​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​បានធ្វើ​ដំណើរ​ពី​អឺរ៉ុប​កាលពី​ថ្មីៗ​នេះ​។ ករណី​នាំចូល​ពី​អឺរ៉ុប​សរុប​៣១​ករណី ដែល​មកដល់​សិង្ហ​បុរី​ចន្លោះ​ថ្ងៃទី ១៧ ខែវិច្ឆិកា និង​ថ្ងៃទី ១៧ ខែធ្នូ ត្រូវបាន​រកឃើញថា ឆ្លង​កូ​វីដ​-១៩ ក្នុង​ខែធ្នូ​។ ករណី​និស្សិត​ស្រី ក៏​ស្ថិតក្នុង​បញ្ជី​នេះ​ផងដែរ​។ ក្នុងចំណោម​អ្នកជំងឺ​៣០​សេសសល់ ១២​នាក់​អត់​ឆ្លង​កូ​វីដ​-១៩​ទម្រង់​ថ្មី​ឡើយ​។ 
 
​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ឆ្លង​រាលដាល​កូ​វីដ​-១៩​ទម្រង់​ថ្មី​នេះ រដ្ឋាភិបាល​សិង្ហ​បុរី បាន​បិទ​ព្រំដែន​ជាមួយ​អង់គ្លេស ចាប់ពី​ថ្ងៃទី​២៤ ខែធ្នូ​តទៅ​។ ការសម្រេចចិត្ត​នេះ ធ្វើឡើង​ក្រោយ​មាន​របាយការណ៍​ថា អ្នកវិទ្យាសាស្ត្រ​អង់គ្លេស បាន​រកឃើញ​វត្តមាន​ទម្រង់​ថ្មី​របស់​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខ្លួន​អ្នកជំងឺ​ម្នាក់ កាលពី​ខែកញ្ញា កន្លងទៅ ហើយ​នាយករដ្ឋមន្ត្រី អង់គ្លេស បូរី​ស ច​ន​សុន បង្ហាញថា ទម្រង់​ថ្មី​នៃ​កូ​វីដ​-១៩ មាន​ល្បឿន​ឆ្លង​លឿន​ជាង​ទម្រង់​ចាស់​រហូតដល់​៧០​ភាគរយ​។​
 
​យ៉ាងណាមិញ អង្គការ​សុខភាព​ពិភពលោក (WHO) អះអាងថា ទម្រង់​ថ្មី​របស់​ជំងឺ​កូ​វីដ​-១៩ ដែល​កើតមាន​នៅក្នុង​ចក្រភព​អង់គ្លេស ជា​ផ្នែក​ធម្មតា​នៃ​ការវិវត្ត​របស់​ជំងឺ​រាតត្បាត​សកល​មួយ​។ ទន្ទឹមនេះ WHO ថា មិនទាន់មាន​ភស្តុតាង​ណា​បញ្ជាក់​ទម្រង់​ថ្មី​របស់​កូ​វីដ​-១៩​នេះ​ធ្វើ​ឲ្យ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ ឬ​ធន់​នឹង​វ៉ាក់សាំង​ដែលមាន​នៅពេល​បច្ចុប្បន្ន​ឡើយ​៕ 
 
 

Tag:
 សិង្ហ​បុរី
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com