COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រារព្ធ​គ្រី​ស្ទ​ម៉ាស ដោយ​ការ​ប្រយ័ត្ន​ខ្ពស់​ក្នុង​វិបត្តិ​កូ​វីដ​-១៩
25, Dec 2020 , 10:55 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រារព្ធ​គ្រី​ស្ទ​ម៉ាស ដោយ​ការ​ប្រយ័ត្ន​ខ្ពស់​ក្នុង​វិបត្តិ​កូ​វីដ​-១៩​។​ថ្ងៃទី​២៥ ខែធ្នូ នេះ ជា​ថ្ងៃបុណ្យ​គ្រី​ស្ទ​ម៉ាស​(Christmas) ដែលជា​បុណ្យ​ដ៏​សំខាន់​របស់​គ្រី​ស្ទ​បរិស័ទ (Christian)​។​



​សម្ដេច ហ៊ុន សែន មិនបាន​ហាម​អ្នក​កាន់សាសនា​គ្រិ​ស្ទ និង​ពលរដ្ឋ​ខ្មែរ ប្រារព្ធបុណ្យ​គ្រី​ស្ទ​ម៉ាស នោះទេ​។ ប៉ុន្តែ​សម្ដេច អនុញ្ញាត​ឲ្យ​ប្រារព្ធ​ពិធីបុណ្យ​នេះ ដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំងឺ​ឆ្លង​កូ​វីដ​-១៩​។​ប្រមុខ​រដ្ឋាភិបាល បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៥ ធ្នូ យ៉ាង​ដូច្នេះ​ថា​៖«​ដោយសារ​ប្រទេស​យើង​កំពុងតែ​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ ដូច្នេះហើយ​បងប្អូន​គ្រី​ស្ទ​បរិស័ទ​យើង​មិនបាន​ប្រារព្ធ​ពិធី​នេះ​ឲ្យ​បាន​អធិក​អ​ធ័​ម​នោះទេ ប៉ុន្តែ​គឺ​ធ្វើជា​លក្ខណៈ​គ្រួសារ​នៅតាម​គេហដ្ឋាន​រៀងៗ​ខ្លួន​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​»​។​
 
​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​យកចិត្តទុកដាក់​ការពារ​កុំ​ឲ្យ​ឆ្លង​កូ​វីដ​-១៩ ដោយ​ពាក់​ម៉ាស និង​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ទឹក​អាល់កុល រក្សា​គម្លាត​សុវត្ថិភាព ។ ចំណែក​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​
 
​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​២៥​ខែធ្នូ ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​ដែលជា​អ្នក​ប្រកាន់យក​សាសនា​គ្រឹ​ស្ត​តែងតែ​ប្រារព្ធ​ពិធីបុណ្យ Christmas ដែលមាន​លម្អ​ផ្ទះ​ដោយ​ដើមឈើ Christmas​និង​ផ្តល់​អំណោយ​ដល់​គ្នា​ទៅវិញទៅមក​។​ ការអនុវត្ត​នេះ បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី​២៥​ធ្នូ​ ក្នង​ឆ្នាំ​៣៣៦​នៃ​គ្រឹ​ស្ត​សករាជ​មកម្ល៉េះ​។​ យ៉ាងណាមិញ​ថ្ងៃបុណ្យ Christmas បច្ចុប្បន្ននេះ​ត្រូវបាន​យុវវ័យ​ភាគច្រើន​នាំគ្នា​ប្រារព្ធ​ ទោះបី​ពួកគេ​មិនមែនជា​អ្នក​ប្រកាន់យក​សាសនា​គ្រឹ​ស្ត​ក៏ដោយ​។​
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥ ធ្នូ​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ទូទាំង​ពិភពលោក ជាង​៧៩​លាន​នាក់​ហើយ ក្នុងនោះ​ជាសះស្បើយ​ជាង​៥៦​លាន​នាក់ និង​ស្លាប់​១,៧​លាន​នាក់​។ ចំណែក​នៅ​កម្ពុជា​វិញ មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ៣៦៣​នាក់ ក្នុងនោះ​មាន​៣៥៤​នាក់​បាន​សះស្បើយ និង​៩​នាក់​ទៀត​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​៕ 
 

Tag:
 ពលករ​ខ្មែរ​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com