អន្តរជាតិ
លោក អាបេ សុំទោសចំពោះរឿងអាស្រូវលេខាលោកចាយលុយរៀបចំពិធីជួបជុំអ្នកគាំទ្រ អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សួ អាបេ ។ រូបពី AFP
× អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ិនហ្សូ បានចេញមុខសុំទោសជាសាធារណៈក្នុងសំណុំរឿងលេខាលោកចាយលុយរៀបចំពិធីជួបជុំអ្នកគាំទ្រ។ កាលពីខែមុន លោកបដិសេធនៅចំពោះមុខសភាថា ការិយាល័យនយោបាយលោកមិនបានបំពានច្បាប់មូលនិធិនយោបាយដ៏តឹងរ៉ឹង។ ប៉ុន្តែនៅថ្ងៃទី២៤ ខែធ្នូ លោកទទួលបានស្គាល់ករណីនេះ តែអះអាងថា លោកអត់បានដឹងរឿងឡើយ ហើយលោក នឹងកែប្រែចម្លើយលោកវិញនៅមុខសភា។
នៅពេលសាកសួរពីសំណាក់តំណាងរាស្ត្របក្សប្រឆាំងក្នុងសភាកាលពីឆ្នាំមុន លោក អាបេ ស៊ិនហ្សូ បានឆ្លើយបដិសេធម្ដងហើយម្ដងទៀតលើការចោទប្រកាន់ថា ការិយាល័យនយោបាយរបស់លោក បានជួយរ៉ាប់រងការចំណាយសម្រាប់កម្មវិធីជួបជុំអ្នកគាំទ្រ។ ក៏ប៉ុន្តែ អំឡុងសន្និសីទព័ត៌មាននៅថ្ងៃទី ២៤ ខែធ្នូ អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ គូសបញ្ជាក់ថា លោកអត់ដឹងឮពាក់ព័ន្ធការចាត់ចែងមូលនិធិរបស់ការិយាល័យលោកឡើយ តែលោកមានការទទួលខុសត្រូវខ្ពស់ចំពោះស្ថានការណ៍នេះ។
«ខ្ញុំមិនអាចជួយអ្វីបាន ក្រៅពីពន្យល់ការពិត និងកែប្រែចម្លើយខ្ញុំនៅមុខសភា»។ លោក អាបេ បញ្ជាក់បែបនេះ ខណៈលោកក៏នឹងទៅបំភ្លឺនៅមុខសភាជប៉ុន នៅថ្ងៃទី ២៥ ខែធ្នូ។ លោក បន្តថា ទោះបីជាការចាត់ចែងលុយកាក់ បានធ្វើឡើងដោយគ្មានការដឹងឮរបស់លោក តែលោកមានអារម្មណ៍ថាខុស ហើយលោកសុំទោសដល់ពលរដ្ឋជប៉ុន។
ជប៉ុន មានច្បាប់មូលនិធិនយោបាយតឹងរ៉ឹង ដែលហាមឃាត់អ្នកនយោបាយពីការផ្ដល់លុយ ឬអំណោយដល់អ្នកគាំទ្រ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo រាជអាជ្ញាក្រុង តូក្យូ នៅថ្ងៃទី ២៤ ខែធ្នូ បានចេញដីកាចោទប្រកាន់ប្រឆាំងលេខារបស់លោក អាបេ ឈ្មោះ Hiroyuki Haikawa តែមិនបានចោទប្រកាន់ជាផ្លូវការប្រឆាំងលោក អាបេ ឡើយ។
ក្រុមរាជអាជ្ញាជប៉ុន បានកសាងសំណុំរឿងប្រឆាំងលោក Haikawa អាយុ ៦១ឆ្នាំ ដែលអត់កត់ត្រាចំណូលនិងចំណាយនានាពាក់ព័ន្ធនឹងកម្មវិធីជួបជុំអ្នកគាំទ្រ។ បើតាមទូរទស្សន៍ NHK ក្រុមរាជអាជ្ញាជប៉ុន អះអាងថា ចំណូលនិងចំណាយសរុបនេះ ដែលពុំបានប្រកាសក្នុងរបាយការណ៍មូលនិធិនយោបាយ ប្រហែលមានចំនួនលើស៣៨,៧ម៉ឺនដុល្លារ។
លេខារបស់លោកអាបេ ជាប្រធានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្ររបស់លោកអតីតនាយករដ្ឋមន្ត្រីចន្លោះឆ្នាំ២០១៣ និង២០១៩។ ការចំណាយលើព្រឹត្តិការណ៍ដែលបានរៀបចំឡើងនៅសណ្ឋាគារប្រណីត២ក្នុងទីក្រុង តូក្យូ ត្រូវបានប៉ាន់ស្មានថាអស់សរុបជាង២២ម៉ឺនដុល្លារ។ លុយចំណាយនេះ គឺច្រើនជាងលុយដែលប្រមូលបានពីអ្នកចូលរួម។
រឿងអាស្រូវនេះ អាចជះឥទ្ធិពលអវិជ្ជមានដល់អ្នកស្នងតំណែងបន្តពីលោកអាបេ គឺនាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ។ នោះគឺព្រោះតែ លោក ស៊ូហ្កា ធ្លាប់ធ្វើជាដៃស្ដាំលោក អាបេ អស់ពេល៨ឆ្នាំ ហើយក៏ធ្លាប់ទាំងចេញមុខការពារលោក អាបេ ក្នុងរឿងអាស្រូវនេះអំឡុងសន្និសីទព័ត៌មាន និងក្នុងសភាផងដែរ៕
Tag:
ជប៉ុន
ស៊ិនហ្សូ អាបេ
© រក្សាសិទ្ធិដោយ thmeythmey.com