កីឡាជាតិ
ជាតិ
រដ្ឋចំណាយថវិកាជិត៣៦ម៉ឺនដុល្លារលើម្ចាស់ជ័យលាភីកីឡាវ៉ូវីណាម ប៉េតង់ និងតុងហ្គីលម៉ូដូ
26, Dec 2020 , 8:59 am        
រូបភាព
ដោយ:
រដ្ឋាភិបាលបានចំណាយថវិកាចំនួន១,៤៣១,០០០,០០០រៀល ដើម្បីលើកទឹកចិត្តម្ចាស់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធលើប្រភេទកីឡាវ៉ូវីណាម ប៉េតង់ និងតុងហ្គីលម៉ូដូ ដែលដណ្តើមបានក្នុងការប្រកួតកម្រិតពិភពលោក និងអាស៊ានកន្លងមក។ ថវិកាទាំងនេះ ត្រូវបានលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រគល់ជូនម្ចាស់ជ័យលាភីរួចរាល់ហើយ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

  
 
ក្នុងនោះថវិកាទាំងនេះ រដ្ឋបានបែងចែកថវិកាចំនួន១,១២១លានរៀល(ជាង២៨ម៉ឹនដុល្លារ) សម្រាប់ចំណាយលើម្ចាស់ជ័យលាភីលើប្រភេទកីឡាវ៉ូវីណាម ដែលដណ្តើមបានមេដាយមាស៩ ប្រាក់១០ និងសំរឹទ្ធ៩ ពីការធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកពិភពលោកចន្លោះពីថ្ងៃទី១៦-២២ ខែធ្នូ ឆ្នាំ២០១៩។ ការប្រកួតជើងឯកពិភពលោក ដែលកម្ពុជាធ្វើម្ចាស់ជាលើកដំបូងនេះ មានកីឡាករកីឡាការិនីចំនួន២៤៧រូបមកពី២៤ប្រទេសចូលរួម ខណៈកម្ពុជាមានកីឡាករកីឡាការិនីចំនួន២៤រូប។ 
 
ចំណែកថវិកា២៥៨លានរៀល(ប្រមាណ៦៤,៥០០ដុល្លារ)ត្រូវបានរដ្ឋចំណាយលើម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាប៉េតង់ជ្រើសជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៨-២២ ខែធ្នូ ឆ្នាំ២០១៩។ កាលនោះកម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីចំនួន១៤រូបឲ្យចូលរួម ដោយដណ្តើមបានមេដាយមាស១០គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ១គ្រឿង។ 
 
ដោយឡែក ថវិកាចំនួន៥២លានរៀល(ប្រមាណ១៣,០០០ដុល្លារ)ត្រូវបានចំណាយលើម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសជើសជើងឯកពិភពលោកនៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។ កាលណោះ កម្ពុជា បានបញ្ជូនកីឡាករកីឡាការិនីចំនួន៥រូបឲ្យចូលរួម ដោយដណ្តើមបានមេដាយសំរឹទ្ធចំនួន៣៕   
 
 
 
 
 
 

Tag:
 វ៉ូវីណាម
  ប៉េតង់
  តុងហ្គីលម៉ូដូ
  សុខ សប្បាយណា
© រក្សាសិទ្ធិដោយ thmeythmey.com