អន្តរជាតិ
ការិយាល័យអតីតរដ្ឋមន្ត្រីកសិកម្មជប៉ុន ត្រូវឆែកឆេរពាក់ព័ន្ធរឿងអាស្រូវស៊ីសំណូក រាជអាជ្ញាជប៉ុន ចុះឆែកឆេរការិយាល័យអតីតរដ្ឋមន្ត្រីកសិកម្មជប៉ុន Takamori Yoshikawa ក្នុងទីក្រុង Sapporo នៅថ្ងៃទី ២៥ ខែធ្នូ ។ រូបពី Kyodo
× រាជអាជ្ញាក្រុងតូក្យូ បានចុះឆែកឆេរការិយាល័យអតីតរដ្ឋមន្ត្រីកសិកម្មជប៉ុនលោក Takamori Yoshikawa នៅថ្ងៃទី ២៥ ខែធ្នូ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកបានទទួលលុយ ៤៨,៣ម៉ឺនដុល្លារពីក្រុមហ៊ុនផលិតស៊ុតមួយក្នុងភាគខាងលិចនៃប្រទេសជប៉ុន ខណៈកំពុងកាន់តំណែង។
ក្រុមរាជអាជ្ញាជប៉ុន បានបើកប្រតិបត្តិការឆែកឆរការិយាល័យលោក Takamori Yoshikawa ក្នុងទីក្រុង តូក្យូ និងទីក្រុង Sapporo ហើយបានរឹបអូសឯកសារជាច្រើន។ លោក Yoshikawa ដែលបានលាលែងពីសមាជិកសភាកាលពីដើមសប្ដាហ៍នេះ ដោយលើកហេតុផលសុខភាព បានសារភាពថា ស៊ីសំណូក អំឡុងការសួរចម្លើយដោយស្ម័គ្រចិត្ត។ នេះបើតាមប្រភពដែលដឹងឮរឿងនេះ ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ។
លោក Yoshikawa ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលអាការៈចង្វាក់បេះដូងដើរមិនទៀង ត្រូវ សង្ស័យថា ទទួលសំណូក ៣ លើកពីអតីតតំណាងរបស់ក្រុមហ៊ុន Akita Foods Co. ក្នុងខេត្ត Hiroshima នៅពេលលោកកាន់តំណែងជារដ្ឋមន្ត្រីកសិកម្ម ចន្លោះខែតុលា ឆ្នាំ២០១៨ និងខែកញ្ញា ឆ្នាំ២០១៩។
អតីតអ្នកតំណាង ដែលឈ្មោះពុំត្រូវបានលាតត្រដាងនោះ បានសារភាពទៅកាន់មនុស្សក្បែរខ្លួនលោកថា លោកបានផ្ដល់លុយដល់លោកអតីតរដ្ឋមន្ត្រី Yoshikawa ជាថ្នូរនឹងការទទួលបានប្រយោជន៍សម្រាប់ឧស្សាហកម្មស៊ុតនៅជប៉ុន។ យ៉ាងណាមិញ លោក Yoshikawa បានបដិសេធលុយនេះ ជាសំណូក។
បទចោទប្រកាន់ប្រឆាំងអ្នកនយោបាយអាយុ៧០ឆ្នាំ ដែលជារដ្ឋមន្ត្រីក្រោមអាណត្តិនាយករដ្ឋមន្ត្រី អាបេ ស៊ិនហ្សូ ក៏អាចជះឥទ្ធិពលអាក្រក់ដល់រដ្ឋាភិបាលបច្ចុប្បន្នដឹកនាំដោយលោក ស៊ូហ្កា យូស៊ីហ៊ីដេ ដែលកំពុងធ្លាក់ប្រជាប្រិយភាពស្រាប់ដោយសារចំណាត់ការប្រឆាំងកូវីដ-១៩។ នោះគឺព្រោះតែ លោក ស៊ូហ្កា ជាអ្នកស្នងតំណែងបន្តពីលោកអាបេ និងក៏ជាដៃស្ដាំលោកអាបេអស់ពេល៨ឆ្នាំផងដែរ។
រឿងអាស្រូវនេះ បានបែកធ្លាយជាសាធារណៈក្រោយរាជអាជ្ញាជប៉ុនបានរកឃើញឯកសារមួយចំនួនអំឡុងពេលចុះឆែកឆេរក្រុមហ៊ុត Akita Foods កាលពីខែកក្កដា ដែលជាប់ពាក់ព័ន្ធនឹងរឿងក្តីទិញសន្លឹកឆ្នោតរបស់អតីតរដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន Katsuyuki Kawai និងភរិយាលោក Anri សមាជិកសភាម្នាក់របស់ជប៉ុន៕
Tag:
ជប៉ុន
Takamori Yoshikawa
© រក្សាសិទ្ធិដោយ thmeythmey.com