ជាតិ
សង្គមជាតិ
អឺរ៉ុប បារាំង និង អាល្លឺម៉ង់ ផ្ដល់​ហិរញ្ញប្បទាន​១១៦​លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍ​តាម​ជនបទ
25, Dec 2020 , 4:10 pm        
រូបភាព
ផ្លូវរងការខូចខាតនៅជនបទ (រូបពីក្រសួងអភិវឌ្ឍន៍ជនបទ)
ផ្លូវរងការខូចខាតនៅជនបទ (រូបពីក្រសួងអភិវឌ្ឍន៍ជនបទ)
​ភ្នំពេញ​៖ សហភាព​អឺរ៉ុប ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KfW) និង ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (FDA) បានរួម​គ្នា​ផ្ដល់​ហិរញ្ញប្បទាន​៩៥,៨ លាន​អឺរ៉ូ (១១៦​លាន​ដុល្លារ​) ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ជនបទ ក្នុង​ខេត្ត​៥​នៅ​កម្ពុជា​។



​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​ទាំង​៣ ចេញ​កាលពី​ថ្ងៃ​កាលពី​ថ្ងៃទី​២៣ ខែធ្នូ​នេះ បាន​បញ្ជាក់ថា គម្រោង​កម្មវិធី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​សម្រាប់​កម្ពុជា (RID4CAM) គឺមាន​គោលបំណង​ជួយ​ដល់​ការអភិវឌ្ឍន៍​ផ្លូវ​ជនបទ ហើយ​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​មូលដ្ឋាន​ក្រីក្រ​តាមរយៈ​ការបំពេញបន្ថែម​លើ​ផ្នែកអនាម័យ កសិកម្ម សុខភាព និង ប្រព័ន្ធ​អប់រំ ជាដើម​។ 
 
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ ថ្លែងថា គម្រោង​នេះ មាន​រយៈពេល​៦​ឆ្នាំ សម្រាប់​កែលម្អ​ផ្លូវ​នៅ​ជនបទ​ប្រវែង​៥៥០​គីឡូម៉ែត្រ ហើយនឹង​ត្រូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST)​។ លោក​បញ្ជាក់ថា ផ្លូវ​៥៥០​គីឡូម៉ែត្រ​នេះ ស្ថិតនៅក្នុង​ខេត្តបាត់ដំបង ព្រះវិហារ សៀមរាប កំពង់ធំ និង​ខេត្តកណ្ដាល​។ 
 
​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​រូប​នេះ បន្តថា កន្លងមក​ក្រសួង​អភិវឌ្ឍន៍ជនបទ​គ្រោង​ចំណាយ​ថវិកា​ជាង​៩១,៩​លាន​ដុល្លារ ដើម្បី​ស្ដារ​ផ្លូវ​ជាង​៦០០​ខ្សែ​និង​អណ្ដូងទឹក​ជាង​៤​ពាន់​កន្លែង ក្រោយ​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​។ លោក បន្ថែមថា ថវិកា​ចំណាយ​ជាង​៩១,៩​លាន​ដុល្លារ​នេះ គឺជា​ការប៉ាន់ស្មាន​បឋម​ដែល​ត្រូវ​ចំណាយ​ដើម្បី​ស្ដារ​ផ្លូវ​និង​អណ្ដូងទឹក​នៅ​ជនបទ ខណៈ​ក្រសួង​សេដ្ឋកិច្ច នឹង​ទម្លាក់​ប្រាក់​១៥​លាន​ដុល្លារ សម្រាប់​ស្ដារឡើងវិញ​។  
 
​នៅ​អំឡុង​ខែតុលា​និង​ខែវិច្ឆិកា​កន្លងទៅ ផ្លូវ​តាម​ជនបទ​នៅ​កម្ពុជា​បាន​រង​ផលប៉ះពាល់​ជាង​៦០០​ខ្សែ​។ ទន្ទឹមនឹងនេះ អណ្ដូងទឹក​ជាង​៤០០០ បាន​រង​ផលប៉ះពាល់​និង​តាម​ការប៉ាន់ស្មាន​គឺ​ត្រូវការ​ថវិកា​ប្រមាណ​៩០​ម៉ឺន​ដុល្លារ​ដើម្បី​ស្ដារឡើងវិញ​៕ 
 
 
 
 

Tag:
 អឺរ៉ុប​
  បារាំង​
  អាល្លឺម៉ង់​
  ហិរញ្ញប្បទាន​បរទេស​
  អភិវឌ្ឍ​ជនបទ​
© រក្សាសិទ្ធិដោយ thmeythmey.com