កីឡាជាតិ
ជាតិ
កម្ពុជា​អាច​ប្រើ​យុទ្ធសាស្ត្រ​ឲ្យ​កីឡាករ​ហ្វឹកហាត់​ដំណាក់កាល​ទី​ពីរ បើ​កូ​វីដ​-១៩ បន្ត​រាលដាល​
25, Dec 2020 , 10:29 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ NOCC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ NOCC
ដោយ:
​ការរីក​រាលដាល​នៃ​ជំ​ងឹ​កូ​វីដ​-១៩​ជាស​កល បានធ្វើ​ឲ្យ​ការប្រមូលផ្តុំ​ហ្វឹកហាត់​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ​ថ្នាល និង​ឈុត​ធំ​ត្រូវបាន​រំសាយ​ទៅ​ហ្វឹកហាត់​តាម​ផ្ទះ​រៀងៗ​ខ្លួន​ជា​បន្តបន្ទាប់​។ បញ្ហា​នេះ បាន​បង្កក្តី​កង្វល់​ដល់​ថ្នាក់ដឹកនាំ​វិស័យ​កីឡា​កម្ពុជា​ក្នុង​ការត្រៀម​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​វៀតណាម​។ កម្ពុជា​អាច​នឹង​ប្រើការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ដំណាក់កាល​ទី​ពីរ បើសិន​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​រីក​រាលដាល​។

 
​ដើម្បី​ជួយ​ស្តារ​ស្ថានការណ៍​ដល់​ការអភិវឌ្ឍ​បច្ចេកទេស និង​សមត្ថភាព​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ​ថ្នាល និង​ឈុត​ធំ​ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ កម្ពុជា អាច​នឹង​ប្រើការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ដំណាក់កាល​ទី​ពីរ ប្រសិនបើ​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​រីក​រាលដាល​។ ការប្រមូលផ្តុំ​ហ្វឹកហាត់​ដំណាក់កាល​ទី​ពីរ គឺ​សំដៅ​សល់​ការហ្វឹកហាត់​ដែល​តម្រូវ​ឲ្យ​កីឡាករ​ហ្វឹកហាត់​ជុំគ្នា​នៅតាម​សហព័ន្ធ​នីមួយៗ ដោយ​មិនចាំបាច់​រំសាយ តាមរយៈ​បិទទ្វារ​មិន​ឲ្យ​មានការ​ចេញចូល ក្រៅពី​កីឡាករ គ្រូបង្វឹក និង​អ្នកពាក់ព័ន្ធ​។ 
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​អះអាងថា លោក នឹង​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​កីឡា និង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ អគ្គលេខាធិការ​រូបនេះ​យល់ថា បើ​បន្ត​ឲ្យ​កីឡាករ​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​ជុំគ្នា​ទៅ​ហាត់​នៅតាម​ផ្ទះ វា​នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​ការអភិវឌ្ឍ​បច្ចេកទេស និង​សមត្ថភាព​កីឡាករ​។   
 
«​យើង​កំពុងតែ​ពិ​ក្សា​គ្នា​ពី​ផែនការ B មានន័យថា បើ​វា​មាន​ស្ថានភាព​(​កូ​វីដ​-១៩)​តានតឹង ព្រោះ​កីឡាករ​មិនអាច​ហ្វឹកហាត់​ក្នុង​កម្រិត​អសកម្ម ឬ​សកម្ម​តិចតួច​អ៊ីចឹង​បានទេ ក្នុងការ​ហ្វឹកហាត់​ជំនាញ​កម្រិត​ខ្ពស់​។ ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​ឯកឧត្តម​អគ្គនាយកដ្ឋាន​កីឡា និង​ប្រធាន​មជ្ឈមណ្ឌល ដើម្បី​ស្វែងរក​យន្តការ​សមស្រប​ណាមួយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។ 
 
​អគ្គលេខាធិការ​នៃ NOCC រូបនេះ បាន​លើក​ឧទាហរណ៍​ពី​ប្រទេស​មួយចំនួន ដែល​បន្ត​ឲ្យ​កីឡាករ​ហ្វឹកហាត់​ជុំគ្នា ទោះបី​ពួកគេ​ជួបប្រទះ​នូវ​វិបត្តិ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ លោក​បាន​បញ្ជាក់ថា ប្រទេស​ទាំងនោះ​បាន​ប្រើ​វិធីសាស្ត្រ​បិទទ្វារ​មិន​ឲ្យ​មានការ​ចេញចូល សម្រាប់​ការហ្វឹកហាត់​របស់​កីឡាករ​សក្តានុពល​រប​ស់​គេ​។  
 
​លោក បាន​រៀបរាប់​ដូច្នេះ​ថា​៖«​នៅ​ប្រទេស​គេ​កីឡាករ​ដែលមាន​សក្តានុពល​ខ្ពស់ គេ​ត្រូវ​ប្រមូលផ្តុំ​មក Lock Down បានន័យថា គេ​ប្រមូលផ្តុំ​មក​ដាក់​នៅ​មួយកន្លែង ហើយ​គេ​បិទ​នៅ​កន្លែង​នឹង ហូប​នៅ​នឹង ស្នាក់នៅ​នឹង ហាត់​នៅ​នឹង អត់​ឲ្យ​ចេញទៅ​ក្រៅ​។ យើង​កំពុង​ស្វែងរក​យុទ្ធសាស្ត្រ​ក្នុង​ផែនការ B របស់​យើង ដាច់ខាត​នៅ​ឆ្នាំនេះ យើង​ត្រូវតែមាន​ផែនការ​យុទ្ធសាស្ត្រ​ពីរ​(A, B) ដើម្បី​យើង​ត្រៀមលក្ខណៈ​បច្ចេកទេស​កាន់តែ​ល្អប្រសើរ​»​។​
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ បាន​បន្ថែមថា បើ​កម្ពុជា​ប្រើការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ដំណាក់កាល​ទី​ពីរ កម្ពុជា​នឺង​ជួល​គ្រូបង្វឹក​បរទេស​ដែលមាន​កម្រិត​ខ្ពស់​មក​បង្វឹក​ដល់​កីឡាករ​កម្ពុជា​។ តែ​យ៉ាងណា លោក ទទួលស្គាល់ថា ការហ្វឹកហាត់​ក្នុងស្រុក​ពុំ​ទទួលបាន​លទ្ធផល​ល្អ​១០០​ភាគរយ​នោះទេ ដោយសារ​គ្មាន​ដៃគូ​ខ្លាំងៗ ដើម្បី​សមវាស់​ស្ទង់​សមត្ថភាព​។ 
 
​ផែនការ​ហ្វឹកហាត់​ដំណាក់កាល​ទី​ពីរ​របស់​ក្រុម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល និង​ឈុត​ធំ​អាច​ដំណើរការ​ទៅបាន ប្រសិនបើ​ការហ្វឹកហាត់​ដំ​កាល​ទី​១​រង​បរាជ័យ​។ ការ​ដំណាក់កាល​ទី​១ គឺ​សំដៅ​ដល់​ការបញ្ជូន​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ដែល​បាន​ពន្យា​ពេល​ជា​បន្តបន្ទាប់​ដោយសារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​ទោះបី​យ៉ាងនេះ​ក្តី កម្ពុជា នៅតែ​រក្សា​ជំហរ​ក្នុងការ​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​។ បើតាម​លោក វ៉ា​ត់ ចំរើន កម្ពុជា​នឹង​បញ្ជូន​ក្រុម​កីឡាករ​កីឡាការិនី​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន នា​អំឡុង​ខែមិថុនា ឆ្នាំ​២០២១ ជា​ពេលវេលា​ដែល​ចិន​អះអាងថា ខ្លួន​ទំនងជា​អាច​គ្រប់គ្រង​ស្ថានការណ៍​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​គួររំលឹកថា ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​របស់​ក្រុម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល និង​ឈុត​ធំ​ចំនួន​៣​លើក​។ ការរំសាយ​ប្រមូលផ្តុំ​ហ្វឹកហាត់​ជុំគ្នា​ទៅ​ហ្វឹកហាត់​តាម​ផ្ទះ បាន​បង្ក​ជា​ក្តីកង្វល់​ដល់​ថ្នាក់​ដឹក​កីឡា​ក្នុង​ការត្រៀម​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣៕  
 
 

Tag:
 កូ​វីដ​-១៩
  វ៉ា​ត់ ចំរើន​
  NOCC
  CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com