ជាតិ
គម្រោងជង្រុកប្លាស្ទិកដំណោះស្រាយដល់ពលរដ្ឋឈប់ចោលសំរាមក្នុងបឹងទន្លេសាប
26, Dec 2020 , 6:59 pm        
រូបភាព
សៀមរាប៖ អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយក្រសួងបរិស្ថាន បានបង្កើតគម្រោងមួយឈ្មោះថា «ជង្រុកប្លាស្ទិក» នៅសហគមន៍មេជ្រៃ ដែលស្ថិតនៅភូមិពាមតាអ៊ួ ឃុំមេជ្រៃ ស្រុកពួក ខេត្តសៀមរាប។ គម្រោងនេះ បានអប់រំដល់ពលរដ្ឋឱ្យចេះញែកសំរាម និងវេចខ្ចប់ដាក់ក្នុងការ៉ុងប្លាស្ទិក ហើយជាទៀងទាត់ ក្រុមយុវជនស្ម័គ្រចិត្តមេត្រីភាពបរិស្ថាន នឹងចុះទៅផ្ទៀងផ្ទាត់ ដើម្បីដូរជាអង្ករដល់ប្រជាសហគមន៍។

 
 
សូមទស្សនាការយល់ឃើញរបស់ពលរដ្ឋ ជុំវិញគម្រោងជង្រុកប្លាស្ទិកនេះ
 
 
ពលរដ្ឋនៅសហគមន៍មេជ្រៃ កញ្ញា ឈាង ហុកលី បានបង្ហាញការគាំទ្រចំពោះគម្រោងជង្រុកប្លាស្ទិក។ ក្រោយអនុវត្តន៍បានមួយរយៈ ហុកលី យល់ថា បរិស្ថានក្នុងសហគមន៍ខ្លួនមានការផ្លាស់ប្ដូរច្រើន ពលរដ្ឋចេះទុកសំរាមបានត្រឹមត្រូវ ដែលពីមុនមានទម្លាប់ចោលតែក្នុងទឹក។ ជាមួយនឹងការឧបត្ថម្ភ លើកទឹកចិត្ត សំរាមដូរជាអង្ករ ដែលផ្តល់ដោយអង្គការមូលនិធិទំពាំងស្នងឫស្សី អ្នកភូមិរូបនេះ ដូរបាន៣ទៅ៤ដងរួចហើយ ដែលប្លាស្ទិក២ទៅ៣ការ៉ុង ដូរបានអង្ករ១០គីឡូក្រាម។ យ៉ាងណា ហុកលី យល់ថា អង្ករសំខាន់ហើយ តែការឈប់ចោលសំរាមក្នុងទឹក គឺកាន់តែសំខាន់ព្រោះបានសម្អាតភូមិឋានឱ្យបានស្អាត។
 
រីឯយុវជន ពាង សែន ក៏បង្ហាញការគាំទ្រ និងចូលរួមក្នុងគម្រោងខាងលើនេះដែរ។ ពាង សែន យល់ថា ការបញ្ឈប់ការចោលសំរាមប្លាស្ទិកក្នុងទឹក ជួយកាត់បន្ថយការធ្វើឱ្យទឹករាក់ បង្កើនទិន្នផលត្រីកាន់តែច្រើនក្នុងបឹងទន្លេសាប និងលែងបំពុលជីវៈចម្រុះក្នុងទឹក។
 
ប្រធានអង្គការទំពាំងស្នងឫស្សី លោក ស៊ា សុផល បានលើកពីដើមទងដែលធ្វើឱ្យលោកចាប់ផ្តើមកៀរគរប្រជាពលរដ្ឋក្នុងសហគមន៍មេជ្រៃចូលរួមសម្អាតបរិស្ថាន។ លោកយល់ថា ប្រសិនបើបរិស្ថានក្នុងសហគមន៍នេះគ្មានប្លាស្ទិក នឹងអាចទាក់ទាញទេសចរចូលមកកម្សាន្តសហគមន៍នេះកាន់តែច្រើន ដែលធ្វើឱ្យសហគមន៍មានចំណូលបន្ថែមក្រៅពីការពឹងអាស្រ័យលើផលនេសាទ។ ជាងនេះទៅទៀត ការកើនឡើងនៃសំរាមប្លាស្ទិកក្នុងទឹក នឹងបំពុលប្រព័ន្ធជីវៈចម្រុះ ក៏ដូចជាបំពុលបរិស្ថាន រួមនិងជីវិតសត្វ មនុស្សផង។


 
លោក នេត្រ ភក្រ្ដា អ្នននាំពាក្យក្រសួងបរិស្ថាន ដែលចូលរួមដាក់ឱ្យដំណើរការនៃកិច្ចសហការគម្រោងជង្រុកប្លាស្ទិក នៅថ្ងៃទី២០ ខែធ្នូ លើកឡើងថា គោលបំណងសំខាន់សម្រាប់ការអនុវត្តគម្រោងនេះ គឺដើម្បីកាត់បន្ថយការប្រើប្រាស់ និងកាត់បន្ថយការបំពុលដោយសំរាមប្លាស្ទិកក្នុងបឹងទន្លេសាប ក៏ដូចជាការបំពុលប្រព័ន្ធជីវៈចម្រុះផងដែរ៕




 
 
 
 

Tag:
 ជម្រុកប្លាស្ទិក
  បឹងទន្លេសាប
  សហគមន៍មេជ្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com