កីឡាជាតិ
ជាតិ
កីឡាករ រិ​ន ដេវីត ឡើងទៅ​ជួប ឡាំង​កូស៊ីន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដូច​បំណង​របស់​គ្រូបង្វឹក​
29, Dec 2020 , 7:59 am        
រូបភាព
កីឡាករ រិន ដេវីត បោះជង្គង់ស្តាំទៅលើក្បាលពោះរបស់កីឡាករ ខេម ចាន់ នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
កីឡាករ រិន ដេវីត បោះជង្គង់ស្តាំទៅលើក្បាលពោះរបស់កីឡាករ ខេម ចាន់ នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ដោយ:
​ដូច​ការចង់បាន​រប​ស់លោក សាន់ សៅ​យ៉ាន់ កីឡាករ ភួ​ន ឡាំង​កូស៊ីន ត្រូវ​ប៉ះ​ជា​កីឡាករ រិ​ន ដេវីត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​អធិរាជ​គុន​ខ្មែរ ISI PALM ISI PIPE នៅ​សង្វៀន​ភី​អិន​អិន​។ កីឡាករ រិ​ន ដេវីត ត្រូវបាន​ចៅក្រម​កាត់សេចក្តី​ឲ្យ​ឈ្នះ​កីឡាករ ខេ​ម ចាន់ ជា​ឯកច្ឆន្ទ​នៅក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។   

 
​ទីបំផុត​ក្តី​បំណង​របស់លោក សាន់ សៅ​យ៉ាន់ ដែល​ចង់​ឲ្យ​កូនសិស្ស​ខ្លួន​កីឡាករ ភួ​ន ឡាំង​កូស៊ីន ជួប​ជាមួយ​កីឡាករ រិ​ន ដេវីត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បានសម្រេច​ហើយ​។ បន្ទាប់ពី​យុវជន​ថ្នាល​ជម្រើសជាតិ​គុន​ខ្មែរ រិ​ន ដេវីដ បាន​ទម្លាក់​កីឡាករ ខេ​ម ចាន់ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ ទី​២៧ ខែធ្នូ ឆ្នាំ​២០២០​។​
 
​នៅក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង​កីឡាករ រិ​ន ដេវីត ជាមួយ​កីឡាករ ខេ​ម ចាន់ យើង​សង្កេតឃើញ​កីឡាករ​ទាំង​ពីរបាន​ប្តូរ​កណ្តាប់ដៃ ជើង និង​ជង្គង់​ទៅវិញទៅមក ដែល​ធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​ជក់ចិត្ត​។ ប៉ុន្តែ​នៅក្នុង​ការប្តូរ​នោះ ដេវីត ហាក់​ប្រើ​កណ្តាប់ដៃ​ចំ​គោលដៅ​ល្អ​ច្រើនជាង​កីឡាករ ខេ​ម ចាន់ ដែល​ព្យាយាម​ប្រើ​ជើង និង​បោះ​ជង្គង់​។​
 
​បើ​មើល​ការប្រកួត​តាំងពី​ទឹក​ទី​១​ដល់​ទឹក​ទី​៥ យើង​សង្កេតឃើញថា កីឡាករ​ទាំងពីរ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​។ ប៉ុន្តែ​ក្រោយ​ឆ្លងកាត់​ការប្រកួត​៥​ទឹក​ពេញ​ចៅក្រម​កាត់ក្តី​ឲ្យ​កីឡាករ រិ​ន ដេវីត ឈ្នះ​កីឡាករ ខេ​ម ចាន់ ដោយ​ពិន្ទុ​ឯកច្ឆន្ទ​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ ដេវីត ឡើងទៅ​ជួប​កីឡាករ ភួ​ន ឡាំង​កូស៊ីន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ខ្សែក្រវាត់​អធិរាជ​គុន​ខ្មែរ ISI PALM ISI PIPE នៅ​សង្វៀន​ភី​អិន​អិន ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​។  
 
​សម្រាប់​ការជួបគ្នា​រវាង​កីឡាករ​ទាំងពីរ​ត្រូវបាន​លោក សាន់ សៅ​យ៉ាន់ វាយតម្លៃថា វា​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​ទាក់ទាញ និង​ជក់ចិត្ត​បំផុត ដ្បិត​ពួកគេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា ទាំង​ការប្រើ​ដៃ និង​ជើង​។ ប៉ុន្តែ​កីឡាករ រិ​ន ដេវីត ហាក់រ​ហ័យ​ជាង​កីឡាករ ភួ​ន ឡាំង​កូស៊ីន​។ 
 
​កីឡាករ​ទាំងពីរ​ធ្លាប់​ជួបគ្នា​ម្តង​រួចមកហើយ​នៅក្នុង​ការប្រកួត​ជម្រុះ​តាម​ពូ​ល ដោយ​កាលនោះ​កីឡាករ រិ​ន ដេវីត បាន​យកឈ្នះ ឡាំង​កូស៊ីន ដោយ​ពិន្ទុ​។ ប៉ុន្តែ​លោក សាន់ សៅ​យ៉ាន់ អះអាងថា កាល​ចាញ់​លើក​នោះ គឺ កូស៊ីន ចាញ់​តិចតួច​ប៉ុណ្ណោះ​។ ហើយ​ការ​ចាញ់​ទៀតសោត ដោយសារ​កូនសិស្ស​ខ្លួន ហ្វឹកហាត់​ត្រៀម​មិនបាន​ល្អ​។​
 
​ដោយឡែក​កីឡាករ ភួ​ន ឡាំង​កូស៊ីន ធ្លាប់​អះអាង​កន្លងមក​ថា រូបគេ​ជួប​កីឡាករ​រូប​ណា​ក៏បាន​ក្នុងចំណោម​កីឡាករ​ទាំងពីរ ដ្បិត​ខ្លួន​បាន​ហ្វឹកហាត់​ត្រៀម​បាន​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ជាមួយគ្នានេះ រូបគេ ប្តេជ្ញា​ថា ខ្លួន​នឹង​ខិតខំ​ហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​ត្រៀម​ទទួល​គូប្រកួត​របស់ខ្លួន​។ 
 
​គួរ​រំ​ឮ​កថា កីឡាករ ភួ​ន ឡាំង​កូស៊ីន បាន​ទម្លាក់​កីឡាករ ពេជ្រ ប៊ុន​សិទ្ធ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយ​ចៅក្រម​កាត់ក្តី​ឲ្យ​រូបគេ​ឈ្នះ​គូប្រកួត​ដោយ​ពិន្ទុ​ឯកច្ឆន្ទ ក្រោយ​ឆ្លងកាត់​ការប្រកួត​៥​ទឹក​៕   
 
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  រិ​ន ដេវីត​
  ភួ​ន ឡាំង​កូស៊ីន​
  ខេ​ម ចាន់
© រក្សាសិទ្ធិដោយ thmeythmey.com