ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា នឹង​ផលិត​ប្រេង​បានជា​លើកដំបូង នៅ​ថ្ងៃទី​២៩ ធ្នូ​នេះ ក្រោយ​ចំណាយពេល​ជិត​២០​ឆ្នាំ​
29, Dec 2020 , 7:54 am        
រូបភាព
​ភ្នំពេញ​៖ ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​នឹង​ចាប់ផ្តើម​ផលិត​ចេញ នៅ​ថ្ងៃទី​២៩ ធ្នូ​នេះ ក្រោយ​ចំណាយ​ពេលវេលា​រុករក និង​បច្ចេកទេស​ផលិត​អស់​១៨​ឆ្នាំ​មកនេះ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​បែបនេះ នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​។​


 
​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ដំណក់​ប្រេង​លើកដំបូង​នេះ នឹង​ផលិត​ចេញពី​អណ្តូងប្រេង​ទី​១ ឈ្មោះ A-0ID នៃ​ផ្លាត​ហ្វ​ម A នៅក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា​។ «​ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល និង​ការចូលរួម​យ៉ាងសកម្ម​ពី​ក្រុមហ៊ុន Kris Energy ដែលជា​ប្រតិបត្តិ​ករ​នៃ​គម្រោង​នេះ​។ មកដល់ពេលនេះ​យើង​បានសម្រេច​បាន​នូវ​ការបញ្ចប់​ដោយ​ជោគជ័យ​ជា​ស្ថាពរ​នូវ​ការសាងសង់ ការបំពាក់​គ្រឿង​សម្ភារៈ​និង​បរិក្ខា​នៃ​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​សម្រាប់​ដំណើរ​ការផលិត​កម្មធ​ន​ធាន​រ៉ែ​ប្រេង​របស់​យើង​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។​


បើតាម​សម្ដេច ហ៊ុន សែន អណ្តូងប្រេង​ទីមួយ​បានបញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី ២៣ ធ្នូ ២០២០ និង​ចាប់ផ្តើម​ផលិត​ចេញ​ប្រេង​ដំបូង​នៅ​ថ្ងៃទី​២៩​ខែ ធ្នូ ២០២០​នេះ ។ ក្រៅពីនេះ ក៏មាន​អណ្តូងប្រេង​ចំនួន​ពីរ​ទៀត​ក៏បាន​ខួង​ជម្រៅ​ដល់​ស្រទាប់​ជម្រក​រ៉ែ​ប្រេង​រួចហើយ​ដែរ​។​
 
​ប្រមុខ​រដ្ឋាភិបាល អះអាង​ដូច្នេះ​ថា​៖«​ការចាប់ផ្តើម​ផលិតកម្ម​ប្រេង​នេះ គឺជា​ពរជ័យ​សម្រាប់​ក​ម្ពុ​ជា ។ នេះ​ជាការ​ចាប់ផ្ដើម​មួយ​ជំហាន​ដំបូង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ឆ្ពោះទៅ​បង្កើតបាន​នូវ​សមត្ថភាព​ជាតិ​និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល​នៅ​កម្ពុជា​»​។​
 

​ចំពោះ​ការផលិត​បាន​ប្រេងកាត​នេះ វា​នឹង​ជួយ​ដល់​ចំណូល​ជាតិ ជាពិសេស​សេដ្ឋកិច្ចកម្ពុជា​មួយ​ជំហាន​ទៀតផង​។ សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា កម្ពុជា នឹង​បង្កើតបាន​នូវ​ពិពិធ​កម្ម​ខឿន​ឧស្សាហកម្ម​ក្នុង​វិស័យ​ប្រេងកាត និង​ការកសាង​សមត្ថភាព​ជាតិ​នៅក្នុង​វិស័យនេះ​។ « កូ​វីដ​-១៩ បាន​រំខាន​ដល់​យើង តែ​ក៏​មិនអាច​បំផ្លាញចោល​នូវ​ការខិតខំ​របស់​យើង​ដើម្បី​ផលិត​ប្រេង​នោះបាន​ដែរ​។ ចូលឆ្នាំ​សកល​ថ្មី​២០២១​ខាងមុខ ទោះ​យើង​មិនបាន​សប្បាយរីករាយ​ដូច​ឆ្នាំមុនៗ​ដោយសារតែ​កូ​វីដ​-១៩ តែ​យើង​ទទួលបាន​កាដូ​ដ៍​ធំ​សម្រាប់​ជាតិ​យើង នោះ​គឺ​ប្រេង​ដែល​ផលិត​ចេញ​លើកដំបូង​ក្នុង​ទឹកដី​យើង​។ ឆ្នាំ​ថ្មី សមិទ្ធផល​ថ្មី​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​ចាប់ពី​ដើមឆ្នាំ​២០២១ តទៅ​»​។ នេះ​ជាការ​លើក​របស់​ប្រមុខ​រដ្ឋាភិបាល​។​
បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហេដ្ឋារចនាសម្ព័ន្ធ​ផលិតកម្ម​ប្រេង​ធំៗ ដែល​បាន​សាងសង់ ដំឡើង និង​រៀបចំ​ជា​ស្ថាពរ​នៅក្នុង​តំបន់​ប្លុក​A សម្រាប់​ដំណើរការ​ផលិតកម្ម​ជារួម​មាន​៖ ផ្លាត​ហ្វ​ម​អណ្តូងប្រេង ផលិត​នៅ​កោះ​បា​តាង​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ផ្តើម​សាងសង់​នៅ​អំឡុង​ខែធ្នូ​ឆ្នាំ ២០១៩ និង​បានបញ្ចប់​នៅ​ខែសីហា ២០២០​។ ផ្លាត​ហ្វ​ម​នេះ បាន​ដឹក​ចូល​មកដល់​តំបន់​ប្លុក A និង​បានបញ្ចប់​ការដំឡើង​ជា​ស្ថាពរ​នៅ​ថ្ងៃទី​៧ កញ្ញា ២០២០​។​
 
​ចំណែក​កប៉ាល់​ផលិតកម្ម​ប្រេង​បាន​ដំឡើង ជួសជុល និង​បំពាក់​សម្ភារៈ បរិក្ខា​រួចរាល់​នៅ​ខែ កញ្ញា ២០២០ នៅ​ប្រទេស​សឹង្ហ​បុរី និង​បាន​ដឹក​មក​ដំឡើង​រួចរាល់​នៅ​ប្លុក A នៅ​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០​។ កប៉ាល់​ស្តុក​ប្រេង បានរៀបចំ​និង​ត្រៀមចាំ​រួចរាល់​នៅ​ប្លុក A នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា​២០២០ ។​
 

​គួរ​បញ្ជាក់ថា ដំបូង​ឡើយ​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ប្រេងកាត​ដំបូង​នៅ​ឆ្នាំ ២០០២ ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន មាន​ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធ​ក្រុមហ៊ុន​នេះ ដឹកនាំ​ដោយ​ក្រុមហ៊ុន Chevron របស់​អាមេរិក​។ 
 
​ក្រោយ​ដំណើរការ​រុករក​ជម្រក​ប្រេង អស់​៨​ឆ្នាំ ក្រុមហ៊ុន​Chevron បានប្រកាស​រកឃើញ​ជ​ម្រ​ក​រ៉ែ​ប្រេង​មាន​លក្ខណៈ​ពាណិជ្ជកម្ម ជា​លើកដំបូង​របស់​កម្ពុជា និង​បាន​កសាង​គម្រោង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម ដើម្បី​ស្នើសុំ​រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច នៅ​ឆ្នាំ ២០១០ ដើម្បី​ឈានទៅ​អនុវត្ត​ផែនការ​ការងារ​នៅ​ខែធ្នូ ឆ្នាំ​២០១២​។ ប៉ុន្តែ​ដោយ​ការពិនិត្យ​លក្ខណៈ​បែងចែក​ផល​សេដ្ឋកិច្ច និង​ស​ង្គ​ត​ភាព​ច្បាប់​ពាក់ព័ន្ធ​និង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម​នៅពេលនោះ បាន​តម្រូវ​ឲ្យ​កម្ពុជា និង​ក្រុមហ៊ុន Chevron ត្រូវ​ចរចារ​កែសម្រួល​លក្ខខណ្ឌ​កិច្ចព្រមព្រៀង​ខ្លះ​ឡើងវិញ ដើម្បី​ស្រប​បទ​ប្បញ្ញត្តិ​ច្បាប់​កម្ពុជា​ផង និង​មាន​សមធម៌​កាន់តែ​ប្រសើរ​។ ដោយសារ​ការកែសម្រួល​លក្ខខណ្ឌ និង​រៀបចំ​ច្បាប់​ផែនការ​អភិវឌ្ឍ​នេះហើយ ទើប​ធ្វើ​ឲ្យ​ដំណើរ​ការផលិត​ប្រេង​នៅ​ឆ្នាំ​២០១២ រាំងស្ទះ ហើយ​មិនអាច​អនុវត្តបាន​។​
 
​តាមរយៈ​ការចរចារ​ដ៏​តឹងតែង​នេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និង​ក្រុមហ៊ុន Mocco Cambodia Co., Ltd. បាន​ស្នើសុំ​ដកខ្លួន​ចេញ​បន្តបន្ទាប់​គ្នា​នៅ​ឆ្នាំ ២០១៤ និង​២០១៦​។ ការចរចារ​ត្រូវបាន​បន្ត​អូសបន្លាយ​ពេល​តាំងពី​ឆ្នាំ ២០១០ រហូតដល់​ថ្ងៃទី​២៣ ខែសីហា​ឆ្នាំ ២០១៧ ទើប​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ថ្មី និង​គម្រោង​ផែនការ​អភិវឌ្ឍ និង​អាជីវកម្ម​អណ្តូងប្រេង​ថ្មី ដែល​បើកផ្លូវ​ឲ្យ​ដំណើរការ​សាងសង់​ផ្លាត​ហ្វ​ម​អណ្តូងប្រេង​បច្ចុប្បន្ននេះ​៕

 

 

Tag:
 ប្រេង
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com