សង្គមអន្តរជាតិ​
អន្តរជាតិ
តើ​លោកស្រី ស៊ូ​ជី នឹង​បន្ត​ធ្វើជា​ទីប្រឹក្សា​រដ្ឋ​ដ៏​មាន​ឥទ្ធិពល​ទៀត​ឬទេ​?
30, Dec 2020 , 2:29 pm        
រូបភាព
​នៅក្នុង​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បានទទួល​សំឡេងគាំទ្រ​ជាច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​សភា​សហព័ន្ធ និង​អាច​រៀបចំ​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ប្រទេស​៥​ឆ្នាំ​ទៀត​។ អ្វីដែល​គេ​រង់​ចាំមើល គឺ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ថា តើ​លោកស្រី នឹង​បន្ត​កាច់ចង្កូត​មី​យ៉ាន់​ម៉ា​ក្នុងនាម​ជាទី​ប្រឹក្សា​រដ្ឋ​បន្តទៀត ឬ​យ៉ាងណា​?

 
​តំណែង​ទីប្រឹក្សា​រដ្ឋ ត្រូវបាន​បង្កើត​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៥ ពេល​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ឈ្នះ​ការបោះឆ្នោត​លើកដំបូង​។ តំណែង​នេះ បង្កើត​សម្រាប់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ផ្ទាល់ ព្រោះ​លោកស្រី​មិនអាច​កាន់តំណែង​ជា​ប្រធានាធិបតី​បាន​ដោយសារតែ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​មិន​អនុញ្ញាត​។​
 
​បើតាម​ច្បាប់កំពូល​មី​យ៉ាន់​ម៉ា រាល់​បុគ្គល ដែលមាន ភរិយា ឬ​ស្វាមី ឬ​កូន ដែលមាន​សញ្ជាតិ​បរទេស មិនអាច​កាន់តំណែង​ជា​ប្រធានាធិបតី​បានឡើយ​។ ក្នុងករណី​លោក ស្រី​ស៊ូ​ជី លោកស្រី​មានកូន ជា​សញ្ជាតិ​អង់គ្លេស ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​លោកស្រី​មិនអាច​កាន់តំណែង​កំពូល​បាន​។ បក្ស NLD ជម្នះ​បង្កើត​តំណែង​នេះ បើទោះជា​យោធា​ជំទាស់​ក្ដី​។  តំណែង​ទីប្រឹក្សា​រដ្ឋ ត្រូវបាន​ចាត់ទុកថា​ជា​តំណែង​ទី​ពីរ បន្ទាប់ពី​ប្រធានាធិបតី ប៉ុន្តែ​ធាតុពិត លោកស្រី ស៊ូ​ជី ជា​អ្នកសម្រេចចិត្ត​ទាំងអស់​។  
 
​បន្ទាប់ពី​បក្ស​របស់​លោកស្រី​ឈ្នះឆ្នោត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​ខែវិច្ឆិកា កន្លងមក មាន​សំណួរ​មួយ ដែល​ចោទសួរ​ឡើង​ថា តើ​លោកស្រី ស៊ូ​ជី អាច​នឹង​កាន់តំណែង​ជាទី​ប្រឹក្សា​រដ្ឋ​នៅ​អាណត្តិ​ក្រោយ ឬទេ​? 
 
​គួរ​ថយក្រោយ​ទៅក្នុង​ឆ្នាំ​២០១៦ បន្តិច បើតាម​ច្បាប់​ស្ដីពី​ការបង្កើត​តំណែង​ទីប្រឹក្សា​រដ្ឋ ទីប្រឹក្សា​រដ្ឋ​មាន​អាណត្តិ​ស្មើ​អាណត្តិ​សមាជិកសភា​ដែលមាន​៥​ឆ្នាំ​ដែរ ដែល​នឹង​អស់​នៅ​ខែមីនា​ខាងមុខ​។   តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Irrawaddy តំណែង​ទីប្រឹក្សា​រដ្ឋ អាច​ទទួលបន្ទុក​លើគ​ណៈ​រដ្ឋមន្ត្រី​បាន និង​មាន​សិទ្ធិ​តែងតាំង ឬ​ប្រគល់​តំណែង​ឲ្យ​អាជ្ញាធរ​ណាមួយ​បាន​។ ទីប្រឹក្សា​រដ្ឋ ទទួលខុសត្រូវ​ចំពោះមុខ​សភា​សហព័ន្ធ និង​មិនអាច​ត្រូវបាន​ដកតំណែង​ដោយ​ប្រធានាធិបតី​បានឡើយ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ សមាជិកសភា​បក្ស NLD លោក U Aung Kyi Nyunt ដែលជា​អ្នក​ដាក់​សេចក្តីស្នើច្បាប់​ទៅ​សភា​កាលពី​ឆ្នាំ​២០១៦ ធ្លាប់បាន​អះអាងថា លោក​មិនទាន់​អាច​បញ្ជាក់​បានឡើយ ថា​តើ​សេចក្តីស្នើច្បាប់​ស្តីពី​តំណែង​ទីប្រឹក្សា​រដ្ឋ ត្រូវដាក់​ទៅ​ម្តងទៀត​។ 
 
​តាម​ការយល់ឃើញ​រប​ស់លោក Yan Myo Thein អ្នកវិភាគ​នយោបាយ​មី​យ៉ាន់​ម៉ា ដោយសារតែ​លោកស្រី ស៊ូ​ជី មិនអាច​កាន់តំណែង​ជា​ប្រធានាធិបតី​បាន ហេតុនេះ​តំណែង​ទីប្រឹក្សា​រដ្ឋ​នៅតែ​សំខាន់ ហើយ​លោកស្រី ស៊ូ​ជី អាច​នឹង​កាន់​បន្តទៀត​។ ទន្ទឹមនេះ អ្នកវិភាគ​នយោបាយ​ខាងលើ ក៏​លើកឡើង​បន្ថែមទៀតថា វា​នឹងមាន​ប្រសិទ្ធភាព​ជាង​មុន ប្រសិនបើ​មានការ​បែងចែក​តួនាទី​ច្បាស់លាស់​រវាង​ប្រធានាធិបតី និង​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​។ 
 
​ចំណែក លោក U Ye Htun សមាជិកសភា​ជាន់​ទាប​វិញ បាន​បញ្ចេញ​ទស្សនៈ​របស់ខ្លួន​ថា ការ​កាន់តំណែង​នេះ គឺ​អាស្រ័យ​លើ​លោកស្រី​ស៊ូ​ជី​។ បើសិន​បើ​លោកស្រី​ចង់​កាន់តំណែង​នេះ​បន្តទៀត ទាល់តែ​ដាក់​សេចក្តីស្នើច្បាប់​ជាថ្មី​ទៅ​សភា​។ 
 
​យ៉ាងណាក៏ដោយ ការដាក់​សេចក្តីស្នើច្បាប់​ទៅ​សភា​ជាថ្មី​នេះ ត្រូវបាន​ចោទសួរ ថា​តើ​ក្រុម​យោធា​មី​យ៉ាន់​ម៉ា អាច​ជំទាស់​ដែរឬទេ​?
 
​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​ក្រុម​យោធា​មី​យ៉ាន់​ម៉ា ក្រុម​យោធា នឹងមិន​បដិសេធ​សេចក្តីស្នើច្បាប់​នេះឡើយ ព្រោះ​ក្រុម​យោធា​ចង់​មាន​ទំនាក់ទំនង​ល្អជា​មួយ​បក្ស NLD ដែរ​។ នាពេល​កន្លងមក មាន​ពាក្យ​លេចឡើង​ថា លោកស្រី ស៊ូ​ជី និង​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា លោក Min Aung Hlaing ឬ​អ្នក​តំណែង​របស់​ពួកគេ​ទាំងពីរ បាន​ជួប​ជជែក​គ្នា​ពី​បញ្ហា​នេះ​។ ហេតុនេះ តាម​ការរំពឹងទុក លោកស្រី​ស៊ូ​ជី អាច​នឹង​បន្ត​កាន់តំណែង​ជាទី​ប្រឹក្សា​រដ្ឋ ស្របពេល​មានការ​បើកដៃ​ពី​ក្រុម​យោធា ដែល​ចង់បាន​អ្វី​ត្រឡប់​វិញ​ដែរនោះ​៕

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com