ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
យុវតី​ជនបទ ឃឿ​ត សុជា កំពុង​ប្រឹង​ដុសខាត់​សមត្ថភាព ឆ្ពោះទៅរក​សុបិន​ក្លាយជា​អ្នកដឹកនាំ​
29, Dec 2020 , 3:09 pm        
រូបភាព
​សៀមរាប​៖  កញ្ញា ឃឿ​ត សុជា ជា​និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ នៅ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ នៃ​ខេត្តសៀមរាប និង​ជាម​ន្ត្រី​ជំនួយការ​គម្រោង​ផ្នែក​អាហារូបករណ៍​នៅ​អង្គការ​សម្រេច​​សុបិន​កុមារ​កម្ពុជា​។ ជា​ស្ត្រី​ជនបទ​មាន​ឱ​ពុក​ម្ដាយ​ជា​កសិករ កញ្ញា សុជា មានបំណង​ចង់​ក្លាយជា​ប្រធាន​អង្គការក្រៅរដ្ឋាភិបាល​។ និស្សិត​អាហារូបករណ៍ វ័យ​២៤​ឆ្នាំ​រូបនេះ បានផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​ការអប់រំ ហើយ​នាង​ជឿជាក់ថា ការអប់រំ នឹង​នាំ​នាង​ឆ្ពោះទៅកាន់​សុបិន​ក្លាយជា​អ្នកដឹកនាំ​ដ៏​ល្អ​មួយរូប​។​


​កាលពី​អំឡុង​ឆ្នាំ​២០១៤ កញ្ញា សុជា បាន​ប្រឡង​ជាប់​បាក់​ឌុប ដែលជា​ឆ្នាំ​ដំបូង​នៃ​ការ​រឹតបន្តឹង​ការប្រឡង​។ ក្រោយ​ប្រឡង​ជាប់ ឱ​ពុក​ម្ដាយ​របស់​សុជា ចង់ឱ្យ​កូនស្រី​ច្បង​ក្នុង​គ្រួសារ​រូបនេះ ធ្វើជា​គ្រូបង្រៀន ព្រោះ​មិន​ចង់ឱ្យ​នាង​ទៅធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ​។ ប៉ុន្តែ សុជា ដែល​កាលណោះ មាន​វ័យ​១៨​ឆ្នាំ បាន​ជំទាស់ ដោយបាន​លួងលោម​ឲ្យ​ឪពុកម្តាយ​យល់ព្រម ឲ្យ​ខ្លួន​បន្ត​ការសិក្សា​លើ​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់​។ យល់ចិត្ត​កូនស្រី​ជាទី​ស្រឡាញ់ គ្រួសារ​របស់​សុជា បាន​យល់ព្រម​ឲ្យ​នាង បន្ត​ការសិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​ក្រុង​សៀមរាប ក្រោម​ការផ្គត់ផ្គង់​អាហារូបករណ៍​ពី​អង្គការ PEPY លើកកម្ពស់​យុវជន​រយៈពេល​២​ឆ្នាំ​។ ក្រោយ​ចប់​អាហារូបករណ៍​២​ឆ្នាំ តែ​ពេលនោះ​មិនទាន់​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ គួបផ្សំ​ជីវភាព​គ្រួសារ​ខ្វះខាត​ផង សុជា បាន​ស្វះ​ស្វែងរក​អាហារូបករណ៍ ពី​អង្គការ​សហគមន៍​យើង (JWOC) ដើម្បី​ឲ្យ​ខ្លួន​អាចមាន​លទ្ធភាព​រៀន​ចប់​ចុង​ចប់​ដើម​បាន​។ 


 
​កញ្ញា សុជា បាន​រំឭក​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖ «​កត្តា​ទីមួយ​របស់​យើង​គឺ ខ្វះខាត​ថវិកា ពេលដែល​ជាប់​អាហារូបករណ៍ រៀន​ឆ្នាំ​ទី​២​ហើយ ខ្ញុំ​នៅតែ​ចង់បាន​អាហារូបករណ៍  ដើម្បី​ជួយ​ខ្ញុំ​ទៀត ដោយសារ​ការចំណាយ​ច្រើន ហើយ​ត្រូវ​ចំណាយ​ខ្លួនឯង​ទាំងអស់ មានន័យថា​ខ្ញុំ​អត់​ពឹង​គ្រួសារ​ទៀត​ទេ​។ អីចឹង​ខ្ញុំ​ត្រូវ​ស្វែងរក​អាហារូបករណ៍ ដើម្បី​ជួយ​បង់ថ្លៃ​សាលា ដើម្បី​ខ្ញុំ​អាចមាន​ថវិកា​គ្រាប់​គ្រាន់​ចាយវាយ​ក្នុងការ​រៀនសូត្រ​ប្រចាំថ្ងៃ​»​។​
 
 
​ជា​អ្នក​ជនបទ​រស់នៅ​ស្រុក​ក្រឡាញ់ មាន​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប សុជា បានឱ្យដឹងថា ក្មេងស្រី​ភាគច្រើន​នៅក្នុង​សហគមន៍​ខ្លួន មិនសូវមាន​អ្នករៀន​ខ្ពស់​ទេ ដោយ​ខ្លះទៅ​ធ្វើការ​ចំណាកស្រុក និង​ចំនួន​ច្រើន​ទៀត​ឆាប់​រៀបការ​។ ការណ៍​នេះ បានធ្វើឱ្យ​អ្នករស់នៅ​ក្នុង​សហគមន៍​មិនសូវ​គាំទ្រ ហើយ​ពេលខ្លះ​នាង​គិតថា ពួកគេ​បានដាក់​សម្ពាធ​លើ​ខ្លួន ដ្បិតអី​ស្ត្រី​ក្នុងភូមិ​អាយុ​ស្រករ​នាង​មានកូន​ពីរ បី​ទៅហើយ ។ «​ដោយសារ​នៅក្នុង​សហគមន៍​របស់ខ្ញុំ​ភាគច្រើន រៀបការ​តាំងពី​អាយុ​១៦-១៧​ឆ្នាំ អីចឹង​ខ្ទង់​អាយុ​២០​ឆ្នាំ​អី គឺ​គាត់​មានកូន​១-២ ហើយ​។ អីចឹង​គឺ​ខ្ញុំ​ខុសពី​ពួកគាត់​មែនទែន មកដល់​ចំណុច​នេះ​យើង​អត់​ទាន់​មានអី​ទាំងអស់ ធ្វើឱ្យ​ពួកគាត់​ដាក់​គំនាប់ គឺ​មើល​មក​យើង​ថា តើ​យើង​កើត​អី​បាន​អត់​ទាន់​មានគ្រួសារ​ហ្នឹង​គេ​?  អីចឹង​ដូច​យើង​ខុសគេ​ម៉ា​សហគមន៍​អីចឹង​»​។ នេះ​ជាការ​អះអាង​របស់ កញ្ញា សុជា​។ 
 
​ដ្បិត​គ្រួសារ និង​មនុស្ស​ជុំវិញខ្លួន​មិនសូវ​គាំទ្រ តែ​យុវតី​ដែលជា​កូនច្បង​នៅក្នុង​គ្រួសារ​រូបនេះ  បាន​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន ដើម្បី​បង្ហាញ​ដល់​គ្រួសារ ដូចជា​ការជាប់​ទៅ​សិក្សា​នៅ​អាមេរិក​រយៈពេល​៥​សប្ដាហ៍ និង​មាន​ការងារ​សមរម្យ​មួយ ដែល​អាចជួយ​ផ្គត់ផ្គង់​ដល់​ការសិក្សា និង​គ្រួសារ​ផងដែរ​។ ក្នុង​មួយថ្ងៃ សុជា ត្រូវធ្វើ​ការ​ពេញ​ម៉ោង​នៅពេល​ថ្ងៃ និង​ត្រូវ​រៀន      រយៈពេល​៣​ម៉ោង​ទៀត​នៅពេល​យប់​។ ធ្វើការ​បណ្ដើរ​រៀន​បណ្ដើរ សុជា​ទទួលស្គាល់ថា វា​ពិតជា​ហត់​ដែល​នាង​ស្ទើរតែ​គ្មាន​ពេល​សម្រាក ប៉ុន្តែ​យុវតី​រូបនេះ​មិនបាន​រួញរា​នោះឡើយ​។ យុវតី វ័យ​២៤​ឆ្នាំ​រូបនេះ យល់​បញ្ច្រាស​វិញ​ថា វា​ជា​បទពិសោធន៍​តស៊ូ​ដ៏​មានន័យ​សម្រាប់​ជីវិត​នាង​។ 


 
​កញ្ញា សុជា បាន​បន្ថែមថា​៖«​ខ្ញុំ​ព្យាយាម​បង្ហាញ​ឱ្យ​គាត់​ឃើញថា ក្ដី​ស្រមៃ​ដែល​ខ្ញុំ​ដើរ​តាម​គឺ​វា​អត់​ខុស​ទេ​។ ខ្ញុំ​តែង​បង្ហាញ​ឱ្យ​ពួកគាត់​ឃើញថា ខ្ញុំ​មក​នៅ​សៀមរាប​ហ្នឹង​គឺ​ខ្ញុំ​មក​រៀន ខ្ញុំ​មក​អភិវឌ្ឍន៍​ខ្លួន អីចឹង​ខ្ញុំ​មិនដែល​ទុកពេល​វេលា​ចោល​ទេ ហើយ​ខ្ញុំ​តែងតែ​ស្វះស្វែង ដើម្បីឱ្យ​គាត់​ឃើញថា ផ្លូវ​មួយ​ដែល​យើង​ដើរ​ហ្នឹង មិនអាក្រក់​ជាង​ផ្លូវ​គាត់​ចង់ឱ្យ​យើង​ដើរ​ទេ​»​។​
 
​កញ្ញា ឃឿ​ត សុជា ៖ ការអប់រំ នាំឱ្យ​ខ្ញុំ​ក្លាយជា​អ្នកដឹកនាំ​គំរូ​ភាព​
​ជា​មនុស្ស​មាន​ក្ដី​ស្រមៃ​ច្បាស់លាស់ សុជា មានបំណង​ក្លាយជា​អ្នកដឹកនាំ​នៅ​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​ចង់​ធ្វើជា​គំរូ​ភាព​ដ៏​ល្អ​ម្នាក់​ដល់​ស្ត្រី​។ សុជា បាន​ពន្យល់​យ៉ាង​ក្លៀវក្លា​ដូច្នេះ​៖«​ខ្ញុំ​ចង់ឱ្យ​ខ្លូន​ក្លាយជា​គំរូ​ភាព​ដល់​អ្នកដទៃ ព្រោះ​ទោះ​ពេលបច្ចុប្បន្ន មាន​គំរូ​ភាព​ហើយ​ក៏ដោយ តែ​ក៏​នៅ​ខ្វះ​គំរូ​ភាពជា​ច្រើន​ដល់​ស្ត្រី​ផ្សេងៗ​ទៀត​។ មួយវិញទៀត​ចង់ឱ្យ​ក្មេងស្រី​គាត់​មើលឃើញថា គាត់​អាច​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ខ្លួនឯងបាន​។ ពីមុន​ភាគច្រើន មិនថាតែ​ខ្ញុំ​ទេ យើង​តែង​គិតថា​មនុស្ស​ស្រី អត់​អាច​ក្លាយជា​អ្នកដឹកនាំ​បាន​»​។ 
 
​ទោះបី​ក្ដី​ស្រមៃ ហាក់​នៅ​ឆ្ងាយ តែ​យុវតី​វ័យ​២៤​ឆ្នាំ​រូបនេះ កំពុង​ដើរ​ឆ្ពោះទៅរក​ទិសដៅ​ខ្លួន​។ អ្នក​ខេត្តសៀមរាប​រូបនេះ បាន​កំពុង​ដុសខាត់​សមត្ថភាព​ខ្លួន​តាមរយៈ​ការសិក្សា លើសពីនេះ សុជា ជា​ស្ថាបនិក វេទិកា​សុបិន ដោយ​ជួយ​តម្រង់ទិស​ដល់​សិស្ស​ជនបទ និង​ជា​អ្នកដឹកនាំ​ក្រុមយុវជន​កម្ពុជា ដែល​ជួយ​លើ​ការងារ​សង្គម​ដូចជា ការចែក​បទពិសោធន៍​សិក្សា​ដល់​សិស្ស​នៅតាម​ជនបទ និង​ការដាំ​កូនឈើ​ជាដើម​។ 
 
 
​ក្នុង​ឯកសណ្ឋាន​អាវដៃខ្លី​ពណ៌​ផ្កាឈូក និង​សំពត់​ពណ៌​ខ្មៅ​ត្រឹម​ជង្គង់ យ៉ាង​សាមញ្ញ សុជា បានផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​ការអប់រំ​។ កញ្ញា សុជា យល់ថា អ្នកដឹកនាំ​គំរូ​ម្នាក់ ត្រូវមាន​ចំណេះដឹង សមត្ថភាព និង​ជំនាញ​ច្បាស់លាស់ ទើប​អាចដឹកនាំ​ការងារ​និង​ស្ថាប័ន​បាន​ដោយ​ជោគជ័យ​។ និស្សិត​ជិត​បញ្ចប់​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ជាម​ន្ត្រី​ជំនួស​ការ​គម្រោង​ផ្នែក​អាហារូបករណ៍​នៅ​អង្គការ​សម្រេច​ក្ដី​សុបិន​កុមារ​កម្ពុជា​រូបនេះ ក៏​ចង់ឃើញ​ស្ត្រី ជាពិសេស​ស្ត្រី​រស់នៅ​ជនបទ ចាត់ទុក​ការអប់រំ​ជា​កិច្ចការ​អាទិភាព​ចម្បង និង​ក្លាហាន​ធ្វើ​អ្វីដែល​ខ្លួន​ចង់​ធ្វើ​។

កញ្ញា សុជា បាន​ផ្ដាំ​ដូច្នេះ​៖ «​ស្ត្រី​គួរតែ ផ្ដល់​តម្លៃ​កាន់តែខ្លាំង​លើ​ការអប់រំ មានន័យថា​ពេល​គាត់​ពេញវ័យ​ឡើង ការអប់រំ​គឺ​សំខាន់​សម្រាប់​គាត់ ហើយ​យើង​ដឹងថា​នារី​ជា​អ្នក​ចូលចិត្ត​តុបតែង​ខ្លួន អីចឹង​ខ្ញុំ​ចង់ឱ្យ​ពួកគាត់​តុបតែង​ខ្លួន​រូបរាង​ខាងក្នុង​មុន មុននឹង​តុបតែង​រូបរាង​ខាងក្រៅ​។ អីចឹង​មានន័យថា គាត់​ដុសខាត់ ចំណេះ ជំនាញ សមត្ថភាព​ខ្លួនឯង​មុន មុនពេល​គាត់​តុបតែង​ខ្លួន​ឡូយឆាយ​ស្អាត ព្រោះ​ខាងក្នុង​វា​ជួយ​គាត់​បាន​ច្រើន ដូចជា​មានការ​ងារ​ល្អ និង​ក្លាយជា​អ្នកដឹកនាំ​៕ 

Tag:
 ឃឿ​ត សុជា​
  អ្នកដឹកនាំ
  ស្ត្រី
 ​អប់រំ​
  TICambodia
© រក្សាសិទ្ធិដោយ thmeythmey.com