ប្លែកៗ
អន្តរជាតិ
សេដ្ឋី​ពាន់​លាន​ដុល្លារ​១៦​នាក់ បាត់បង់​ជីវិត​នៅ​ឆ្នាំ​២០២០
30, Dec 2020 , 4:29 pm        
រូបភាព
cover-ឆ្វេងទៅស្ដាំ៖ លោក Sumner Redstone,  អ្នកស្រី Suna Kirac និងលោក Lee Kun-hee
cover-ឆ្វេងទៅស្ដាំ៖ លោក Sumner Redstone, អ្នកស្រី Suna Kirac និងលោក Lee Kun-hee
ដោយ:
​ក្នុង​ឆ្នាំ​២០២០ ដែល​ហ៊ុម​ព័ន្ធ​ដោយ​វិបត្តិ​កូ​វីដ​-១៩​នេះ សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​១៦​នាក់ បានទទួល​មរណភាព តែ​គ្មាន​ម្នាក់​ណា​ស្លាប់​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះឡើយ​។ ចំនួន​នេះ គឺ​នៅ​តិចជាង​ឆ្នាំ​២០១៩ ដែលមាន​រហូតដល់​២៣​នាក់​ឯណោះ​។

 
​ខាងក្រោម​នេះ ជា​សេដ្ឋី​ពាន់​លាន​ដុល្លារ​ដែល​បាត់​បង់ជីវិត​ក្នុង​ឆ្នាំ​២០២០៖
 
១៖ លោក Sumner Redstone 

​មហាសេដ្ឋី​ឧស្សាហកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក លោក Redstone បាន​ស្លាប់​នៅ​ខែសីហា ឆ្នាំ​២០២០ នៅ​អាយុ ៩៧​ឆ្នាំ​។ បើតាម​ទស្សនា​វ​ដ្តី Forbes លោក​មានទ្រព្យ​សម្បត្តិរ​ហូត​ដល់​២,៦​ពាន់​លាន​ដុល្លារ នៅពេល​ស្លាប់​។ លោក​ត្រូវបាន​ស្គាល់​ជា​ម្ចាស់​អ​ណា​ចក្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​រាប់បញ្ចូល​ក្រុមហ៊ុន Viacom, CBS និង Paramount Pictures​។ 
 
២៖ លោក Lee Kun-hee

​លោក Lee ទទួលមរណភាព​ក្នុង​ខែតុលា ឆ្នាំ​២០២០ នៅ​អាយុ ៧៨​ឆ្នាំ​។ បើតាម​ទស្សនា​វ​ដ្តី Forbes លោក​មានទ្រព្យ​សម្បត្តិ ១៧,៣​ពាន់​លាន​ដុល្លារ នៅពេល​ស្លាប់​។ លោក​ជា​ប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េខាងត្បូង Samsung Group ដែលជា​គូប្រជែង​ស្លាប់​រស់​ជាមួយ​ក្រុមហ៊ុន Apple អាមេរិក​។ លោក​កាន់តំណែង​នេះ​ក្នុង​ឆ្នាំ​១៩៨៧ ក្រោយ​ឪពុក​លោក​ស្លាប់​។ 
 
៣៖ លោក Joseph Safra

​លោក Joseph Safra ទទួលមរណភាព​ក្នុង​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​២០២០ នៅ​អាយុ ៨២​ឆ្នាំ​។  បើតាម​ទស្សនា​វ​ដ្តី Forbes លោក​មានទ្រព្យ​សម្បត្តិ​២៣,២​ពាន់​លាន​ដុល្លារ នៅពេល​លោក​ស្លាប់ ។ លោក Joseph ជា​មហាសេដ្ឋី​ប្រេ​ស៊ី​ល​ផ្នែក​ធនាគារ​មាន​ជាងគេ​លើ​ពិភពលោក ដែល​ជ្រក​ក្រោម​ឈ្មោះ​ក្រុមហ៊ុន Safra Group ។​
 
៤៖ លោក Whitney MacMillan

​លោក MacMillan ទទួលមរណភាព​ក្នុង​ខែមីនា ឆ្នាំ​២០២០ នៅ​អាយុ ៩០​ឆ្នាំ​។ បើតាម​ទស្សនា​វ​ដ្តី Forbes លោក​មានទ្រព្យ​សម្បត្តិ ៥,១​ពាន់​លាន​ដុល្លារ នៅពេល​ស្លាប់​។ មាន​សញ្ជាតិ​អាមេរិក លោក MacMillan ជា​អតីត​ប្រធាន និង​អគ្គនាយក​ក្រុមហ៊ុន​យក្ស​អាមេរិក Cargill ដែល​ចែកចាយ​ស្បៀងអាហារ និង​ផលិតផល​កសិកម្ម​ជាស​កល​។  
 
៥៖ លោក Randall Rollins 

​លោក Randall Rollins​ទទួលមរណភាព​ក្នុង​ខែ សីហា ឆ្នាំ​២០២០ នៅ​អាយុ ៨៨​ឆ្នាំ​។ បើតាម​ទស្សនា​វ​ដ្តី Forbes លោក​មានទ្រព្យ​សម្បត្តិ ៤,៧​ពាន់​លាន​ដុល្លារ នៅពេល​ស្លាប់​។ មាន​សញ្ជាតិ​អាមេរិក លោក Rollins ជា​អតីត​ប្រធាន​ក្រុមហ៊ុន Rollins Inc ដែល​លក់​ថ្នាំ​សម្លាប់សត្វ​ល្អិត​ដ៏​ធំ​បំផុត​របស់​អាមេរិក​។ 
 
៦៖ លោក Lo Siu-tong 

​លោក Lo Siu-tong ទទួលមរណភាព​ក្នុង​ខែមករា ឆ្នាំ​២០២០ នៅ​អាយុ ៩០​ឆ្នាំ ។ បើតាម​ទស្សនា​វ​ដ្តី Forbes លោក​មានទ្រព្យ​សម្បត្តិ ១,៣​ពាន់​លាន​ដុល្លារ  នៅពេល​ស្លាប់ ។ លោក Lo Siu-tong ជា​មហាសេដ្ឋី​អចលនទ្រព្យ​ហុងកុង ដែល​បានចាប់ផ្ដើម​ក្រុមហ៊ុន Yu Tai Hing លោក​ក្នុង​ឆ្នាំ​១៩៦៦ ។ 
 
៧៖ លោក Park Yeon-cha

​លោក Park Yeon-cha ទទួលមរណភាព​ក្នុង​ខែមករា ឆ្នាំ ២០២០ នៅ​អាយុ ៧៤​ឆ្នាំ​។  បើតាម​ទស្សនា​វ​ដ្តី Forbes លោក​មានទ្រព្យ​សម្បត្តិ ៣,១​ពាន់​លាន​ដុល្លារ នៅពេល​ស្លាប់​។ មាន​សញ្ជាតិ​កូរ៉េខាងត្បូង លោក Park Yeon-cha ជា​ម្ចាស់​ក្រុមហ៊ុន Taekwang Industrial ដែល​ផលិត​ស្បែកជើង Nike ហ ហើយ​មាន​រោងចក្រ នៅ​វៀតណាម ឥណ្ឌូណេស៊ី និង​ចិន​។ 
 
៨៖ លោក Arne Wilhelmsen 

​លោក Arne Wilhelmsen ទទួលមរណភាព​ក្នុង​ខែមេសា ឆ្នាំ​២០២០ នៅ​អាយុ ៩០​ឆ្នាំ​។ តាម​ទស្សនា​វ​ដ្តី Forbes លោក​មានទ្រព្យ​សម្បត្តិ ១,៥​ពាន់​លាន​ដុល្លារ នៅពេល​ស្លាប់ ។ មាន​សញ្ជាតិ​ន័​រ​វែ​ស លោក Wilhelmsen ជា​ស្ថាបនិក​ក្រុមហ៊ុន​នាវា​កម្សាន្ត Royal Caribbean Cruises ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៦៩ ។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ ក្លាយជា​ប្រតិបត្តិ​ករ​នាវា​កម្សាន្ត​ធំ​បំផុត​មួយ​លើ​ពិភពលោក​។ 
 
៩៖ លោក Dmitry Bosov 

​លោក Dmitry Bosov ទទួលមរណភាព​ក្នុង​ខែឧសភា ឆ្នាំ​២០២០ នៅ​អាយុ ៥២​ឆ្នាំ​។ តាម​ទស្សនា​វ​ដ្តី Forbes លោក​មានទ្រព្យ​សម្បត្តិ ១,១​ពាន់​លាន​ដុល្លារ នៅពេល​ស្លាប់​។ មាន​សញ្ជាតិ​រុស្ស៊ី លោក Dmitry Bosov ជា​ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន Sibanthracite Group ដែល​គ្រង់​គ្រង​ឧស្សាហកម្ម​ធ្យូងថ្ម​ក្នុង​តំបន់ Siberia ។​
 
១០៖ លោក Manuel Jove

​លោក Manuel Jove ទទួលមរណភាព​ក្នុង​ខែឧសភា ឆ្នាំ​២០២០ នៅ​អាយុ ៧៨​ឆ្នាំ​។ តាម​ទស្សនា​វ​ដ្តី Forbes លោក​មានទ្រព្យ​សម្បត្តិ ១,៧ ពាន់​លាន​ដុល្លារ នៅពេល​ស្លាប់​។ មាន​សញ្ជាតិ​អេ​ស្ប៉ា​ញ លោក ជា​ស្ថាបនិក​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​មួយ​ប្រចាំ​ប្រទេស​នេះ ឈ្មោះថា Fadesa ។ 
 
១១៖ លោក Eduardo Cojuangco

​លោក Eduardo Cojuangco ទទួលមរណភាព​ក្នុង​ខែមិថុនា ឆ្នាំ​២០២០ នៅ​អាយុ ៨៥​ឆ្នាំ​។ តាម​ទស្សនា​វ​ដ្តី Forbes លោក​មានទ្រព្យ​សម្បត្តិ ១​ពាន់​លាន​ដុល្លារ នៅពេល​ស្លាប់​។ មាន​សញ្ជាតិ​ហ្វីលីពីន លោក ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ភេសជ្ជៈ និង​ស្បៀងអាហារ​ធំ​បំផុត​ប្រចាំ​ហ្វីលីពីន ឈ្មោះថា San Miguel ។ លោក Cojuangco ធ្លាប់ជា​អ្នកនយោបាយ​ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​ហ្វីលីពីន Ferdinand Marcos ។​
 
១២៖ លោក Manuel Moroun

​លោក Manuel Moroun ទទួលមរណភាព​ក្នុង​ខែកក្កដា ឆ្នាំ​២០២០​នៅ​អាយុ ៩៣​ឆ្នាំ ។ តាម​ទស្សនា​វ​ដ្តី Forbes លោក​មានទ្រព្យ​សម្បត្តិ ១,៥​ពាន់​លាន​ដុល្លារ នៅពេល​ស្លាប់​។ មាន​សញ្ជាតិ​អាមេរិក លោក ជា​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដ៏​ធំ​មួយ ឈ្មោះថា Ambassador Bridge ដែល​ដឹកជញ្ជូន​ឆ្លង​ព្រំដែន​អាមេរិក​និង​កាណាដា​។ 
 
១៣៖ លោក Edmund Ansin

​លោក Edmund Ansin ទទួលមរណភាព​ក្នុង​ខែ​កក្កដ​ឆ្នាំ​២០២០ នៅ​អាយុ ៨៤​ឆ្នាំ ។ តាម​ទស្សនា​វ​ដ្តី Forbes លោក​មានទ្រព្យ​សម្បត្តិ ១​ពាន់​លាន​ដុល្លារ នៅពេល​ស្លាប់​។ មាន​សញ្ជាតិ​អាមេរិក លោក​យកលុយ​បានមកពី​វិស័យ​អចលនទ្រព្យ ទៅ​បង្កើត​អាណាចក្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ ហៅថា Sunbeam Television ។​
 
១៤៖ លោក Aloysio de Andrade Faria

​លោក Aloysio de Andrade Faria ទទួលមរណភាព​ក្នុង​ខែកញ្ញា ឆ្នាំ​២០២០ នៅ​អាយុ ៩៩​ឆ្នាំ​។  តាម​ទស្សនា​វ​ដ្តី Forbes លោក​មានទ្រព្យ​សម្បត្តិ ១,៧ ពាន់​លាន​ដុល្លារ នៅពេល​ស្លាប់​។ មាន​សញ្ជាតិ​ប្រេ​ស៊ី​ល លោក​ជា​វេជ្ជបណ្ឌិត តែ​ស្នង​ទ្រព្យសម្បត្តិ​មហាសាល​ពី​ឪពុក​។ 
 
១៥៖ អ្នកស្រី Suna Kirac

​អ្នកស្រី Suna Kirac ទទួលមរណភាព​ក្នុង​ខែកញ្ញា ឆ្នាំ​២០២០ នៅ​អាយុ ៧៩​ឆ្នាំ​។ តាម​ទស្សនា​វ​ដ្តី Forbes អ្នកស្រី​មានទ្រព្យ​សម្បត្តិ ១,៤ ពាន់​លាន​ដុល្លារ នៅពេល​ស្លាប់​។ មាន​សញ្ជាតិ​តួ​ក​កី អ្នកស្រី ជា​កូនស្រី​ពៅ​របស់​ស្ថាបនិក​ក្រុមហ៊ុន Vehbi Koc ដែលជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​នៅ​តួ​ក​គី​ផ្តោតលើ​ថាមពល យានយន្ត និង​ហិរញ្ញវត្ថុ​ជាដើម​។ 
 
១៦៖ លោក Sheldon Solow

​លោក Sheldon Solow ទទួលមរណភាព​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​អាយុ ៩២​ឆ្នាំ​។ តាម​ទស្សនា​វ​ដ្តី Forbes អ្នកស្រី​មានទ្រព្យ​សម្បត្តិ ៤,៤ ពាន់​លាន​ដុល្លារ នៅពេល​ស្លាប់​។ មាន​សញ្ជាតិ​អាមេរិក លោក ជា​សេដ្ឋី​អភិវឌ្ឍ​អចលនទ្រព្យ​ល្បីល្បាញ​ម្នាក់​ក្នុង​ទីក្រុង ញូវយ៉ក ដែល​ចាប់ផ្ដើម​អាជីព​នេះ​តាំងពី​ឆ្នាំ​១៩៧២​មក​៕
 

Tag:
 រឿង​ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com