យុវជន ឈុន លីហ៊ួ ជាកសិករបានចាប់ផ្ដើមចិញ្ចឹមកង្កែបនៅឆ្នាំ២០១៨
លោក ឈុន លីហ៊ួ បានចាប់ផ្ដើមចិញ្ចឹមកង្កែបនៅឆ្នាំ២០១៨។ កសិដ្ឋានចិញ្ចឹមរបស់កសិករវ័យ២៨ឆ្នាំរូបនេះ ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ត្រឹមរយៈពេល ២ឆ្នាំប៉ុណ្ណោះ យុវកសិករ លីហ៊ួ បានវិវឌ្ឍន៍ខ្លួនពីអ្នកចិញ្ចឹមកង្កែបសម្រាប់លក់ ក្លាយជាអ្នកចែកចាយកូនកង្កែបដ៏ធំមួយ។ ក្នុងរយៈពេល៣ខែ កសិកររូបនេះ អាចផលិតបានកូនកង្កែបពូជប្រមាណ១៣ម៉ឺនក្បាល ដែលមួយក្បាលៗតម្លៃ៣០០រៀល ហើយរយៈពេលដូចគ្នានេះ លោកអាចចំណញបានប្រាក់ប្រមាណ៧ពាន់ដុល្លារ។
មានស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺ លោក ឈុន លីហ៊ួ បានក្លាយជាទៅអ្នកភ្ញាស់កូនកង្កែបពូជ ដ៏ជោគជ័យម្នាក់ បន្ទាប់ពីចាប់ផ្តើមរបរនេះ ទើបតែប្រមាណ២ឆ្នាំប៉ុណ្ណោះ។ យុវកសិករវ័យ ២៨ឆ្នាំរូបនេះ កាលអំឡុងខែកញ្ញាកន្លងទៅ លោក លីហ៊ួ បានទទួលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន នៅទីតាំងចិញ្ចឹម និងភ្ញាស់កង្កែបរបស់ខ្លួន ដែលស្ថិតភូមិក្របីត្រាំ ឃុំជង្រក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នៅក្នុងទស្សនកិច្ចនេះ លោក វេង សាខុន បានកោតសរសើរចំពោះ កសិករវ័យក្មេងរូបនេះចំពោះភាពប៉ិនប្រសប់របស់គេ ហើយក៏បានលើកទឹកចិត្ត និងជំរុញបន្ថែមលើការងារចិញ្ចឹមកង្កែបផងដែរ។
អាងចិញ្ចឹមកង្កែបលោក ឈុន លីហ៊ួ
លោក ឈុន លីហ៊ួ បានប្រាប់ Thmeythmey25 តាមទូរសព្ទថា មូលហេតុដែលនាំឲ្យរូបគេចិញ្ចឹមកង្កែបពូជជោគជ័យនេះ រហូតក្លាយជាអ្នកចិញ្ចឹមកង្កែបឆ្នើមប្រចាំតំបន់បែបនេះ គឺដោយសារតែរូបគេមានបច្ចេកទេសចិញ្ចឹម ការរៀបចំអាង និងយុទ្ធសាស្ត្រទីផ្សារផងដែរ។
«ចាប់ពីដើមឆ្នាំ២០២០មក ទីផ្សារកង្កែបហាក់មានសន្ទុះជាងមុន ហើយខ្ញុំចាប់ផ្ដើមមានអ្នកស្គាល់ថា ជាអ្នកចិញ្ចឹមកង្កែប ទើបបច្ចុប្បន្នខ្ញុំពង្រីកការចិញ្ចឹមកង្កែបដល់ ១៥អាង និងត្រៀមបោះទុនបន្ថែម ៥ម៉ឺនដុល្លារ ពង្រីកការចិញ្ចឹមនៅខេត្តកំពង់ធំ លើផ្ទៃដី ៣ហិកតា»។
សព្វថ្ងៃ កសិដ្ឋានចិញ្ចឹមកង្កែប លោក ឈុន លីហ៊ួ ផ្គត់ផ្គង់តែកូនកង្កែបពូជប៉ុណ្ណោះ ខណៈដែលតម្រូវការមានច្រើន ហើយលោកផ្គត់ផ្គង់មិនទាន់ផង។ ដូច្នេះហើយ កសិកររូប កំពុងត្រៀមបើកកសិដ្ឋានមួយទៀត លើទំហំដី៣ហិកតា នៅក្នុងខេត្តកំពង់ធំ។
អ្នកចិញ្ចឹមកង្កែប ឈុន លីហ៊ួ
បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមកង្កែបលោក ឈុន លីហ៊ួ មានចំនួនអាងភ្ញាស់កូនកង្កែប ១៥អាង ដែលមាន ទំហំ ៤.៥ម៉ែត្រ គុណ ៦.៥ម៉ែត្រ និងមានមេកង្កែបពូជចំនួន ៥០០គូ។ ក្នុងរយៈពេល ៣ខែ កសិដ្ឋាននេះ អាចផលិតកូនកង្កែបប្រមាណជាង ១៣ម៉ឺនក្បាល ដែលកូនកង្កែបពូជមួយក្បាលៗតម្លៃ៣០០រៀល។ ហើយរយៈពេលដូចគ្នានេះ លោក លីហ៊ួ អះអាងថា ខ្លួនអាចចំណញបានប្រាក់ប្រមាណ៧ពាន់ដុល្លារ ពីការភ្ញាស់កូនកង្កែបលក់នេះ៕