សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក អនុញ្ញាត​ឲ្យ​ប្រើ​ដ្រូ​ន​ទំហំ​តូច​ដើម្បី​ដឹកជញ្ជូន​បែប​ពាណិជ្ជកម្ម និង​នៅពេល​យប់​
29, Dec 2020 , 9:59 pm        
រូបភាព
គំរូដ្រូនដឹកជញ្ជូនរបស់ក្រុមហ៊ុន Amazon.com ។ រូបពី theverge
គំរូដ្រូនដឹកជញ្ជូនរបស់ក្រុមហ៊ុន Amazon.com ។ រូបពី theverge
ដោយ:
​ដ្រូ​ន​ទំហំ​តូច នឹងត្រូវ​អនុញ្ញាត​ឲ្យ​ហោះហើរ​ពីលើ​ផ្ទៃ​អាកាស​ខាងលើ​មនុស្ស​ក្នុង​គោលដៅ​ពាណិជ្ជកម្ម និង​នៅពេល​យប់​ក្នុង​សហរដ្ឋអាមេរិក​។ រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក (FAA) បានបញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី ២៨ ខែធ្នូ​។ នេះ​ជា​ជំហាន​ឆ្ពោះទៅរក​ការប្រើប្រាស់​ដ្រូ​ន​សម្រាប់​ការដឹកជញ្ជូន​ពាណិជ្ជកម្ម​ធំ​ទូលាយ ខណៈ​កន្លងមក ដ្រូ​ន​តូចៗ​ត្រូវ​ប្រើ​ដើម្បី​ដឹកជញ្ជូន​ទៅកាន់​គោលដៅ​ខ្ពស់ៗ​។   

 
​ប្រធាន​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក (FAA) លោក Stephen Dickson គូសបញ្ជាក់ថា បទបញ្ជា​ដែល​អនុញ្ញាត​ឲ្យ​ដ្រូ​ន​ហោះហើរ​ខាងលើ​មនុស្ស នឹង​បើកផ្លូវ​សម្រាប់​ការធ្វើ​សម​ហ​រណកម្ម​ដ្រូ​ន​ចូលទៅ​កាន់​ដែនអាកាស​របស់​អាមេរិក ដើម្បី​ដោះស្រាយ​កង្វល់​សន្តិសុខ និង​សុវត្ថិភាព​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​បទបញ្ជា​នេះ នឹង​ចូល​ជា​ធរមាន​នា​ខែមីនា ឆ្នាំ​២០២១​។ ក្រុមហ៊ុន​ផលិត​ដ្រូ​ន នឹងមាន​ពេល​១៨​ខែ​ដើម្បី​ចាប់ផ្ដើម​ផលិត​ដ្រូ​ន​ដោយមាន Remote ID ហើយ​ប្រតិបត្តិ​ករ នឹងមាន​ពេល​១​ឆ្នាំ​បន្ថែមទៀត​ដើ​ម្ប​ផ្ដល់ Remote ID ។ Remote ID គឺជា​លេខ​សម្គាល់​របស់​ដ្រូ​ន​នីមួយៗ ដែល​ប្រតិបត្តិការ ដែល​ស្រដៀង​គ្នា​នឹង​សា្ល​ក​លេខ​រថយន្ត​លើដី​ដែរ​។ 
 
​សម្រាប់​ប្រតិបត្តិការ​ពេលយប់ រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក (FAA) និយាយថា ដ្រូ​ន​ត្រូវតែ​បំពាក់​ជាមួយ​ភ្លើង​ផ្ដល់​សញ្ញា ហើយ​ដ្រូ​ន​ទាំងអស់​ដែលមាន​ទម្ងន់ ០,២៥​គីឡូក្រាម​ឡើងទៅ ត្រូវតែមាន Remote ID ។ សមាគម​ប្រព័ន្ធ​យាន​គ្មាន​មនុស្ស​បើក​អន្តរជាតិ អះអាងថា Remote ID នឹង​ដំណើរការ​ដូចជា​ស្លាក​លេខ​ឌីជីថល​សម្រាប់​ដ្រូ​ន ដែល​នឹង​អនុញ្ញាត​សម្រាប់​ប្រតិបត្តិការ​ស្មុគស្មាញ ដូចជា​នៅពេល​យប់ និង​ពីលើ​មនុស្ស​ជាដើម​។ 
 
​ការដឹកជញ្ជូន​ដោយ​ប្រើ​ដ្រូ​ន កំពុងមាន​ប្រជាប្រិយភាព​កាន់​ខ្លាំង​នៅ​អាមេរិក ដោយ​បណ្ដា​ក្រុមហ៊ុន​នានា កំពុង​ប្រណាំងប្រជែង​បង្កើត​ដ្រូ​ន​ដើម្បី​ព​ន្លឿ​ន​ការដឹកជញ្ជូន​។ សហរដ្ឋអាមេរិក មាន​ដ្រូ​ន​១,៧​លាន​គ្រឿង ដែល​ចុះឈ្មោះ និង​អ្នកបញ្ជា​ដ្រូ​ន​មាន​វិញ្ញាបនបត្រ ២០៣ ០០០​នាក់​។ 
 
​ក្រុមហ៊ុន​ដឹកជញ្ជូន​អាមេរិក (UPS) ក្នុង​ខែតុលា ឆ្នាំ​២០១៩ អះអាងថា ខ្លួន​បានឈ្នះ​ការអនុញ្ញាត​ពេញលេញ​ដំបូង​ពី​រដ្ឋាភិបាល​ដើម្បី​ប្រតិបត្តិការ​ការដឹកជញ្ជូន​តាម​អាកាស​ដោយ​ប្រើប្រាស់​ដ្រូ​ន​។ ក្នុង​ខែសីហា​នេះ សេវាកម្ម​ដ្រូ​ន​របស់​ក្រុមហ៊ុន Amazon.com ទទួល​ការយល់ព្រម​សហព័ន្ធ ដែល​អនុញ្ញាត​អ្នក​លក់រាយ​ចាប់ផ្ដើម​ធ្វើតេស្ត​ការដឹកជញ្ជូន​ពាណិជ្ជកម្ម ដោយ​ប្រើ​ដ្រូ​ន​៕ 
 

Tag:
 សហរដ្ឋអាមេរិក​
  បច្ចេកវិទ្យា​
  ដ្រូ​ន
© រក្សាសិទ្ធិដោយ thmeythmey.com