ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល នឹង​យក​ថវិកា​ពី​ការលក់​ប្រេង ទៅ​ផ្គត់ផ្គង់​វិស័យ​អប់រំ និង​សុខាភិបាល​
29, Dec 2020 , 10:29 pm        
រូបភាព
ផ្លាតហ្វមខួងយកប្រេងនៅប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយដោយក្រុមហ៊ុន Kris Energy (រូបពីហ្វេសប៊ុកក្រសួងរ៉ែ និងថាមពល)
ផ្លាតហ្វមខួងយកប្រេងនៅប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយដោយក្រុមហ៊ុន Kris Energy (រូបពីហ្វេសប៊ុកក្រសួងរ៉ែ និងថាមពល)
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា នឹង​ចាប់ផ្ដើម​បូម​ចេញ​ហើយ នៅ​ថ្ងៃទី​២៩ ធ្នូ​នេះ​។ សម្ដេច​រំពឹងថា ដំណក់​ប្រេង​នេះ នឹង​ជួយ​សេដ្ឋកិច្ចជាតិ​មួយកម្រិត​ទៀត​។​


​ថ្លែង​សារ​ពិសេស​ពី​ភូមិគ្រឹះ នាទី​ក្រុង​តាខ្មៅ ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​២៩ ធ្នូ ប្រមុខ​រដ្ឋាភិបាល បាន​សង្កត់ធ្ងន់ថា ដំណក់​ប្រេង​នេះ នឹង​ជួយ​ឲ្យ​កម្ពុជា បង្កើតបាន​ពិពិធ​កម្ម​ខឿន​ឧស្សាហកម្ម​ក្នុង​វិស័យ​ប្រេងកាត និង​ការកសាង​សមត្ថភាព​ជាតិ​នៅក្នុង​វិស័យនេះ​។ មិនតែប៉ុណ្ណោះ​រដ្ឋាភិបាល ក៏​អាច​យក​ថវិកា​ទាំងនោះ ទៅប្រើ​ប្រាស់​ទ្រទ្រង់​លើ​វិស័យ​ផ្សេងៗ​ទៀតផង​។ 
 
»(​មានការ​)​ដាក​សំនួ​រថា បើ​បាន​លុយ​(​ពី​ការលក់​ប្រេងកាត​)​ហ្នឹង អ្នកឯង​យកទៅ​ធ្វើ​អ្វី​? ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់​អ្នកឯង​ថា ខ្ញុំ​នឹង​ផ្ដល់​អទិភាព​ទៅលើ​វិស័យ​អប់រំ និង​សុខាភិបាល​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​លទ្ធភាព​បូម​ប្រេងកាត​ផ្គត់ផ្គង់​ទីផ្សារ បាន​នៅឡើយ​ទេ​។ 
 
​តែ​យ៉ាងណា​ដំណក់​ប្រេង​លើកដំបូង​នេះ នឹង​បូម​ចេញពី​អណ្តូងប្រេង​ទី​១ ឈ្មោះ A-0ID នៃ​ផ្លាត​ហ្វ​ម A នៅក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា ដោយ​ក្រុមហ៊ុន Kris Energy ។ ប្រេង​របស់​កម្ពុជា​នៅ ប្លុក A នេះ មិន​ស្ថិតនៅក្នុង​តំបន់​ប្រទេស​ថៃ​ឡើយ ពោល​គឺមាន​ចម្ងាយ​ជាង​៣០០​គីឡូម៉ែត្រ ពី​ថៃ ខណៈ​ចម្ងាយ​ពី​ខេត្ត​ព្រះសីហនុ ត្រឹមតែ​ជាង​១០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​។​
 
​គួរ​បញ្ជាក់ថា ដំបូង​ឡើយ​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ប្រេងកាត​ដំបូង​នៅ​ឆ្នាំ ២០០២ ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន មាន​ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធ​ក្រុមហ៊ុន​នេះ ដឹកនាំ​ដោយ​ក្រុមហ៊ុន Chevron របស់​អាមេរិក​។ 
 
​ក្រោយ​ដំណើរការ​រុករក​ជម្រក​ប្រេង អស់​៨​ឆ្នាំ ក្រុមហ៊ុន​Chevron បានប្រកាស​រកឃើញ​ជ​ម្រ​ក​រ៉ែ​ប្រេង​មាន​លក្ខណៈ​ពាណិជ្ជកម្ម ជា​លើកដំបូង​របស់​កម្ពុជា និង​បាន​កសាង​គម្រោង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម ដើម្បី​ស្នើសុំ​រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច នៅ​ឆ្នាំ ២០១០ ដើម្បី​ឈានទៅ​អនុវត្ត​ផែនការ​ការងារ​នៅ​ខែធ្នូ ឆ្នាំ​២០១២​។ ប៉ុន្តែ​ដោយ​ការពិនិត្យ​លក្ខណៈ​បែងចែក​ផល​សេដ្ឋកិច្ច និង​ស​ង្គ​ត​ភាព​ច្បាប់​ពាក់ព័ន្ធ​និង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម​នៅពេលនោះ បាន​តម្រូវ​ឲ្យ​កម្ពុជា និង​ក្រុមហ៊ុន Chevron ត្រូវ​ចរចារ​កែសម្រួល​លក្ខខណ្ឌ​កិច្ចព្រមព្រៀង​ខ្លះ​ឡើងវិញ ដើម្បី​ស្រប​បទ​ប្បញ្ញត្តិ​ច្បាប់​កម្ពុជា​ផង និង​មាន​សមធម៌​កាន់តែ​ប្រសើរ​។ ដោយសារ​ការកែសម្រួល​លក្ខខណ្ឌ និង​រៀបចំ​ច្បាប់​ផែនការ​អភិវឌ្ឍ​នេះហើយ ទើប​ធ្វើ​ឲ្យ​ដំណើរ​ការផលិត​ប្រេង​នៅ​ឆ្នាំ​២០១២ រាំងស្ទះ ហើយ​មិនអាច​អនុវត្តបាន​។​
 
​តាមរយៈ​ការចរចារ​ដ៏​តឹងតែង​នេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និង​ក្រុមហ៊ុន Mocco Cambodia Co., Ltd. បាន​ស្នើសុំ​ដកខ្លួន​ចេញ​បន្តបន្ទាប់​គ្នា​នៅ​ឆ្នាំ ២០១៤ និង​២០១៦​។ ការចរចារ​ត្រូវបាន​បន្ត​អូសបន្លាយ​ពេល​តាំងពី​ឆ្នាំ ២០១០ រហូតដល់​ថ្ងៃទី​២៣ ខែសីហា​ឆ្នាំ ២០១៧ ទើប​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ថ្មី និង​គម្រោង​ផែនការ​អភិវឌ្ឍ និង​អាជីវកម្ម​អណ្តូងប្រេង​ថ្មី ដែល​បើកផ្លូវ​ឲ្យ​ដំណើរការ​សាងសង់​ផ្លាត​ហ្វ​ម​អណ្តូងប្រេង​បច្ចុប្បន្ននេះ​៕

Tag:
 ហ៊ុន សែន​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com