អន្តរជាតិ
ជា​អ្នក​ផលិត​ប្រេង​ធំ​បំផុត​នៅ​អាហ្វ្រិក ហេតុអ្វី​នី​ហ្សេ​រី​យ៉ា​ពុំ​អាច​រំដោះ​ពលរដ្ឋ​ចេញពី​ភាព​ក្រក្រី​?
30, Dec 2020 , 8:29 am        
រូបភាព
ដោយ:
​នី​ហ្សេ​រី​យ៉ា ស្ថិតនៅ​ភាគ​ខាងលិច​តំបន់​អាហ្វ្រិក មាន​ផ្ទៃដី​សរុប ៩២៤ ០០០ គីឡូម៉ែត្រ​ការ៉េ ហើយ​មាន​ព្រំដែន​ជាប់​ប្រទេស​៤ ប្រវែង​ជាង​៤​ពាន់​គីឡូម៉ែត្រ មាន​ប្រជាជន​សរុប​១៨៤​លាន​នាក់ និង​ទំហំ​សេដ្ឋកិច្ច​៣៩៧​ពាន់​លាន​ដុល្លារ (២០១៨) ។ នី​ហ្សេ​រី​យ៉ា ជា​ប្រទេស​ផលិត​ប្រេងកាត​ធំ​បំផុត​ប្រចាំ​តំបន់​អាហ្វ្រិក ។ ទោះ​មាន​ប្រេងកាត​ដ៏​ហូរហៀរ​ដែលជា​ប្រភព​ចំណូល​ធំជាងគេ ភាពក្រីក្រ​របស់​នី​ហ្ស​រី​យា​នៅតែ​ខ្ពស់​ដដែល​។ សំណួរ​គឺថា ហេតុអ្វី នី​ហ្សេ​រី​យ៉ា ពុំ​អាច​រំដោះ​ពលរដ្ឋ​ខ្លួន​ចេញពី​ភាព​ក្រក្រី​រួច​?

 
​មាន​ប្រជាជន​ច្រើន​គេ និង​ទំហំ​សេដ្ឋកិច្ច​ធំ​ដាច់​គេ​ប្រចាំ​អាហ្វ្រិក នី​ហ្សេ​រី​យ៉ា ក៏មាន​ការរីកចម្រើន​ផងដែរ ក្នុង​វិស័យ​ដែល​មិនមែន​ប្រេងកាត ដោយ​ក្នុងនោះ​មាន​វិស័យ​សេវាកម្ម និង​ការនាំចេញ​ផលិត​ផលិត​កសិកម្ម ដូចជា កា​កាវ និង​ប្រេងដូង ជាដើម​។ នៅ​អាមេរិក មាន Hollywood ចំណែក នៅ​នី​ហ្សេ​រី​យ៉ា មាន Nollywood ដែលជា​ឧស្សាហកម្ម​ភាពយន្ត​ធំ​បំផុត​រស់​អាហ្វ្រិក ក៏ដូចជា​ឧស្សាហកម្ម​បង្ហាញ​ម៉ូត និង​តន្ត្រី ជាច្រើន​ទៀត​។ កត្ដា​ទាំងនេះហើយ​ធ្វើ​ឲ្យ​ប្រទេស នី​ហ្សេ​រី​យ៉ា ទទួលបាន​ងារ​ជា «​យក្ស​អាហ្វ្រិក​»​។ 
 
​នី​ហ្សេ​រី​យ៉ា ជា​អ្នក​ផលិត​ប្រេង​ធំ​លំដាប់​ទី​១២​លើ​ពិភពលោក និង​មាន​ឧស្ម័ន​ធម្មជាតិ​ធំ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​។ ក្រៅពី​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ ប្រទេស​នេះ ក៏មាន​ធនធានធម្មជាតិ​ផ្សេងទៀត ដូចជា រ៉ែ​ធ្យូងថ្ម មាស និង​លោហៈ ផងដែរ​។ ប៉ុន្តែ​ពលរដ្ឋ​នី​ហ្សេ​រី​យ៉ា​ជាង​៩០​លាន​នាក់ បន្ត​រស់នៅក្នុង​ភាពក្រីក្រ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក​ឆ្នាំ​២០២០​។ បើ​ធៀប​នឹង​ប្រទេស​ក្នុង​អាហ្វ្រិក​ដូចជា​អេ​ត្យូ​ពី និង​កេ​ន​យ៉ា ដែល​អត់​ទាំង​មាន​រ៉ែ​ប្រេងកាត​ផង នី​ហ្សេ​រី​យ៉ា ជា​ប្រទេស​ដែលមាន​អត្រា​ក្រីក្រ​ខ្ពស់​ប្រចាំ​តំបន់​។​
 
​ជាង​ពាក់កណ្ដាល​នៃ​ពលរដ្ឋ​នី​ហ្សេ​រី​យ៉ា រកលុយ​បាន​តិចជាង​២​ដុល្លារ​ក្នុង​មួយថ្ងៃ​។ ចំណូល​ជាតិ​ជាង​៧៥​ភាគរយ បាន​ពី​វិស័យ​ប្រេងកាត ដែល​នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា​។ ដូច្នោះ​ហើយ​ទើប​នៅពេលដែល​តម្លៃ​ប្រេង​សកល​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៤ សេដ្ឋកិច្ច​នី​ហ្សេ​រី​យ៉ា ក៏​ដាំ​ក្បាល​ចុះ​ផងដែរ​។ បន្ថែម​ពីលើ​នេះ វិបត្តិ​កូ​វីដ​-១៩ កាន់តែ​រុញច្រាន​ប្រទេស​អាហ្វ្រិក​មួយ​នេះ​ធ្លាក់ចូល​រណ្ដៅ​កាន់តែ​ជ្រៅ​ថែមទៀត​។ 
 

ក្រុមហ៊ុនប្រេងអន្តរជាតិធំៗ_ដូចជា_Shell_នៅនីហ្សេរីយ៉ា 

​ក៏ប៉ុន្តែ នៅពេល​តម្លៃ​ប្រេង ត្រលប់មក​ល្អប្រសើរ​វិញ ពលរដ្ឋ​នី​ហ្សេ​រី​យ៉ា នៅតែ​មិន​ទទួលផល​ប្រយោជន៍​ច្រើន​ពី​ការលក់​ប្រេង​ទាំងនេះ​។ ជុំវិញ​បញ្ហា​នេះ អ្នកជំនាញ​អន្តរជាតិ​មួយចំនួន យល់ឃើញថា មួយផ្នែកធំ​នៃ​លុយ​ដែល​រកបាន​ពី​វិស័យ​ប្រេង ត្រូវ​ប្រើប្រាស់​ដើម្បី​ដោះបំណុល​រដ្ឋ ផ្គត់ផ្គង់​កញ្ចប់​ថវិកា​ជាតិ ហើយ​នៅ​សេសសល់​គឺ​ចូល​ហោប៉ៅ​ឯកជន​ឯណោះ​។ 
 
​តាម​ការស៊ើបអង្កេត​ស៊ីជម្រៅ​របស់​ទូរទស្សន៍​កាតា Aljazeera កាលពីដើម​ឆ្នាំនេះ ប្រេង​ឆៅ ត្រូវបាន​រកឃើញ​ក្រោម​ផ្លូវទឹក​តាម​ដង​ដីស​ណ្ឌ​ទន្លេ​នី​ហ្សេ (Niger Delta) ទី​ដែល​ក្រុមហ៊ុន​ប្រេង​ក្នុងស្រុក​នី​ហ្សេ​រី​យ៉ា​តិចតួច​ប៉ុណ្ណោះ​បើក​ប្រតិបត្តិការ ខណៈ​ក្រុមហ៊ុន​ប្រេង​អន្តរជាតិ​ធំៗ ដូចជា Shell និង Chevron ជាដើម កំពុង​ប្រតិបត្តិ​ការរុករក និង​បូម​ប្រេង​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​តំបន់​នេះ​។ ក្រុមហ៊ុន​ប្រេង Shell តែឯង កាន់កាប់​ផលិតកម្ម​ប្រេង​របស់​នី​ហ្សេ​រី​យ៉ា​រហូតដល់​ជាង​៤០​ភាគរយ​។ 
 
 
​ដោយហេតុថា ប្រទេស នី​ហ្សេ​រី​យ៉ា ខ្វះខាត​រោងចក្រ​ដើម្បី​ចម្រាញ់​ប្រេង​ដោយ​ខ្លួនឯង ក្រុមហ៊ុន​បរទេស​ទាំង​នេះ បាន​លក់​ប្រេង​ទៅខាង​ក្រៅ​។ នៅ​ទីបំផុត នី​ហ្សេ​រី​យ៉ា​សម្រេច​នាំចូល​ផលិតផល​ចម្រាញ់​ពី​ប្រេង (petrochemical products) ដែល​គិត​ជា​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ចូល​ប្រទេស​វិញ​។ តាម​ទូរទស្សន៍ Aljazeera ក្រុមហ៊ុន​បរទេស​ទាំង​នេះ ជឿជាក់ថា ការ​ចម្រាញ់​ប្រេង​ក្នុងប្រទេស​ស្វ៊ី​ស ឬ​អាមេរិក ចំណាយ​តម្លៃ​ចម្រាញ់​អស់​ទាប ឯ​នី​ហ្សេ​រី​យ៉ា​ក៏​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ចម្រាញ់​ប្រេង​ដោយ​ខ្លួនឯង​ទៅទៀត​។ 
 
​ដោយឡែក ក្រុមហ៊ុន​ប្រេងកាត​ជាតិ​នី​ហ្សេ​រី​យ៉ា (NNPC) ដែលជា​ក្រុមហ៊ុន​ប្រេង​ជាតិ ដើរតួនាទី​ទាំង​ជា​និយ័ត​ករ​ឧស្សាហកម្ម​ផង និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ធំ​ផង​។ ជាគោលការណ៍ ដំណើរការ​របស់​វា​គឺ ក្រុមហ៊ុន​ប្រេងកាត​ជាតិ​នី​ហ្សេ​រី​យ៉ា (NNPC) ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រេង​អន្តរជាតិ ដោយ​តំណាង​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​។ ក្រុមហ៊ុន​ប្រេង​អន្តរជាតិ ត្រូវ​បង់ថ្លៃ​បឋម រួមមាន អាជ្ញា​បណ្ណ​ប្រេង កម្រៃ​ជើងការ និង​បង់ពន្ធ​លើ​លុយ​ចំណេញ​ពួកគេ​ទៅ​ឲ្យ​ក្រុមហ៊ុន​ប្រេងកាត​ជាតិ​នី​ហ្សេ​រី​យ៉ា (NNPC)​។ ហើយ​ចុងក្រោយ ក្រុមហ៊ុន​ប្រេងកាត​ជាតិ​នី​ហ្សេ​រី​យ៉ា (NNPC) ត្រូវ​បង្វែរ​លុយ​ទាំងនេះ​ចូល​រដ្ឋ​។ 
 

ក្រុមហ៊ុនប្រេងកាតជាតិនីហ្សេរីយ៉ា_NNPC

​យោងតាម​លទ្ធផល​ស៊ើបអង្កេត​របស់​ទូរទស្សន៍ Aljazeera និយ័ត​ករ ដែលមាន​តួនាទី​ត្រួតពិនិត្យ​និង​ឃ្លាំមើល​លំហូរ​លុយ ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ប្រេងកាត​ជាតិ​នី​ហ្សេ​រី​យ៉ា (NNPC)​។ ម្ល៉ោះហើយ​ទើប​ចំណូល​មួយផ្នែកធំ​ដែល​រកបាន និង​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា ខ្វះ​តម្លាភាព ព្រោះតែ​ការដោះដូរ​ទាំងនេះ​ភាគច្រើន កើតឡើង​ក្រោមរូបភាព​លាក់លៀម​។ 
 
​ជាក់ស្តែង លុយរាប់​ពាន់​លាន​ដុល្លារ​ត្រូវ​បាត់​សូន្យឈឹង​ក្នុងពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ ហើយ​ករណី​ដែល​ល្បី​រន្ទឺ​ខ្លាំង​បំផុត​នោះ បាន​កើតឡើង​ក្នុង​ឆ្នាំ​២០១៦ នៅពេល​ដែលមាន​របាយ​ការណ៍​រកឃើញថា លុយ​ចំ​ណុល​ប្រេង​១៦​ពាន់​លាន​ដុល្លារ​បាន​បាត់​សូន្យឈឹង​។ លុយ​ដ៏​ច្រើន​សម្បើម​នេះ ជា​លុយ​ដែល​ក្រុមហ៊ុន​ប្រេងកាត​ជាតិ​នី​ហ្សេ​រី​យ៉ា (NNPC) ត្រូវ​បង់​ចូល​ឃ្លាំង​រតនាគារជាតិ​។ 
 
​ក្នុងការ​ចុះផ្សាយ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ទូរទស្សន៍​អង់គ្លេស BBC បាន​រាយការណ៍​ដោយ​ដកស្រង់​សម្តី​មន្ត្រី​សវនកម្ម​ថា ក្រុមហ៊ុន​ប្រេង​រដ្ឋ​នី​ហ្សេ​រី​យ៉ា បាន​បរាជ័យ​បង់លុយ​ឲ្យ​រដ្ឋាភិបាល​១៦​បាន់​លាន​ដុល្លារ ក្នុងករណី​សង្ស័យ​ឆបោក​មួយ​។ ក្រុមហ៊ុន​ប្រេងកាត​ជាតិ​នី​ហ្សេ​រី​យ៉ា (NNPC) ក៏​ពុំបាន​ផ្ដល់​ការបកស្រាយ​អ្វី​ឡើយ​សម្រាប់​លុយ​ដែល​បាន​បាត់​ទាំង​នេះដែរ​។ 
 
 
​ខណៈ​ចំណូល​រកបាន​ពី​ប្រេង ស្មើនឹង​២​ភាគ​៣​នៃ​កញ្ចប់​ថវិកាជាតិ​របស់​រដ្ឋាភិបាល ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា លោក Muhammadu Buhari បាន​ប្តេជ្ញា​បង្ក្រាប​អំពើពុករលួយ​ក្នុងប្រទេស​លោក​។ នី​ហ្សេ​រី​យ៉ា ជាប់​ចំណាត់​លេខ​១៤៤ ក្នុងចំណោម​ប្រទេស​សរុប​១៨០ ក្នុង​បញ្ជី​ស​ន្ទ​ស្សន៍​អំពើពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៨​។ រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ​ត្រូវបាន​រកឃើញ​ក្នុង​ក្រុមហ៊ុន​ប្រេង​រដ្ឋ ហើយ​គ្មាន​បុគ្គល​ណា​ម្នាក់ ត្រូវបាន​កាត់ទោស ឬ​ត្រូវ​ចាប់​ឲ្យ​ទទួលខុសត្រូវ​ឡើយ​។ 
 
​ 

ចោរលួចប្រេង

​បច្ចុប្បន្ននេះ ពលរដ្ឋ​នី​ហ្សេ​រី​យ៉ា និង​ពិភពលោក ប្រហែលជា​ធុញទ្រាន់​នឹង​ព័ត៌មាន​បាត់​លុយ​ចំណូល​ប្រេង​ក្នុង​ក្រុមហ៊ុន​ប្រេងកាត​ជាតិ​នី​ហ្សេ​រី​យ៉ា (NNPC) ដែល​តែង​កើតឡើង​រៀងរាល់​២​ឬ​៣​ឆ្នាំ​ម្ដង​។ ទូរទស្សន៍ Aljazeera ក៏បាន​រកឃើញ​ប្រភេទ​នៃ​ការបាត់​លុយ​មួយទៀត ហើយ​នោះ​គឺ ពន្ធ ។ ជា​ឧទាហរណ៍ ក្រុមហ៊ុន​ប្រេង ដែល​ត្រូវ​បង់ពន្ធ​លើ​លុយ​ចំណាញ​ពួកគេ​ទៅកាន់​ក្រុមហ៊ុន​ប្រេងកាត​ជាតិ​នី​ហ្សេ​រី​យ៉ា (NNPC) រង​ការចោទប្រកាន់ថា ប្រកាស​លុយ​ចំណេញ​តិចជាង​លុយ​ចំណេញ​ពិត ដើម្បី​អាច​បង់ពន្ធ​ជូន​រដ្ឋ​ទាប​។​
 
​បញ្ហា​មួយទៀត គឺ​នី​ហ្សេ​រី​យ៉ា​មាន​ចោរលួច​ប្រេង​។ បើតាម​របាយការណ៍រ​បស់​ទូរទស្សន៍ Aljazeera ក្នុង​ដើមឆ្នាំ​២០១៩ ប្រេង​២២​លាន​បារ៉ែល ត្រូវបាន​ចោរលួច និង​យកទៅលក់​នៅ​ទីផ្សារងងឹត​។ ប្រេង​ចោរ​ទាំងនេះ ត្រូវ​ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​ឈ្មួញ​ទទួលផល​ពី​ចោរ​ក្នុង​តំបន់​អាហ្វ្រិក​ខាងលិច អឺរ៉ុប អាមេរិក​ឡាទីន និង​អាស៊ី ៕ 
 
 
 

Tag:
 នី​ហ្សេ​រី​យ៉ា​
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com