ជាតិ
អាជ្ញាធរអះអាងថា ចាប់តែស្វាកាចៗ ចេញពីប្រាសាទបាយ័នប៉ុណ្ណោះ
× សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានចុះចាប់សត្វស្វាកាចមួយចំនួននៅប្រាសាទបាយ័ន យកទៅលែងក្នុងព្រៃក្រៅតំបន់ប្រាសាទ។ គម្រោងចាប់ស្វានេះ ទទួលបានមតិគាំទ្រ និងមិនគាំទ្រ។ អ្នកគាំទ្រយល់ស្របថា ការចាប់ស្វាកាចដែលរំខានដល់ទេសចរ ខណៈមតិផ្សេងលើកឡើងពីកង្វល់ពីការបែកបាក់ក្រុមគ្រួសាររបស់សត្វស្វាទាំងនោះ។
អ្នកជំនាញរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម បានចាប់ផ្តើមចុះចាប់ ហ្វូងសត្វស្វាកាចៗ ដែលរស់នៅបរិវេណប្រាសាទបាយ័ន នៅព្រឹកថ្ងៃទី២៩ ធ្នូ ក្រោមកកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា។ ការចុះចាប់សត្វស្វាកាចនេះ ត្រូវបានអាជ្ញាធរជាតិអប្សរាពន្យល់ថា សត្វស្វាទាំងនោះ បានបង្កការរំខានដល់អ្នកទេសចរ និងពេលខ្លះធ្វើអ្នកទេសចរមានរបួសទៀតផង។ មិនតែប៉ុណ្ណោះ ស្វាកាចៗទាំងនោះ ក៏ធ្លាប់ធ្វើឲ្យខូចខាតផ្ទាំងព័ត៌មាន និងជាពិសេសធ្លាប់ រុញថ្មប្រាសាទឲ្យជ្រុះទៀតផង។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទបាយ័ន អ្នកនាង ហួរ រិទ្ធា ប្រាប់ថា ស្វាកាចមួយចំនួន បានបង្កការរំខាន ធ្វើឱ្យខូចខាតផ្ទាំងព័ត៌មាន និងពេលខ្លះបានខាំភ្ញៀវទេសចរផង ដែលធ្វើឱ្យក្រុមភ្នាក់ងារទេសចរណ៍ ពិបាកគ្រប់គ្រង។ អ្នកនាងបន្ថែមថា ដោយសារគ្មានដំណោះស្រាយទប់ទល់នឹងស្វាទាំងនោះ ក្រុមការងារបានរាយការណ៍បញ្ហានេះទៅថ្នាក់លើ ដើម្បីមានដំណោះស្រាយ ចាប់យកស្វាកាចៗ ចេញពីតំបន់ប្រាសាទ។
ដ្បិតតែយល់ស្របនឹងកិច្ចការចាប់ស្វាកាចៗចេញពីប្រាសាទបាយ័ន ប៉ុន្តែក្រុមអ្នកថតសត្វស្វា បានបង្ហាញការបារម្ភចំពោះការពង្រាត់សត្វស្វាទាំងនោះចេញពីគ្រួសាររបស់វា និងធ្វើឱ្យបាត់វត្តមានសត្វក្នុងព្រៃឧទ្យានអង្គរទៅវិញ។ ក្រៅពីកង្វល់មួយនេះ ក្រុមអ្នកថតសត្វស្វាផ្សព្វផ្សាយតាមបណ្តាញយូធូបនៅបរិវេណប្រាសាទបាយ័ននេះ ក៏មិនពេញចិត្តចំពោះការដែលមន្ត្រីជំនាញចុះចាប់សត្វស្វាទាំងនោះ មិនសហការជាមួយក្រុមខ្លួន។ តំណាងមួយរូប នៃក្រុមអ្នកថតសត្វនេះ បានលើកឡើងនៅវីដេអូផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុកថា ក្រុមអ្នកថតសត្វស្វា នៅប្រាសាទបាយ័ននេះ ស្គាល់ចរិតសត្វស្វាណាកាច សត្វស្វាណាស្លូតច្បាស់ ដោយសារតែពួកគាត់ ជិតស្និទ្ធនឹងពួកវាយូរឆ្នាំមកហើយ។ ប៉ុន្តែអ្នកដែលចុះចាប់សត្វស្វា មិនបានចាប់តែស្វាដែលកាចៗ ដូចដែលក្រុមខ្លួនបានប្រាប់នោះឡើយ ពោលគឺចាប់ទៅទាំងកាច ទាំងស្លូត។ អ្វីដែលកាន់តែធ្វើក្រុមអ្នកថតសត្វស្វានេះ មិនសប្បាយចិត្តនោះ ព្រោះតែនៅព្រឹកមិញនេះ មានសត្វស្វា២ក្បាលបានធ្លាក់ពីលើដើមឈើ ក្រោយពួកវាបានត្រូវថ្នាំសន្លប់ដែលចាក់ដោយមន្ត្រីជំនាញនៃរដ្ឋបាលព្រៃឈើ។
ឆ្លើយតបនឹងករណីនេះ លោក សេក សេង អនុប្រធានការិយាល័យសង្គ្រោះ និងព្យាបាល នៃរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២៩ ធ្នូនេះ ក្រុមការងារលោកបានចាប់ស្វាកាចចំនួន១៦ក្បាលពីប្រាសាទបាយ័ន និងកំពុងបញ្ជូនទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ។ លោកបញ្ជាក់ថា ការចុះចាប់នេះ គឺក្រុមការងារនៃរដ្ឋបាលព្រៃឈើមានវិធីសាស្ដ្រ និងបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាពីសុវត្ថិភាពសត្វស្វាទាំងនោះ។ ជាមួយគ្នានេះ លោក សេក សេង អះអាងប្រាប់សារព័ត៌មានថ្មីៗថា ពុំមានសត្វស្វាស្លាប់ដូចការចោទប្រកាន់នោះទេ ស្វា ២ក្បាលដែលសន្លប់នោះ បានដឹងខ្លួនវិញហើយ។
ទាក់ទងនឹងក្តីបារម្ភជុំវិញការចាប់សត្វសា្វខុស អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានពន្យល់ថា អ្នកជំនាញនឹងចាប់យកចេញតែស្វាកាចៗ ដែលអាចបង្កហានិភ័យដល់ទេសចរ និងប្រាសាទតែប៉ុណ្ណោះ មិនធ្វើឡើងមិនមែនចំពោះសត្វស្វាទាំងអស់នោះទេ ៕
Tag:
ទេសចរណ៍
ស្វា
ប្រាសាទបាយ័ន
© រក្សាសិទ្ធិដោយ thmeythmey.com