ជាតិ
សេដ្ឋកិច្ច
មន្រ្តីជំនាញ៖ តំបន់អប្សរានៃប្លុក A អាចផលិតប្រេងបានជាង៣០លានបារ៉ែល
30, Dec 2020 , 12:48 pm        
រូបភាព
រូបរង្វង់មូល គឺលោក ជៀប សួរ ថ្លែងក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីខែមេសា ឆ្នាំ២០២០ (រូបពីក្រសួងព័ត៌មាន) ហើយរូបនាវានេះ គឺជានាវាបូមប្រេងក្នុងឈូងសមុទ្រកម្ពុជា (រូបពីទំព័រហ្វេសប៊ុកនាយករដ្ឋមន្រ្តី)
រូបរង្វង់មូល គឺលោក ជៀប សួរ ថ្លែងក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីខែមេសា ឆ្នាំ២០២០ (រូបពីក្រសួងព័ត៌មាន) ហើយរូបនាវានេះ គឺជានាវាបូមប្រេងក្នុងឈូងសមុទ្រកម្ពុជា (រូបពីទំព័រហ្វេសប៊ុកនាយករដ្ឋមន្រ្តី)
លោក ជៀប សួរ អគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បញ្ចេញព័ត៌មានថា តំបន់អប្សរានៃប្លុក A អាចមានចំនួនប្រេងសរុបជាង៣០លានបារ៉ែល ដោយក្នុង១បារ៉ែល ស្មើនឹង១៥៦លីត្រ។ លោកអគ្គនាយករូបនេះ បានឲ្យដឹងថា ក្រុមហ៊ុន អាចប្រើពេលពី៨ឆ្នាំទៅ៩ឆ្នាំ ក្នុងការបូមប្រេងនិងការផលិតប្រេងជាង៣០លានបារ៉ែលនោះ ពីតំបន់អប្សរានៃប្លុក A។



លោក ជៀប សួរ មិនទាន់បានទទួលព័ត៌មានលម្អិតឡើយថា ប្រេងកម្ពុជា នឹងអាចបញ្ចេញលក់បាននៅពេលណា ហើយយកទៅលក់នៅទីផ្សារអន្តរជាតិណាឬប្រទេសណា។ ប៉ុន្តែ លោក អះអាងថា ក្រុមហ៊ុន Kris Energy ដែលជាក្រុមហ៊ុនទទួលសិទ្ធិក្នុងការរុករកប្រេងនៅកម្ពុជា នឹងដាក់ឲ្យក្រុមហ៊ុនអន្តរជាតិដេញថ្លៃលើការទិញប្រេងពីកម្ពុជា។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ មន្រ្តីជំនាញផ្នែកប្រេងកាតរូបនេះ មានប្រសាសន៍ដូច្នេះថា៖«ការធ្វើទីផ្សារដេញថ្លៃ [ក្រុមហ៊ុន] គាត់កំពុងតែធ្វើហើយ នៅពេលធ្វើចប់ភ្លាម គឺអាចបញ្ចេញ [ប្រេងយកទៅលក់] បានហើយ»។

មន្រ្តីបច្ចេកទេសខាងលើ ក៏មិនទាន់អាចបាន់ស្មានបានដែរថា ប្រេងជាង៣០លានបារ៉ែលនោះ នឹងអាចលក់បានថវិកាប៉ុន្មាន។ យ៉ាងណា លោក លើកឡើងថា គេ អាចគណនាក្រៅផ្លូវការដោយខ្លួនឯងបាន ដោយទីផ្សារប្រេងបច្ចុប្បន្ន ១បារ៉ែល មានតម្លៃពី៤៨ដុល្លារ ទៅ៤៩ដុល្លារ ឬក៏អាចហក់ឡើងដល់៥០ដុល្លារ។ លោក បន្តថា តម្លៃប្រេង គឺប្រែប្រួលចុះឡើងៗជានិច្ច ហើយក៏អាស្រ័យលើទិន្នផលប្រេងជាក់ស្តែងដែរ។

៣០លានបារ៉ែល អាចលក់បានជាង១៥០០លានដុល្លារ បើលក់៥០ដុល្លារក្នុង១បារ៉ែល អាចលក់បានជាង១៤៧០លានដុល្លារ បើលក់៤៩ដុល្លារក្នុង១បារ៉ែល ឬអាចលក់បានជាង១៤៤០លានដុល្លារ បើលក់៤៨ដុល្លារក្នុង១បារ៉ែល។

បើតាមន្រ្តីជាន់ខ្ពស់របស់ក្រសួងរ៉ែដដែល ប្រេង ដែលបូមបាន គឺផ្ទុកនៅក្នុងនាវា ដោយនាវា១ អាចផ្ទុកបានប្រមាណ៣៣ម៉ឺនបារ៉ែល។ លោក បន្តថា បើការផលិតនិងការបូមប្រេង ដំណើរបានល្អ ក្រុមហ៊ុន នឹងបន្ថែមនាវាទៀត សម្រាប់ផ្ទុកប្រេងនោះ។

ដ្បិតកម្ពុជា អាចបូមប្រេងបានដោយខ្លួនឯងក៏ដោយ តែកម្ពុជា មិនទាន់អាចកាន់បន្ថយការនាំចូលប្រេងនោះទេ។ លោក ជៀប សួរ ពន្យល់ហេតុផលថា ប្រេងដែលកម្ពុជា បូមបាន គឺជាប្រេងឆៅ ដោយមិនអាចយកមកប្រើប្រាស់បានឡើយ។ លោក ប្រាប់ថា ប្រេងឆៅទាំងនោះ ត្រូវការយកទៅចម្រាញ់សិន ទើបអាចប្រើប្រាស់បាន តែកម្ពុជា ពុំទាន់មានរោងចក្រចម្រាញ់ប្រេងនោះទេ ដូច្នេះ មានតែយកទៅលក់ទាំងឆៅ នៅទីផ្សារអន្តរជាតិ។

លោក ថ្លែងបែបនេះថា៖«រហូតមកដល់ពេលនេះ រោងចក្រចម្រាញ់របស់យើង សាងសង់អត់ទៅមុខទេ វា មានបញ្ហាហិរញ្ញវត្ថុអីផ្សេងៗ»។

ក្នុងប្លុក A មាន៣តំបន់។ កម្ពុជា ទើបតែរកឃើញនិងចាប់ផ្តើមបូមប្រេងបានតែនៅក្នុងតំបន់អប្សរា១ប៉ុណ្ណោះ ខណៈតំបន់២ផ្សេងទៀតនៃប្លុក A ក្រុមហ៊ុន មិនទាន់ចាប់ផ្តើមរុករកឡើយ។ ប្លុក A នេះ ស្ថិតក្នុងឈូងសមុទ្រកម្ពុជា។

ក្រៅពីប្លុក A គេ មិនទាន់អាចវាយតម្លៃបានឡើយថា ប្លុកផ្សេងទៀត អាចមានប្រេងដែរឬក៏អត់។ បើតាមលោក ជៀប សួរ ការរុករកប្រេងនៅតំបន់ផ្សេងទៀត គឺមានសកម្មភាពតិចតួចប៉ុណ្ណោះ។ លោក និយាយថា៖«យើង ចាំមើលកាចាប់អារម្មណ៍ពីអ្នកវិនិយោគទុន មកបន្ថែមទៀតសិន»។

នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដំណឹងលើទំព័រហ្វេសប៊ុកថា កម្ពុជា ចាប់ផ្តើមមានដំណក់ប្រេងរបស់ខ្លួនជាលើកដំបូងហើយ។ សម្តេចនាយករដ្ឋមន្រ្តី បានប្រាប់ទៅសម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ឲ្យយកដំណក់ប្រេងនេះ ទៅតម្កល់ទុកនៅវិមានឈ្នះឈ្នះ ដើម្បីទុកជាប្រវត្តិសាស្រ្ត។

ប្រមុខរដ្ឋាភិបាល ចាត់ទុកការចាប់ផ្តើមផលិតកម្មប្រេងនេះ ថាជាពរជ័យសម្រាប់កម្ពុជា និងជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតសមត្ថភាពជាតិ ខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និង ថាមពលនៅកម្ពុជា។ ប្រមុខរដ្ឋាភិបាល មើលឃើញថា ផលប្រយោជន៍សំខាន់ៗ រួមមាន ចំណូលថវិកាជាតិ និង ផលសេដ្ឋកិច្ច ដែលទទួលបានពីខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាតនេះជាដើម។

ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកធ្វើការជាមន្រ្តីរាជការ បង្ហាញការរីករាយ ពេលទទួលដំណឹងថា កម្ពុជា ចាប់ផ្តើមបូមប្រេងខ្លួនឯង ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ទៅ៕

Tag:
 ជៀ់ប សួរ
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com