ជាតិ
សង្គមជាតិ
ក្រសួង​វប្បធម៌​អនុញ្ញាត​ឲ្យ​ដំណើរការ​រោងភាពយន្ត រោង​សម្តែង​សិល្បៈ និង​សារមន្ទីរ​ឡើងវិញ​
31, Dec 2020 , 2:05 pm        
រូបភាព
ដោយ:
​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​សារមន្ទីរ​ជាតិ និង​បើក​រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ​គ្រប់​ប្រភេទ​ឡើងវិញ​។ ប៉ុន្តែ​ក្រសួង​តម្រូវ​ឲ្យ​ទីតាំង​ទាំងនេះ បន្ត​គោរព​គោលការណ៍​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ឲ្យ​ម៉ឺងម៉ាត់​បំផុត​។

 
​ពីរ​ថ្ងៃក្រោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ការចូល​ទស្សនា​សារមន្ទី​រ ការបើក​រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ​គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ បាន​បញ្ចាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​ការចូល​ទស្សនា​សារមន្ទី​រ រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ​គ្រប់​ប្រភេទ​ទូទាំងប្រទេស ដែល​បាន​ចុះ​អនុសារ​យោគយល់​ជាមួយ​ក្រសួង​»​។ 
 
​ជាមួយគ្នានេះ ក្រសួង​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​រោងភាពយន្ត រោង​សម្តែង​សិល្បៈ និង​អ្នកគ្រប់គ្រង​សារមន្ទីរ​ទាំងអស់ ឲ្យ​បន្ត​អនុវត្ត​វិធានការ​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល​ឲ្យ​ខ្ជាប់ខ្ជួន និង​ម៉ឹងម៉ាត់​បំផុត​។ វិធានការ​ទាំងនោះ​រួមមាន​ត្រូវ​រក្សា​គម្លាត​យ៉ាង​១.៥​ម៉ែត្រ ពាក់​ម៉ាស លាងដៃ​ជាប្រចាំ​ជាមួយ​អាល់កុល ឬ​ជែង និង​ត្រូវ​វាស់​កម្តៅ​មុន​អនុញ្ញាត​ឲ្យ​ទីតាំង​ណាមួយ​។ 
 
​គួរ​រំ​ឮ​កថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានសម្រេច​បិទ​ការចូល​ទស្សនា​សារមន្ទី​រ រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ​នានា ក្រោយ​កម្ពុជា​ផ្ទុះ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក្នុង​សហគមន៍ កាលពី​ថ្ងៃទី​២៨ វិច្ឆិកា ឆ្នាំ​២០២០​។ សម្តេច ហ៊ុន សែន បានដាក់​ឈ្មោះ​ការឆ្លង​ក្នុង​សហគមន៍​នោះ​ថា ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​៕  
 
 

Tag:
 ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com