ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី សេង រាសី ប្តេជ្ញា​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ដែលជា​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​
31, Dec 2020 , 2:29 pm        
រូបភាព
​អ្នកស្រី សេង រាសី គឺជា​នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ ដែល​ធ្វើ​កិច្ចការ​ផ្តោតលើ​ការលើកកម្ពស់​សិទ្ធិ​ស្ត្រី និង​សមភាព​យេនឌ័រ​។ មាន​វ័យ​៣២​ឆ្នាំ អ្នកស្រី រាសី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បើទោះជា​ខ្លួន​មាន​សមត្ថភាព ហើយ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ក្លាយជា​អ្នកដឹកនាំ​ក៏ដោយ ប៉ុន្តែ​អ្នកស្រី ក៏​នៅតែ​ទទួលបាន​ការរើសអើង និង​ការមិន​ឲ្យ​តម្លៃ​ដោយសារតែ​ខ្លួន​ជា​ស្ត្រី និង​មាន​វ័យក្មេង​។ ការណ៍​នេះ បានធ្វើ​ឲ្យ​នាយិកា​ប្រតិបត្តិ​រូបនេះ អន់ចិត្ត ប៉ុន្តែ​វា​ក៏​ជាស​ញ្ញា​ឲ្យ​ឃើញថា ការ​រើស​រើ​ង​ចំពោះ​ស្ត្រី​នៅតែមាន ទោះជា​គេ​មាន​សមត្ថភាព​ក៏ដោយ​។ អ្នកស្រី សេង រាសី គូសបញ្ជាក់ថា ផ្នត់គំនិត​ចាស់គំរឹល កង្វះ​គំរូ​ភាព គួបផ្សំ​នឹង​ប្រព័ន្ធ​គាំទ្រ​ស្ត្រី​ឲ្យ​បញ្ចេញ​សមត្ថភាព និង​សក្តានុពល​របស់ខ្លួន​ឲ្យ​ដូចនឹង​បុរស នោះ​ហើយ​ដែល​បាន​រារាំង និង​បង្អាក់ដំណើរ​របស់​ស្ត្រី​នៅក្នុង​ការចូលរួម​អភិវឌ្ឍន៍​សង្គម ក៏ដូចជា​ធ្វើ​ឲ្យ​ចំនួន​ស្ត្រី​នៅក្នុង​ថ្នាក់​សម្រេចចិត្ត​ក្នុង​វិស័យ​នយោបាយ​មាន​ចំនួន​តិច​។ ទោះយ៉ាងណា​នាយិកា​ប្រតិបត្តិ​វ័យក្មេង​រូង​នេះ នៅ​បន្ត​ប្តេជ្ញា​ឥត​រួញរា ក្នុង​ការងារ​លើកកម្ពស់​សិទ្ធិ​ស្ត្រី ដែល​អ្នកស្រី​ជឿថា ជា​គ្រឹះ​មួយ​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​។ 

 
​បច្ចុប្បន្ន មាន​ស្ត្រី​ជា​អ្នកដឹកនាំ​កំពូល ឬ​ស្ថិតនៅក្នុង​ថ្នាក់​សម្រេចចិត្ត នៅក្នុង​ស្ថាប័ន​មិន​ច្រើន​នោះទេ បើ​ធៀប​នឹង​ចំនួន​បុរស​។ អ្នកស្រី សេង រាសី គឺជា​នាយិកា​ប្រតិបត្តិ​នៃ​អង្គសីល​ការ ហើយ​ដែល​ស្ថិតក្នុង​ចំណោម​ស្ត្រី​ជា​អ្នកដឹកនាំ​អង្គការ​សង្គម​ស៊ីវិល ដ៏​តិចតួច​នោះ​។ ជា​កូន​ទី​៣ នៃ​គ្រួសារ​ដែលមាន​ឪពុក​ជា​មន្ត្រីរាជការ និង​ម្តាយ​ជា​អាជីវករ​នៅ​រាជធានី​ភ្នំពេញ អ្នកស្រី សេង រាសី បាន​រៀបរាប់ថា​អ្នកស្រី​បាន​ស្ម័គ្រចិត្ត​ធ្វើការ​នៅ​អង្គការ​សីល​ការ នៅ អំឡុង​ឆ្នាំ​២០១២ ស្រប​ពេលដែល​ខ្លួន កំពុង​សិក្សា​អនុបណ្ឌិត​ផ្នែក​ហិរញ្ញវត្ថុ​អន្តរជាតិ នៅ​សាកល​វិទ្យា​បញ្ញា​សាស្ត្រ​កម្ពុជា​។ 
 
​មាន​វ័យ​៣២​ឆ្នាំ អ្នកស្រី សេង រាសី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការងារ​សង្គម​នៅក្នុង​អង្គការ​សីល​ការ គឺជា​ការងារ​ដំបូង​របស់ខ្លួន ហើយក៏​ទីកន្លែង​ដែ​នាំ​ឲ្យ​អ្នកស្រី​បាន​រកឃើញ​ចំ ណង់​ចំណូលចិត្ត និង​ការងារ​មួយ​ដែល​ខ្លួន​ស្រឡាញ់​ជា​ពន់ពេក​ផងដែរ​។  ចាប់ផ្តើម​ពី​ការ ងារ​ស្ម័គ្រចិត្ត ស្ត្រី​សម្បុរ​ស្រអែម​រូបនេះ បាន​បន្តការងារ​រហូត​ដល់​ទៅ​៦​ឆ្នាំ នៅក្នុង​អង្គការ​សីល​ការ ក្នុងនាម​ជា​ជំនួយការ​នាយិការ​ប្រតិបត្តិ និង​ជា​អ្នកសម្របសម្រួល​គម្រោង​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​នៅក្នុង​វិស័យ​នយោបាយ និង​ការងារ​មួយចំនួនទៀត បើទោះជា​គ្រានោះ ក្រុមគ្រួសារ​មិនសូវ​យល់​តម្លៃ​នៃ​ការងារ​របស់ខ្លួន​ក៏ដោយ​។ ក្រោយមក​នៅក្នុង​ដើមខែ​ធ្នូ ឆ្នាំ​២០១៨ អ្នកស្រី រាសី ត្រូវបាន​ជ្រើសរើស​ជា​នាយិការ​ប្រ​ត្តិ​ប​ត្តិ​អង្គការ​សីល​ការ​។ ជោគជ័យ​ក្នុង​ការងារ បានធ្វើ​ឲ្យ​អ្នកស្រី រាសី អាច​យកឈ្នះ​ការមិន​ពេញចិត្ត​ក្រុមគ្រួសារ ហើយ​ក៏បាន​ទទួលបាន​គាំទ្រ​ពី​ក្រុមគ្រួសារ​ច្រើនជាង​ពេលមុន​។ 
 

 
​បើតាម អ្នកស្រី សេង រា​រី មូល​ហេតុដែល​អ្នកស្រី​ត្រូវបាន​ក្រុមប្រឹក្សាភិបាល​ជ្រើសរើស ក៏​ព្រោះតែ​គេ​បាន​មើលឃើញ​ពី​សេចក្តីស្រឡាញ់ ឆន្ទៈ និង​ការប្តេជ្ញា​របស់ខ្លួន នៅក្នុង​កិច្ចការ​សង្គម​មួយ​នេះ​។  អ្នកស្រី សេង រាសី រៀបរាប់ ក្នុង​សម្តី​ដ៏​មាន​ថាមពល​យ៉ាង​ដូច្នេះ​៖ «​យើង​ដឹងថា​ការធ្វើ​កិច្ចការ​សង្គម វា​មានការ​លំបាក វា​ត្រូវការ​ឲ្យ​អ្នក​ហ្នឹង​មានការ​ប្តេជ្ញា និង​កម្លាំង និង​ថាមពល ហើយ​ស្រឡាញ់​ការងារ​មួយ​ហ្នឹង​។ ការងារ​អី​ក៏​(​ត្រូវ​)​ស្រឡាញ់​ដែរ តែ​គ្រាន់តែ​ថា​ការងារ​មួយ​ហ្នឹង ទាមទារ​ឲ្យ​យើង​ស្រឡាញ់​ច្រើន ពីព្រោះ​បើ​យើង​អត់​ស្រឡាញ់​ទេ យើង​នឹង​ងាយ​បោះបង់​។ ដោយសារ​ហត់នឿយ​ច្រើន មិន​ត្រឹមតែ​ត្រូវ​គិតគូរ​ពី​រឿង​ក្នុង​អង្គភាព​ទេ ត្រូវ​គិតគូរ​ពី​រឿង​សង្គម​ខាងក្រៅ និង​ថែមទាំង​រឿង​នៅក្នុង​គ្រួសារ​ទៀត​។ អីចឹង​ត្រូវការ​ឲ្យ​ម្នាក់​ហ្នឹង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ មាន​ឆន្ទៈ និង​ការប្តេជ្ញា​ខ្ពស់​»​។ 
 
 
​សម្រាប់​អ្នកស្រី សេង រាសី ថ្វីដ្បិតតែ​ជឿជាក់​ចំពោះ​សមត្ថភាព​របស់ខ្លួន​ក៏ដោយ ប៉ុន្តែ​ស្ត្រី​រូបនេះ បាន​យល់​យ៉ាងច្បាស់​ហើយ​ថា តួនាទី​ជា​អ្នក​ស​ម្រេ​ចិត្ត​នៅក្នុង​អង្គភាព​មួយ គឺជា​អ​ម្រែ​ក​ដ៏​លំបាក និង​ជា​របត់​ជីវិត​ថ្មី​មួយទៀត​សម្រាប់​ខ្លួន​។ តែ​យ៉ាងណា ស្ត្រី​ដ៏​ក្លាហាន និង​មាន​ជំនឿ​ចិត្ត​មុតមាំ​មួយរូប​នេះ ព្រម​រ៉ាប់រង​មិន​រួញរា ព្រោះតែ​ក្តី​ស្រឡាញ់ និង​ជំនឿ​របស់ខ្លួន ដែល​ជឿថា សិទ្ធិ​ស្ត្រី គឺជា​សិទ្ធិមនុស្ស ហើយ​សិទ្ធិមនុស្ស​នេះឯង គឺជា​អ្វីមួយ​ដែល​ចាំបាច់​បំផុត សម្រាប់​ការអភិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​សង្គម​មួយ​។ «​បើទោះបី​ផ្លូវ​ហ្នឹង​វារ​លាក់ វា​ពិបាក​យ៉ាងម៉េច យើង​ត្រូវ​ដឹងថា ពេលដែល​យើង​សម្រេចចិត្ត​បែបនេះ យើង​ត្រូវ​ទទួល​អី​? អីចឹង​សម្រាប់​ខ្ញុំ​នៅពេលដែល​ខ្ញុំ​ដាក់​តួនាទី ជា​នាយិកា​ប្រតិបត្តិ​នេះ ខ្ញុំ​បានដឹង​រួចទៅហើយ​ថា​អ​ម្រែ​កមួយ​នេះ​មិន​ស្រាល​ទេ​។ បទពិសោធន៍​ដែល​ធ្វើការ​ជាមួយ​អ្នក​មីង​(​អ្នកស្រី ធីតា ឃឹះ​) មើលឃើញ​កិច្ចប្រឹងប្រែង​របស់គាត់ ខ្ញុំ​ដឹងថា​វា​លំបាក ប៉ុន្តែ​បើ​ដឹងថា​លំបាក ហេតុ​ម៉េច​បានដាក់​? ចម្លើយ​យ៉ាងខ្លី ដោយសារ​ស្រឡាញ់​! ស្រឡាញ់​កិច្ចការងារ​មួយ​ហ្នឹង ហើយ​ដឹងថា​នេះ​ជា​អ្វីដែល​បេះដូង​ខ្លួនឯង​ប្រាប់ថា​ចង់​ធ្វើ​។ អីចឹង​ហើយក៏​សម្រេចចិត្ត​បន្តដំណើរ​មួយ​នេះ បើទោះបី​ដឹងថា អ​ម្រែ​កមួយ​ហ្នឹង​ធ្ងន់ និង​លំបាក​ក៏ដោយ​»​។ នេះ​ជាការ​រៀបរាប់​របស់​នា​យិ​ការប្រតិបត្តិ​អង្គការ​សីល​ការ ប្រាប់​សារព័ត៌មាន​ថ្មីៗ​។ 
 
​ផ្នត់គំនិត​ចាស់គំរឹល និង​ខ្វះ​គំរូ​ភាព បានធ្វើ​ឲ្យ​ស្ត្រី​នៅ​ថ្នាក់​សម្រេចចិត្ត​ក្នុង​វិស័យ​នយោបាយ​មាន​តិច​
 
​បើទោះបីជា​ស្ថិតនៅក្នុង​សតវត្ស​ទី​២១​ទៅហើយ​ក្តី ប៉ុន្តែ​កម្ពុជា​នៅតែមាន​ផ្នត់គំនិត​ចាស់គំរឹល ជុំវិញ​ការកំណត់​ការទទួលខុសត្រូវ និង​តួនាទី​របស់​ស្ត្រី​នៅក្នុង​សង្គម​។ មិនតែប៉ុណ្ណោះ សង្គម​កម្ពុជា នៅ​មិនទាន់បាន​ឲ្យ​តម្លៃ​ពេញលេញ​ចំពោះ​ស្ត្រី ក្នុងតួនាទី​ជា​អ្នកដឹកនាំ​នៅឡើយ​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី សេង រាសី នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ ដែល​បាន​លើក​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន​មក​បញ្ជាក់​បន្ថែមថា ខ្លួន​ធ្លាប់​ត្រូវបាន​គេ​រើសអើង និង​មិនសូវ​ឲ្យ​តម្លៃ​ព្រោះតែ​ជា​ស្ត្រី និង​វ័យក្មេង​ជាងគេ​។ អ្នកស្រី រាសី បន្តទៀតថា​៖«​មានរឿង​ប្រឈម​ច្រើន ទាំង​កម្រិត​បុគ្គល និង​បរិយាកាស​ខាងក្រៅ​។ ប្រឈម​កម្រិត​បុគ្គល ដោយសារតែ​វ័យ​របស់ខ្ញុំ នៅក្នុង​វ័យ​មួយ​ដែល​ក្មេង ហើយ​ខ្ញុំ​កាន់​តួនាទី​មួយ​នេះ អីចឹង​ទៅ​ការរើសអើង​ដោយសារ​វ័យ​របស់​យើង ហើយ​ដោយសារតែ​យើង​ជា​មនុស្ស​ស្រី នៅតែ​កើតឡើង​។ រយៈពេល​២​ឆ្នាំ​មកនេះ អត់​បាត់​ទេ​»​។ 
 


 
​សម្រាប់​អ្នកស្រី សេង រាសី ផ្នត់គំនិត​រើ​ង​អើ​ង​លើ​យេនឌ័រ​នេះហើយ បាន​រារាំង និង​បង្អាក់ដំណើរ​របស់​ស្ត្រី​មិន​ត្រឹមតែ​នៅក្នុង​ផ្នែក​សង្គម​ស៊ីវិល​នោះទេ ប៉ុន្តែ​វា​ក៏​រួមចំណែក​ធ្វើ​ឲ្យ​ចំនួន​ស្ត្រី​នៅក្នុង​ថ្នាក់​សម្រេចចិត្ត ក្នុង​វិស័យ​នយោបាយ​មាន​ចំនួន​តិច​ផងដែរ​។ ក្រៅពីនេះ​កង្វះ​គំរូ​ភាព កង្វះ​ប្រព័ន្ធ​គាំទ្រ​ស្ត្រី​ឲ្យ​បញ្ចេញ​សមត្ថភាព និង​សក្តានុពល​របស់ខ្លួន​ឲ្យ​ដូចនឹង​បុរស និង​កង្វះ​ការចែក​ការទទួលខុសត្រូវ​កិច្ចការ​ក្នុងផ្ទះ ក៏បាន​បន្ថែម​បន្ទុក​ឲ្យ​ស្ត្រី​ផងដែរ​។ លើសពីនេះ អ្នកស្រី សេង រាសី មើលឃើញថា យុវជន យុវតី​ខ្មែរ ក៏​នៅ​មិនទាន់​យល់ច្បាស់​ពី​ពាក្យនយោបាយ​ច្បាស់​នៅឡើយ​។ ការចូលរួម​ធ្វើ​នយោបាយ មិនចាំបាច់​ទាល់តែ​ត្រូវ​ចូលទៅក្នុង​គណបក្សនយោបាយ​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី សេង រាសី រួច​បាន​បន្តថា​៖ «​ខ្ញុំ​ជឿថា ពាក្យនយោបាយ​អត់​ល្អ ហើយក៏​អត់​អាក្រក់​ដែរ​។ វា​គ្រាន់តែ​ពាក្យ​ទេ វា​សំខាន់​នៅលើ​អ្នកប្រព្រឹត្ត​ហ្នឹង​ធ្វើ​វា​ឡើង​ដោយ​របៀប​ណា ពីព្រោះ​យើង​ត្រូវការ​មនុស្ស​គ្រប់គ្នា​ចូលរួម​នៅក្នុង​គ្រប់​បរិយាកាស​សង្គម​»​។​
 


​អ្នកដឹកនាំ​វ័យក្មេង​រូបនេះ បាន​លើកទឹកចិត្ត​ឲ្យ​យុវជន ឬ​ពលរដ្ឋ​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​នយោបាយ ទោះ​នៅក្នុង​កម្រិត​ណាក៏ដោយ ចាំបាច់​ត្រូវ​ស្វែងយល់ និង​ស្គា​ល់ពី​នយោបាយ​ជាមុនសិន ហើយក៏​ដាច់​ត្រូវតែ​ស្គា​ល់ពី​គុណ​តម្លៃ និង​គោលដៅ​នៃ​ការ​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​របស់ខ្លួន​ជាមុនសិន​។ សម្រាប់​អ្នកស្រី សេង រាសី នៅពេលដែល​យុវជន​ស្គាល់​ពីអ្វី​ដែល​ខ្លួន​ចង់បាន​ហើយ នោះ​ទើប​ពួកគេ​អាច​ត្រៀមខ្លួន​ជួប​ប្រឈម​នឹង​ឧបសគ្គ​នៅក្នុង​ដំណើរ​ជីវិត​របស់គេ ក៏ដូចជា​ការត្រៀមខ្លួន​ក្នុងការ​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ទៅដល់​គោលដៅ​ដែល​ខ្លួន​ប្រាថ្នា ដោយ​មិន​សោកស្តាយ​៕

Tag:
 សេង រាសី​
  សីល​ការ​
 ​សិទ្ធិ​ស្ត្រី​
 ​យេនឌ័រ​
 ​នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com