កីឡាករបាល់ទាត់ឆ្នើមចំនួន៥រូប បានប្រកាសបញ្ចប់អាជីពជាកីឡាករនៅឆ្នាំ២០២០។ ទោះបីបញ្ចប់អាជីពជាកីឡាករ ក៏ពិតមែន ប៉ុន្តែពួកគេភាគច្រើននៅតែបន្តដើរលើវិថីកីឡាបាល់ទាត់ ដោយអ្នកខ្លះបានវិវត្តខ្លួនទៅជាគ្រូបង្វឹកយុវជន។
យ៉ាងហោចណាស់មានកីឡាករ៥រូបរួមមានកីឡាករ ឃួន ឡាបូរ៉ាវី, ខែក ខេមរិន្ទ្រ, ទូច បញ្ចរ៉ុង, សុខ សុវណ្ណ និងអ្នកចាំទី គឹម មករា បានសម្រេចបញ្ចប់អាជីពជាកីឡាករនៅឆ្នាំ២០២០ ក្រោមហេតុផលរៀងៗខ្លួន។ ប៉ុន្តែពួកគេភាគច្រើន មិនទៅណាឆ្ងាយពីវិស័យកីឡាបាល់ទាត់នោះទេ។
អតីតខ្សែប្រយុទ្ធរបស់ក្លិបបឹងកេត ឃួន ឡាបូរ៉ាវី បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់នៅថ្ងៃទី៩ មករា ឆ្នាំ២០២០ ក្នុងវ័យ៣១ឆ្នាំ ក្រោយប្រឡូកក្នុងវិស័យនេះអស់រយៈពេលជាង១០ឆ្នាំ។ បច្ចុប្បន្នបុរសមានដើមកំណើតមកពីខេត្តកំពង់ចាមរូបនេះ ជាមន្ត្រីបច្ចេកទេស និងជាគ្រូបង្វឹកយុវជននៅសាលាបាល់ទាត់ជាតិបាទី ក្រោមដំបូលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
បុរសវ័យ៣២ឆ្នាំរូបនេះ បានចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ដំបូងជាមួយក្លិបព្រះខ័នរាជស្វាយរៀងពីឆ្នាំ២០០៨-២០១៤។ ក្រោយមក រូបគេ ក៏បានផ្លាស់ទៅចូលរួមជាមួយក្លិបបឹងកេតនៅឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៨ និងបានជួយឲ្យក្លិបនេះគ្រងជើងឯកលីគកំពូលបានពីរលើក គឺនៅឆ្នាំ២០១៦ និង ២០១៧។
ឡាបូរ៉ាវី បានចេញទៅប្រកបអាជីពនៅក្រៅប្រទេសជាមួយក្លិបលំដាប់ទី៤របស់ថៃ Surat Thani នៅដើមឆ្នាំ២០១៩។ ប៉ន្តែរូបគេបានចែកផ្លូវជាមួយក្លិបនេះ ក្រោយរួមរស់បានពាក់កណ្តាលរដូវកាល ហើយបានត្រឡប់មកចូលរួមជាមួយក្លិបបឹងកេតសាជាថ្មីរហូតចប់រដូវកាលឆ្នាំ២០១៩។ បន្ទាប់មក រូបគេ ក៏បានប្រកាសបញ្ចប់អាជីពនៅដើមឆ្នាំ២០២០ តែម្តង។
អតីតអ្នកចាំទីរបស់ក្លិបបឹងកេត គឺម មករា បានបញ្ចប់អាជីពជាកីឡាករកាលពីអំឡុងខែមីនា ឆ្នាំ២០២០ ដោយសារមានបញ្ហាជង្គង់ ដែលបានរងរបួសដាច់សរសៃ ហើយបានវះកាត់កាលពីអំឡុងខែមករា ឆ្នាំ២០២០។ ក្រោយបញ្ចប់អាជីពជាកីឡាករ រូបគេ ត្រូវបានក្លិបបាល់ទាត់តែងតាំងឲ្យធ្វើជាគ្រូអ្នកចាំទីក្រុមយុវជនអាយុក្រោម១៨ឆ្នាំ។
អតីតកីឡាករមានស្រុកកំណើតនៅខេត្តតាកែវរូបនេះ បានចុះកិច្ចសន្យាលេងឲ្យក្លិបបឹងកេតនៅចុងឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៩។ រូបគេបានរួមចំណែកជួយឲ្យក្លិបបឹងកេតលើកពានលីគកំពូលពីរលើកនៅឆ្នាំ២០១៦ និង ២០១៧ និងពានសម្តេច ហ៊ុន សែន មួយលើកនៅឆ្នាំ២០១៩។
ចំណែកអតីតខ្សែការពារ ទូច បញ្ចរ៉ុង របស់ក្លិបបឹងកេតបានបញ្ចប់អាជីពជាកីឡាករនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងវ័យ៣៣ឆ្នាំ។ ការប្រកាសចូលនិវត្តន៍នេះ ព្រោះរូបគេចង់ផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយ ជាពិសេសដើម្បីមានពេលគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ខ្លួន ដែលក្លិបបានតែងតាំងរូបគេឲ្យធ្វើជាគ្រូជំនួយក្រុមយុវជនអាយុក្រោម១៨ឆ្នាំ។
បញ្ចរ៉ុង បានចូលប្រឡូកក្នុងវិស័យកីឡាករបាល់ទាត់ដំបូងក្នុងអំឡុងឆ្នាំ២០០៧ ជាមួយក្លិបដូហ្វីននៅខេត្តកោះកុង។ បន្ទាប់មកនៅក្នុងអំឡុងឆ្នាំ២០០៩ រូបគេបានផ្លាស់មកចូលរួមជាមួយក្លិបភ្នំពេញក្រោន មុនផ្ទេរទៅក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិនៅឆ្នាំ២០១១។ នៅចុងឆ្នាំ២០១១ រូបគេបានផ្លាស់ទៅចូលរួមជាមួយក្លិបកេតរហូតដល់ប្រកាសចូលនិវត្តន៍នាពេលបច្ចុប្បន្ន។
កូនទី៣ក្នុងគ្រួសារមានបងប្អូន៥នាក់រូបនេះ បានជាប់ជម្រើសជាតិកម្រិតយុវជន U19, U23 និងជម្រើសជាតិឈុតធំចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០១៥។ ចាប់ពីឆ្នាំ២០១៦មក បញ្ចរ៉ុង ពុំទទួលបានឱកាសជាប់ជម្រើសជាតិនោះឡើយ។
ដោយឡែក កីឡាករ ខែក ខេមរិន្ទ របស់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទបានប្រកាសចូលនិវត្តន៍កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ក្នុងវ័យ២៨ឆ្នាំ។ ខេមរិន្ទ បានរួមរស់ជាមួយសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទប្រមាណ១៣ឆ្នាំ និងបានជួយឲ្យក្លិបនេះគ្រងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ចំនួន៣លើកនៅឆ្នាំ២០១០, ២០១៦ និងឆ្នាំ២០១៨។
ដោយមើលឃើញពីសមត្ថភាព និងបទពិសោធន៍ធ្លាប់លេងឲ្យក្លិបនិងជម្រើសជាតិ អតីតខ្សែការពាររូបនេះ ត្រូវបានក្លិបតែងតាំងឲ្យធ្វើជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម១៨ឆ្នាំរបស់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ។
ជាមួយគ្នានេះខ្សែការពារ សុខ សុវណ្ណ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសបញ្ចប់អាជីពជាកីឡាករក្នុងវ័យ៣០ឆ្នាំ ក្រោយប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ជិត២០ឆ្នាំកន្លងមកនេះ។ សុវណ្ណ បានចូលរួមជាមួយក្លិបភ្នំពេញក្រោនពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១២ និងបានជួយឲ្យក្លិបនេះគ្រងជើងឯកលីគកំពូលចំនួន៣លើក និងពានរង្វាន់សម្តេច ហ៊ុន សែន ២លើក។
នៅឆ្នាំ២០១៣ ខ្សែការពាររូបនេះ បានផ្លាស់ទៅចូលរួមជាមួយក្លិបបឹងកេតរហូតដល់ឆ្នាំ២០១៧។ ក្រោយចំណាយពេល៥ឆ្នាំរួមរស់ជាមួយបឹងកេត រូបគេ បានរួមចំណែកជួយឲ្យក្លិបនេះគ្រងជើងឯកលីគកំពូលពីរលើក គឺនៅឆ្នាំ២០១៦ និង ២០១៧។
ក្រោយមកនៅឆ្នាំ២០១៨ រូបគេ បានផ្ទេរពីក្លិបបឹងកេតទៅចូលរួមវិសាខា ដែលទើបទទួលបានកៅអីឡើងទៅលេងលីគកំពូល។ ក្រោយរួមរស់បាន១រដូវកាលនៅឆ្នាំ២១៩ កីឡាកររូបនេះ បានត្រឡប់ទៅចូលរួមជាមួយក្លិបភ្នំពេញក្រោនក្រោមលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលឆ្នាំ២០២០៕