យ៉ាងហោចណាស់មានមន្ត្រី គ្រូបង្វឹក កីឡាករ និងអតីតកីឡាករចំនួន៧រូប បានទទួលមរភាពនៅឆ្នាំ២០២០។ ពួកគេទាំងនោះប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ ប្រដាល់គុនខ្មែរ ហែលទឹក ការ៉ាតេដូ សូរិនហ្សិកាំប៉ូ និងកីឡាតេក្វាន់ដូ ITF។
មន្ត្រី គ្រូបង្វឹក កីឡាករ និងអតីតកីឡាករទាំង៧រូប ដែលទទួលទទួលមរណភាពនៅឆ្នាំ២០២០ រួមមាន លោក កែវ ថុន អតីតម្ចាស់មេដាយសំរឹទ្ធ Asian GANEFO លើវីញ្ញាសាអត្តពលកម្ម, លោក កែវ សារិន អតីតគ្រូបង្វឹកកីឡាបាល់ទាត់, លោក ហែម លំផាត់ គ្រូបង្វឹកកីឡាហែលទឹក, លោក ឡាច ច័ន្ទសុវណ្ណ ប្រធានសហព័ន្ធកីឡាសូរិនហ្សិកាំប៉ូ និងជាអតីតកីឡាករការ៉ាតេ, យ៉ុន សុគន្ធកញ្ញា កីឡាការិនីតេក្វាន់ដូ ITF, កីឡាករប្រដាល់គុនខ្មែរ អេលីត លីម៉ី និងលោក យ៉ែម វណ្ណៈ អ្នកវាយតម្លៃអាជ្ញាកណ្តាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លោក កែវ សារិន អតីតគ្រូបង្វឹកក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានទទួលមរណភាពកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នៅអាយុ៥៧ឆ្នាំ ដោយសារជំងឺគីសបំពង់ក និងរលាកសាច់ច្រមុះ។ មុនទទួលមរណភាពគ្រូបង្វឹក ដែលរស់នៅជាមួយជំងឺរ៉ាំរ៉ៃជាង១ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរក្នុងប្រទេសកម្ពុជា វៀតណាម និងថៃជាច្រើន។
លោក កែវ សារិន បានប្រឡូកក្នុងវិស័យកីឡាបាល់ទាត់តាំងពីឆ្នាំ១៩៩០ ក្រោយមកបានវិវត្តន៍ខ្លួនជាគ្រូបង្វឹករបស់ក្រុមស៊ីម៉ាក់។ មុនក្រុមស៊ីម៉ាក់ ត្រូវរំសាយនៅដើមឆ្នាំ២០១៨ លោក បានបន្សល់នូវស្នាដៃល្អប្រសើរមួយ គឺការដឹកនាំក្រុមស៊ីម៉ាក់ ដណ្ដើមបានចំណាត់ថ្នាក់លេខ៤ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup នៅឆ្នាំ២០១៦។ លោក ក៏ជាគ្រូបង្វឹកក្លិបបាល់ទាត់ពាក់កណ្តាលអាជីព Khmer United ផងដែរ។
កីឡាការិនីតេក្វាន់ដូ ITF យ៉ុន សុគន្ធកញ្ញា បានទទួលមរណភាពក្នុងវ័យ១៨ឆ្នាំក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។ កីឡាការិនីរូបនេះធ្លាប់ចូលរួមការប្រកួតជើងឯកថ្នាក់ជាតិ និងកីឡាជាតិ និងបានសាងសា្នដៃជាច្រើនជូនខេត្តកំពង់ស្ពឺ។ កញ្ញាមានស្រុកកំណើតនៅភូមិភ្នំដី ឃុំច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក យ៉ែម វណ្ណៈ អ្នកវាយតម្លៃអាជ្ញាកណ្តាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានទទួលមរណភាពក្នុងវ័យ៣៩ឆ្នាំដោយសារជំងឺលើសជាតិស្ករក្នុងឈាម និងទឹកដក់ក្នុងសួត កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។
ក្រៅពីអាជីពជាមន្ត្រីវាយតម្លៃអាជ្ញាកណ្តាលបាល់ទាត់ អតីតគ្រូអប់រំកាយនិងកីឡានៅវិទ្យាល័យច្បារអំពៅរូបនេះ ក៏ជាអ្នកបណ្តុះបណ្តាលធនធានអាជ្ញាកណ្តាលបាល់ទាត់មួយរូបផងដែរ។ លោក យ៉ែម វណ្ណៈ ជាអតីតកីឡាករជម្រើសប្រចាំខេត្តកំពង់ធំ។ ក្រោយមក លោក បានចូលរួមជាមួយក្លិបអគ្គភស្តុភារក្រសួងការពារជាតិ(កងយោធពលខេមរភូមិន្ទ)នៅឆ្នាំ២០០០។
ក្នុងអំឡុងពេលប្រកបអាជីពជាមួយ ទ័ព លោក ត្រូវបានសហព័ន្ធកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិជាច្រើនលើក។ ក្រោយមក លោក បានបែកគំនិតចូលរៀននៅសាលាកីឡា ហើយបានប្រឡងជាប់ជាគ្រូអប់រំកាយនិងកីឡារហូតទទួលមរណភាព។
លោក ហែម លំផាត់ គ្រូបង្វឹកក្រុមកីឡាករជម្រើសជាតិកីឡាហែលទឹកនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានទទួលមរណភាពនៅអាយុ៤៤ឆ្នាំ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយសារធ្លាយក្រពះ។ លោក លំផាត់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្រោយមានអាការចុកពោះ ហើយក្អួតឈាម។ តាមរយៈលទ្ធផលពិនិត្យរបស់ក្រុមគ្រូពេទ្យ លោក ហែម ផាត់ មានបញ្ហាធ្លាយក្រពះ។
លោក ហែម លំផាត់ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ជាកូនប្រុសបង្កើតទីពីររបស់លោក ថែម ថុន ក្នុងចំណោមបងប្អូន៥នាក់។ លោក បានចូលប្រឡូកក្នុងវិស័យកីឡាហែលទឹកនៅឆ្នាំ១៩៨៦ និងបានវិវត្តខ្លួនក្លាយជាគ្រូបង្វឹកក្នុងអំឡុងឆ្នាំ២០០០។ ពេលនៅជាកីឡាករ លោក ធ្លាប់តំណាងកម្ពុជាចូលរួមការប្រកួតលំដាប់អន្តរជាតិជាច្រើន ហើយលោកធ្លាប់ដឹកនាំក្រុមកីឡាករកីឡាការិនីជនពិការចូលរួមព្រឹត្តិការណ៍ ASEAN Para Games និងឈ្នះមេដាយជាច្រើនផងដែរ។
លោក ហែម លំផាត់ បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី អ៊ិត សុខដានី ដោយមានកូនប្រុស៣រូបជាចំណងដៃ។ កូនប្រុសច្បង ដែលមានអាយុ១០ឆ្នាំ មានឈ្មោះ ហែម ថុនពុទ្ធាវង្ស, កូនទី២ឈ្មោះ ហែម ថុនរ៉ូណាល់ និងកូនពៅឈ្មោះ ហែម ថុនរ៉ូណូ។
លោក កែវ ថុន អតីតម្ចាស់មេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍កីឡាមិនចូលបក្សសម្ព័ន្ធអាស៊ី Asian GANEFO បានទទួលមរណភាពនៅអាយុ៩១ ដោយជរាពាធកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ លោក កែវ ថុន មិនត្រឹមតែជាអតីតកីឡាករអត្តពលកម្មឆ្នើមប៉ុណ្ណោះទេ លោកជាឥស្សរជនដ៏សកម្មក្នុងចលនាកីឡា និងអូឡាំពិក។ មរណភាពរបស់លោកបានធ្វើឲ្យថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា NOCC និងអតីតកីឡាករជំនាន់លោក ក៏ដូចជាកីឡាករជំនាន់ក្រោយ សោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ឥស្សរជនឆ្នើមរូបនេះ។
លោក កែវ ថុន មិនត្រឹមតែជាកីឡាករកម្ពុជាឆ្នើមលើឆាកអន្តរជាតិនោះទេ លោក ក៏ជាគ្រូបង្វឹកកីឡាអត្តពលកម្មដ៏មានប្រជាប្រិយ ដែលធ្លាប់បង្ហាត់កូនសិស្សជាច្រើនរូបផងដែរ។ លោកជាបុគ្គលសកម្មមួយរូបក្នុងចលនាអូឡាំពិក ដោយបានរួមចំណែកផ្តួចផ្តើមបង្កើត NOCC ក្នុងអំឡុងឆ្នាំ១៩៨៤។ លើសពីនេះ លោក បានជួយឲ្យ NOCC ដែលរងការព្យួរបេក្ខភាព ឲ្យទទួលបានការទទួលស្គាល់ជាលើកទីពីរពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ចាត់មរណភាពរបស់ព្រឹទ្ធាចារ្យ កែវ ថុន ជាការបាត់បង់ធនធានឆ្នើមមួយរូបក្នុងវិស័យកីឡាកម្ពុជា និងចលនាអូឡាំពិក។ ការចាត់ទុកបែបនេះ ដោយសារព្រឹទ្ធាចារ្យរូបនេះ ជាអតីតកីឡាករអត្តពលកម្ម ដែលដណ្តើមបានមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាមិនចូលបក្សសម្ព័ន្ធ Asian GANEFO ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ១៩៦៦។ លោក វ៉ាត់ ចំរើន បន្ថែមទៀតថា NOCC នឹងចងចាំជានិច្ចនូវវីរភាព ស្នាដៃ និងគុណូបការៈរបស់លោក កែវ ថុន ដែលបានជួយលើកស្ទួយវិស័យកីឡាកម្ពុជា និងចលនាអូឡាំពិក។
លោក ឡាច ច័ន្ទសុវណ្ណ ប្រធានសហព័ន្ធកីឡាសូរិនហ្សិកាំប៉ូកម្ពុជា និងជាឧត្តមការ៉ាតេចារ្យនៃសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ លោក បានចូលប្រឡូកក្នុងវិស័យកីឡាការ៉ាតេនៅអំឡុងឆ្នាំ១៩៧០ ហើយត្រូវបានដំឡើងកម្រិតខ្មៅជាបន្តបន្ទាប់។ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លោក ទទួលបានខ្សែក្រវាត់៩ដាន់លើប្រភេទកីឡាការ៉ាតេ ដែលខ្ពស់ជាងគេនៅកម្ពុជា។
លោក ត្រូវបានជ្រើសតាំងឲ្យធ្វើជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាចន្លោះពីឆ្នាំ២០០៨-២០១៤។ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ លោក ទទួលបានគោរមងារជាឧត្តមការ៉ាតេចារ្យ និងត្រូវបានតែងតាំងឲ្យធ្វើជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា។ ក្រៅពីកីឡាការ៉ាតេ លោក ជាប្រធានសហព័ន្ធកីឡាសូរិនហ្សិកាំប៉ូកម្ពុជា ដែលមានកម្រិតខ្សែក្រវាត់ខ្មៅ៣ដាន់។
ដោយឡែក អ្នកលេងគុនខ្មែរ អេលីត លីម៉ី បានទទួលមរណភាពក្នុងវ័យ១៨ឆ្នាំ ដោយសារធ្លាក់ពីលើជណ្តើរកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។ កីឡាកររូបនេះ មានស្រុកកំណើតនៅភូមិក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងបានទទួលមរណភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
លោក ស៊ន អេលីត គ្រូបង្វឹកក្លិប ប៉ែន កាក់ គុនខ្មែរ និងជាគ្រូបង្វឹករបស់កីឡាករ អេលីត លីម៉ី បានបញ្ជាក់ថា លោកមិនទាន់អាចកំណត់មូលហេតុជាក់លាក់នៃការស្លាប់របស់កីឡាកររូបនេះនៅឡើយទេ។ សម្រាប់មូលហេតុ ដែលលោកដាក់ការសង្ស័យមានពីរ គឺស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ និងធ្លាក់ពីលើជណ្តើរ។
គ្រូបង្វឹករូបនេះ បានរៀបរាប់ពីដើមចមដែលនាំឲ្យកើតហេតុខាងលើថា នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្លិបមានគម្រោងរៀបចំកម្មវិធីជប់លៀងមួយ ដើម្បីអបអរដល់កីឡាករ ដែលទទួលបានជ័យលាភី។ ពេលនោះលោក អេលីត ក៏បានប្រាប់កូនសិស្សពីគម្រោងមួយនេះ។
លោកបន្តថា ក្រោយមក លោក ក៏បានចេញទៅក្រៅ ហើយកូនសិស្ស ក៏នាំបាននាំគ្នាបោសសម្អាត និងរៀបចំអំពូលភ្លើងនៅផ្នែកខាងក្រោយនៃក្លិប។ នៅក្នុងការរៀបចំអំពូលភ្លើងនោះដែរ ជនរងគ្រោះខាងលើ បានឡើងជណ្តើរដើម្បីលើកអំពូលឲ្យខ្ពស់ជាងមុន ប៉ុន្តែត្រូវបានធ្លាក់រងរបួសក្បាលផ្នែកខាងក្រោយយ៉ាងដំណំ បន្ទាប់មកត្រូវបានបញ្ជូនទៅមន្ទីរកាល់ម៉ែត។ តែជាអកុសលគ្រូពេទ្យនៅទីនោះអះអាងថា ឈាមបានចូលកកក្នុងខួរក្បាល លីម៉ី បាត់ទៅហើយ ជាហេតុធ្វើឲ្យគេស្លាប់នៅទីនោះតែម្តង៕