អន្តរជាតិ
២២​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​នៅ​ព្រលានយន្តហោះ សំដៅ​សមាជិក​គណៈរដ្ឋមន្ត្រី​យេ​ម៉ែន
31, Dec 2020 , 4:05 pm        
រូបភាព
ប្រភពរូប៖ Reuters
ប្រភពរូប៖ Reuters
ដោយ:
​មនុស្ស​យ៉ាងហោចណាស់​២២​នាក់ បាន​ស្លាប់ និង​ជាង​៥០​នាក់​ទៀត រងរបួស​ក្នុង​ហេតុការណ៍​វាយប្រហារ​នៅ​ព្រលានយន្តហោះ​ក្នុង​ទីក្រុង Aden ភាគខាងត្បូង​នៃ​ប្រទេស យេ​ម៉ែន ។ ហេតុការណ៍​នៃ​ការផ្ទុះ​នេះ បាន​កើតឡើង​ភ្លាមៗ​ក្រោយ​យន្តហោះ​ដឹកនាំ​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​គាំទ្រ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ចុះចត​នៅ​ទីនោះ​។

 
​មិនបាន​ប៉ុ​ន្មា​នាទី​ក្រោយ​យន្តហោះ​ដឹកនាំ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​រដ្ឋាភិបាល​យេ​ម៉ែន​ចុះចត​នៅ​ព្រលានយន្តហោះ Aden ការផ្ទុះ​ដ៏​កក្រើក​មួយ​កើតឡើង​។ ប្រភព​នៃ​ការផ្ទុះ​នេះ ពុំ​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ឡើយ ហើយក៏​គ្មាន​ក្រុម​ណា​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ព្រលានយន្តហោះ​នេះ​ផងដែរ​។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​កាតា Aljazeera មន្ត្រី​រដ្ឋាភិបាល និង​បុគ្គលិក​អង្គការ​មនុស្សធម៌ ស្ថិតក្នុង​ចំណោម​អ្នករងគ្រោះ​។ 
 
​នាយករដ្ឋមន្ត្រី​យេ​ម៉ែន លោក Maeen Abdulmalik បញ្ជាក់ថា គ្មាន​សមាជិក​រដ្ឋាភិបាល​យេ​ម៉ែន​ណា​ម្នាក់​ដែល​នៅលើ​យន្តហោះ​នេះ រងរបួស ឬ​ស្លាប់​ឡើយ​។ 
 
​ប៉ុន្មាន​ម៉ោង ក្រោយ​ការវាយប្រហារ​នេះ ការផ្ទុះ​លើក​ទី​២ បាន​កើតឡើង​នៅក្បែរ​ទីតាំង​សុវត្ថិភាព​មួយ​ក្នុង​ទីក្រុង Aden ទី​ដែល​សមាជិក​គណៈរដ្ឋមន្ត្រី រួមមាន នាយករដ្ឋមន្ត្រី Maeen Abdulmalik ក៏ដូចជា​អគ្គរាជទូត​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រចាំ​យេ​ម៉ែន ត្រូវបាន​ជម្លៀស​ទៅកាន់​ទីនោះ​។  លោក Abdulmalik បាន​ថ្កោលទោស​ការវាយប្រហារ​នេះ​ថា ជា​អំពើ​ក្បត់ និង​កំសាក ហើយ​ប្តេជ្ញា​បញ្ចប់​ការធ្វើ​រដ្ឋប្រហារ ស្រោចស្រង់​រដ្ឋ និង​រក្សា​ស្ថិរភាព​ប្រទេស​។ 
 
​ទោះ​មិនដឹង​ច្បាស់​ពី​ប្រភព​នៃ​ការផ្ទុះ ទូរទស្សន៍​អា​រ៉ា​ប៊ី​សា​អូឌីត Al-Hadath បានបង្ហាញ​វីដេអូ ដែល​បង្ហាញ មី​ស៊ី​ល​ហោះ​ទៅបុក​ផ្លូវ​យន្តហោះ ហើយ​ផ្ទុះ​។ រដ្ឋមន្ត្រី​ព័ត៌មាន​យេ​ម៉ែន លោក Moammar Al-Eryani បាន​ទម្លាក់កំហុស​ការ​ប្រហារ​នេះ​លើ​ក្រុម​ឧទ្ទាម Houthi ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ។ យ៉ាងណាមិញ ពួកក្រុម​ឧទ្ទាម Houthi បាន​ទាត់ចោល​ការទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​។ 
 
​គួរ​រំ​ឮ​ក​ផងដែរ​ថា ក្នុង​ខែសីហា ឆ្នាំ​២០១៩ មនុស្ស ៣៦​នាក់ ត្រូវបាន​សម្លាប់​ក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​បាញ់​មី​ស៊ី​ល​លើ​ក្បួន​យោធា​មួយ​ក្នុង​ទីក្រុង Aden នេះដែរ​។ 
 
​ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​យេ​ម៉ែន Martin Griffiths បាន​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​នេះ​ថា ការ​សកម្មភាព​ហិង្សា​ដែល​ពុំ​អាច​ទទួល​បានឡើយ​។ លោក​និយាយ​ក្នុង​បណ្ដាញ​សង្គម Twitter ថា ការវាយប្រហារ​នេះ ជាការ​ក្រើនរំឭក​ដ៏​ខ្លោចផ្សា​មួយ​អំពី​សារសំខាន​នៃ​ការនាំយក​យេ​ម៉ែន​ជាបន្ទាន់​ត្រលប់​ឆ្ពោះទៅរក​មាគ៌ា​សុខសន្តិភាព​វិញ​។ 
 
​រដ្ឋាភិបាល​ថ្មី​យេ​ម៉ែន បាន​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃទី ១៨ ខែធ្នូ ដោយ​ប្រធានាធិបតី Abd Rabbu Mansour Hadi ដែល​ស្ថិត​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ចែក​អំណាច​គ្នា​មួយ ដែល​ជ្រោមជ្រែង​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​ឆ្នាំ​២០១៩​។ ដឹកនាំ​នាយករដ្ឋមន្ត្រី Abdulmalik រដ្ឋាភិបាល​ថ្មី តំណាង​ឲ្យ​ភាគ​ខាងជើង​នៃ​ប្រទេស​យេ​ម៉ែន និង​តំបន់​ផ្នែក​ខាងត្បូង ដោយមាន​ចំណែក​ស្មើរ​គ្នាៗ​ទៅតាម​តំបន់​រៀងៗ​ខ្លួន​។ 
 
​រដ្ឋាភិបាល​ថ្មី ជា​លទ្ធផល​នៃ​ការស្រុះស្រួល​គ្នា​រវាង​ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ក្នុង​ក្រុមប្រឹក្សា​អន្តរកាល​ភាគខាងត្បូង និង​ក្រុម​ស្មោះស្ម័គ្រ​របស់​ប្រធានាធិបតី Hadi ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​។ លោក​ប្រធានាធិបតី Hadi រស់នៅក្នុង​រដ្ឋធានី រី​យ៉ា​ដ របស់​អា​រ៉ា​ប៊ី​សា​អូឌីត ចាប់តាំងពី​ទីក្រុង សា​ណា បាន​ធ្លាក់​ចូលក្នុង​ដៃ​របស់​ក្រុម​ឧទ្ទាម Houthis ។ 
 
​យេ​ម៉ែន ដែលជា​ប្រទេស​ក្រី​បំផុត​ក្នុង​ពិភព​អារ៉ាប់ បាន​ផុងខ្លួន​ក្នុង​សង្គ្រាមស៊ីវិល ចាប់តាំងពី​ឆ្នាំ​២០១៤​មក នៅពេល​ក្រុម​ឧទ្ទាម Houthis បាន​ដណ្ដើម​យកបាន​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស និង​រដ្ឋធានី​សា​ណា​។ ច្រើន​ឆ្នាំ​ក្រោយមក កង​យោធា​ចម្រុះ ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ចូលធ្វើ​អន្តរាគមន៍​វាយ​បំបែក​ក្រុម​ឧទ្ទាម Houthis និង​ស្ដារ​អំណាចរដ្ឋាភិបាល​លោក​ប្រធានាធិបតី Hadi មកវិញ ។ សង្គ្រាម​នេះ បានសម្លាប់​មនុស្ស​ជាង​១១២ ០០០​នាក់ រួមទាំង​ជន​ស៊ីវិល​រាប់ពាន់នាក​ផងដែរ ហើយ​ជម្លោះ​នេះ​ក៏បង្ក​ឲ្យ​កើតមាន​វិបត្តិ​មនុស្សធម៌​អាក្រក់​បំផុត​លើ​ពិភពលោក​ផងដែរ​៕ 

Tag:
 យេ​ម៉ែន
© រក្សាសិទ្ធិដោយ thmeythmey.com