COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ ពី​ក្រុមហ៊ុន​ចិន Sinovac ១,៨​លាន​ដូ​ស​បន្ថែម
31, Dec 2020 , 6:19 pm        
រូបភាព
មន្ត្រីឥណ្ឌូណេស៊ីម្នាក់_ត្រួតពិនិត្យវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន_Sinovac
មន្ត្រីឥណ្ឌូណេស៊ីម្នាក់_ត្រួតពិនិត្យវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន_Sinovac
ដោយ:
​ឥណ្ឌូណេស៊ី ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ជើង​ទី​២​ពី​ក្រុមហ៊ុន​ចិន Sinovac នៅ​ថ្ងៃទី​៣១ ខែធ្នូ ។ រដ្ឋាភិបាល​សុខាភិបាល​ឥណ្ឌូណេស៊ី បានបញ្ជាក់​បែបនេះ ខណៈ​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​លំដាប់​លេខ​៤​លើ​ពិភពលោក​មួយ​នេះ ត្រៀម​ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ទ្រង់ទ្រាយ​ធំ​។

 
​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានទទួល​ការដឹកជញ្ជូន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន Sinovac ចំនួន ១,៨​លាន​ដូ​ស ដោយ​បន្ថែម​ពីលើ​វ៉ាក់សាំង​ចំនួន ១,២​លាន​ដូ​ស​ដែល​ខ្លួន​ទទួលបាន​ពី​ចិន​ដូចគ្នា កាលពី​ថ្ងៃទី​៦ ខែធ្នូ​។ គោលដៅ​របស់​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា គឺ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ដល់​ពលរដ្ឋ​ទាំង​២៦៧​លាន​នាក់​របស់ខ្លួន​ដោយ​ឥតគិតថ្លៃ ដោយ​ចាប់ផ្ដើម​ជាមួយ​បុគ្គលិក​សុខាភិបាល​ជួរមុខ​។ 
 
«​មុនពេល​ប្រជាជន​ត្រលប់​ចូលធ្វើការ​វិញ ក្នុង​ខែមករា វ៉ាក់សាំង អាច​ត្រូវ​ចែកចាយ​ទៅកាន់​ខេត្ត​ទាំង​៣៤​របស់​ឥណ្ឌូណេស៊ី ដូច្នេះ​យើង​អាច​ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​សម្រាប់​បុគ្គលិក​សុខាភិបាល​បាន​»​។ រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បញ្ជាក់​បែបនេះ​ក្នុង​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​មួយ មុននឹង​បន្ថែមថា កម្មវិធី​ចាក់​វ៉ាក់សាំង​នេះ នឹង​ចាយ​ពេល​ជាង​១២​ខែ​។​
 
​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ រំពឹង​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ថែមទៀត​ពី​ក្រុមហ៊ុន​អង់គ្លេស AstraZeneca និង​ក្រុមហ៊ុន​អាមេរិក Pfizer អំឡុង​សប្ដាហ៍​ដំបូង​នៃ​ខែមករា ឆ្នាំ​២០២១ ក្រោយ​បាន​យល់ព្រម​ទិញ​វ៉ាក់សាំង​១០០​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ទាំងពីរ​នេះ​។​
 
​មកទល់ពេលនេះ ឥណ្ឌូណេស៊ី នៅ​រង់ចាំ​ទទួល​ការអនុញ្ញាត​ឲ្យ​ចាប់ផ្ដើម​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac​។ ក្រុម​អ្នកស្រាវជ្រាវ​តួ​ក​គី កាលពី​សប្ដាហ៍​មុន បញ្ជាក់ថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac មាន​ប្រសិទ្ធភាព​រហូតដល់ ៩១,២៥​ភាគយ ប្រឆាំង​កូ​វីដ​-១៩ ដោយ​ផ្អែកលើ​ការវិភាគ​បឋម​មួយ ខណៈ​អ្នក​ស្រាវ​ស្រាវ​ប្រេ​ស៊ី​ល អះអាងថា ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​គឺ​ចន្លោះ​ពី ៥០ និង ៩០​ភាគរយ​។ 
 
​បច្ចុប្បន្ន ឥណ្ឌូណេស៊ី បានសម្រេច​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​សរុប ៣២៩​លាន​ដូ​ស​ហើយ ក្នុងនោះ ១២៥​លាន​ដូ​ស​ពី​ក្រុមហ៊ុន Sinovac ៥០​លាន​ដូ​ស​ពី​ក្រុមហ៊ុន​អាមេរិក Novavax និង​៥៤​លាន​ដូ​ស​ពី​កម្មវិធី​វ៉ាក់សាំង​សកល​របស់​អង្គការ​សុខភាព​ពិភពលោក ហៅថា COVAX​។ 
 
​គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ ប្រទេស​ឥណ្ឌូណេស៊ី រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩​សរុប ៧២៧ ០០០​ករណី និង​ស្លាប់ ២១ ៧០០​នាក់ ដែលជា​តួលេខ​ខ្ពស់បំផុត​មួយ​ក្នុងចំណោម​ប្រទេស​អាស៊ី​ផ្សេងទៀត​។ កាលពីដើម​សប្ដាហ៍​នេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ក៏​ប្រកា​សបិទ​ព្រំដែន​ខ្លួន​សម្រាប់​អ្នកធ្វើដំណើរ​បរទេស​ពី​ជុំវិញ​ពិភពលោក សម្រាប់​២​សប្ដាហ៍​ដំបូង​នៃ​ឆ្នាំ​២០២១​ផងដែរ​។ 
 
​ចំណាត់ការ​នេះ ធ្វើឡើង​ក្រោយ​មាន​កង្វល់​ពាក់ព័ន្ធ​នឹង​ការរកឃើញ​កូ​វីដ​-១៩ ទម្រង់​ថ្មី ដែល​រីក​រាលដាល​ក្នុង​ចក្រភព​អង់គ្លេស​កាលពីពេល​ថ្មីៗ​នេះ​។ ក្រៅពី​អង់គ្លេស កូ​វីដ​-១៩ ទម្រង់​ថ្មី​នេះ ក៏បាន​រកឃើញ​ក្នុងប្រទេស​អឺរ៉ុប​មួយចំនួន និង​នៅ​កាណាដា ជប៉ុន អូស្ត្រាលី និង​សិង្ហ​បុរី​ដែរ​៕

Tag:
 ឥណ្ឌូណេស៊ី​
  កូ​វីដ​-១៩
  Sinovac
© រក្សាសិទ្ធិដោយ thmeythmey.com