ជាតិ
សេដ្ឋកិច្ច
កម្ពុជា២០២០ ប្រឈមផង និងឱកាសផង…! ចុះ២០២១?
01, Jan 2021 , 2:39 pm        
រូបភាព
ភ្នំពេញ៖ ឆ្នាំ២០២០ គឺជាឆ្នាំដែលពិភពលោកត្រដររស់ ហើយក្នុងនោះ ក៏មានព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដោយមិននិយាយពីប្រទេសដទៃ ចាប់តាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ២០២០នេះ កម្ពុជាប្រឈមនឹងបញ្ហាមួយចំនួន តែព្រមពេលជាមួយគ្នា កម្ពុជាក៏បានបង្កើតឱកាសល្អមួយចំនួនផងដែរ។ តើអ្វីខ្លះជាការប្រឈម និងអ្វីខ្លះជាឱកាស?


 
ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ពោលគឺនៅមុនការរាតត្បាតមេរោគកូវីដ១៩ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចល្អដែលអនុញ្ញាតឲ្យប្រទេសមួយនេះកាត់បន្ថយអត្រានៃភាពក្រីក្របានក្នុងកម្រិតប្រសើរនៅមុនឆ្នាំ២០២០។ 
 
តែជាអកុសល កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍមួយចំនួនត្រូវបានបន្ថយល្បឿនដោយសារតែការរាតត្បាតមេរោគកូវីដក្នុងឆ្នាំ២០២០។ មេរោគនេះបង្កការរំខានដល់វិស័យសេដ្ឋជាតិទាំងមូល ជាពិសេស មេរោគកូវីដបានសម្លាប់វិស័យទេសចរណ៍ស្ទើរទាំងស្រុងតែម្តង។ វិស័យអចលនទ្រព្យ និងវិស័យអប់រំក៏ទទួលរងផលបះពាល់ខ្លាំងផងដែរ។ ប្រជាពលរដ្ឋខ្មែរច្រើនពាន់នាក់បាត់បង់ការងារ។ 
 
មិនត្រឹមតែឥទ្ធិពលមេរោគកូវីដប៉ុណ្ណោះទេ តែខេត្តមួយចំនួននៃប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ បានទទួលរងទឹកជំនន់ទឹកភ្លៀងមួយរយៈពេលបន្ថែមទៀត។ ស្របពេលជាមួយគ្នា កម្ពុជាត្រូវបានបាត់បង់សិទ្ធិក្នុងការទទួលការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបចំនួន២០%ក្នុងគម្រោង«អ្វីៗទាំងអស់លើកលែងតែអាវុធ»(EBA)។ ការបាត់បង់ការអនុគ្រោះពន្ធចំនួន២០% គឺបណ្តាលមកពីប្រទេសនៃសហភាពអឺរ៉ុបគិតថា រដ្ឋាភិបាលក្រុងភ្នំពេញបានរំលោភសិទ្ធិមនុស្ស និងរឹតបណ្តឹងសេរីភាពសារព័ត៌មាន។ ការចោទប្រកាន់នេះ ត្រូវបានច្រានចោលដោយរាជរដ្ឋាភិបាលក្រុងភ្នំពេញ។
 
សម្រាប់រាជរដ្ឋាពិបាលកម្ពុជា, ឆ្នាំ២០២០ គឺជាឆ្នាំលំបាកបំផុតស្ទើរមិនធ្លាប់កើតមានចាប់តាំងពីឆ្នាំ១៩៩៨មក។ លំបាកទាំងសេដ្ឋកិច្ច លំបាកទាំងសុខភាពប្រជាពលរដ្ឋ ឬគេអាចនិយាយម្យ៉់ាងទៀតបានថា ជាឆ្នាំដែលកម្ពុជាប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងវិបត្តិសុខភាព។ 
 
ទោះ២០២០ ជាឆ្នាំប្រឈមយ៉ាងណាក៏ដោយក្តី ក៏ជាក់ស្តែង រដ្ឋាភិបាលនៅតែអាចគ្រប់គ្រងស្ថានការណ៍មួយចំនួនបានដដែល។ កូវីដជារឿងសកល និងពិបាកដោះស្រាយ តែកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតនៅលើពិភពលោកដែលអាចគ្រប់គ្រងស្ថានការណ៍នេះបានប្រសើរបំផុត។ របាយការណ៍វាយតម្លៃរបស់ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចនៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique) ស្តីអំពីសន្ទស្សន៍នៃស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ បានបញ្ជាក់ថា កម្ពុជា គឺជាកូនសិស្សល្អម្នាក់ក្នុងចំណោមប្រទេសទាំង១៦៦នៅលើពិភពលោក។ 
 
ការគ្រប់គ្រងល្អនៃស្ថានការមេរោគកូវីដនេះហើយ ទើបកម្ពុជាអាចអនុញ្ញាតឲ្យសកម្មភាព សេដ្ឋកិច្ចមួយចំនួននៅបន្តដំណើរជារៀងរហូត លើកលែងតែក្នុងស្ថានភាពប្រឈមបំផុតប៉ុណ្ណោះ។ ក្នុងឆ្នាំ២០២០ វាមិនមែនជារឿងងាយស្រួលឡើយដែលរដ្ឋាភិបាលកម្ពុជាស្ថិតនៅចន្លោះវិបត្តិសុខភាព និងវិបត្តិសេដ្ឋកិច្ចសង្គម។ ក្រៅពីការគ្រប់គ្រង់ការរាតត្បាតមេរោគកូវីដ១៩ រដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាច្រើនលានដុល្លារសម្រាប់ការវិនិយោគសាធារណៈ ដូចជា ការកែលម្អរ ជួលជុល ឬពង្រីកហេដ្ឋារចនាសម្ព័នជាច្រើននៅក្នុងខេត្តសៀមរាប។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ គឺជាយុទ្ធសាស្រ្តជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។ 
 
មេរោគកូវីដ ជាការរំខានមែន។ តែកូវីដ បានបង្ខំឲ្យគ្រឹះស្ថានសិក្សា និងស្ថាប័នផ្សេងមួយចំនួនប្រឹងប្រែងស្រូបយកចំណេះដឹងបច្ចេកវិទ្យាថ្មីៗសម្រាប់ការអភិវឌ្ឍស្ថាប័នខ្លួនឯងនាពេលអនាគត។ ចំណុចនេះត្រូវបានគេនិយាយគ្រប់គ្នាថា «គ្រោះបង្កើតឱកាស»។ ក្នុងអំឡុងពេលកូវីដដដែល វិស័យសុខាភិបាលខ្មែរក៏មានឱកាសបង្ហាញគុណភាពរបស់ខ្លួនផងដែរ។ អ្នកជំងឺជាច្រើននាក់ដែលធ្លាប់តែធ្វើដំណើរទៅទទួលការព្យាបាលនៅក្រៅប្រទេស បានងាកមកសាកល្បងទទួលការព្យាបាលនៅក្នុងប្រទេស។ ក្រោយការសាកល្បង ពួកគេក៏ទទួលស្គាល់គុណភាពសុខាភិបាលក្នុងស្រុកផងដែរ។  
 
ប្រធានបទ EBA គឺជារឿងស្មុគស្មាញ និងប្រឈមរបស់កម្ពុជាមែន។ ប៉ុន្តែជាចៃដន្យល្អ ប្រទេសអង់គ្លេសដែលទើបចាកចេញពីសហភាពអឺរ៉ុប ក៏បានចេញមុខទិញទំនិញចំនួន២០%ដែលកម្ពុជាបាត់បង់ពីសហភាពអឺរ៉ុបដោយសារសំណុំរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ 
 
ដំណឹងល្អមួយទៀតនៅឆ្នាំ២០២០ដែរនោះ គឺថា កម្ពុជាក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ទើបទទួលបានដំណក់ប្រេងលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០។ សរុបសេចក្តីមក ឆ្នាំ២០២០ គឺជាឆ្នាំប្រឈមរបស់កម្ពុជាផង និងជាឆ្នាំបង្កើតឱកាសផង។ ចុះឆ្នាំ២០២១? 
 
នេះ គឺជាសំណួរដែលពិបាកបង្ហាញចម្លើយឲ្យពិតប្រាកដណាស់។ តែអ្វីដែលគេអាចប៉ាន់ស្មានទុកជាមុនបានគឺថា សកម្មភាពសេដ្ឋកិច្ចមួយចំនួននៅកម្ពុជាអាចនឹងដំណើរការឡើងវិញក្នុងឆមាសទី១នៃឆ្នាំ២០២១ ប្រសិនបើស្ថានភាពមេរោគកូវីដមិនកម្រើកឡើងវិញ។ 
 
សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងវិញលឿន ហើយរហ័សថែមទៀតផង ព្រោះ គ្រឹះសេដ្ឋកិច្ចកម្ពុជាត្រូវបានធ្វើពិពិធកម្មកាន់តែច្រើន ហើយតំបន់ប៉ូលសេដ្ឋកិច្ច ដូចជា ខេត្តព្រះសីហនុ និងខេត្តសៀមរាបក៏ត្រូវបានកែលម្អរ និងពង្រីកសក្តានុពលសម្រាប់ការលូតលាស់កំណើនក្នុងរយៈពេលវែងផងដែរ។
 
ធនាគារជាតិនៃកម្ពុជា(NBC) បញ្ជាក់ថា ក្នុងករណីបើប្រទេសមហាអំណាចនានាក្នុងពិភពលោកផលិតវ៉ាក់សាំងកូវីដ-១៩ មានប្រសិទ្ធភាពនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២១ នោះ សេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញក្នុងរង្វង់៤ភាគរយ។ 
 
ធនាគារជាតិ បានបន្ថែមទៀតថា  ក្រៅពីប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩នោះ ល្បឿននៃការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចនៃប្រទេសជាដៃគូសេដ្ឋកិច្ចរបស់កម្ពុជា និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុក គឺជាចលករយ៉ាងចម្បង ដែលជួយឲ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់៤ភាគរយ នៅក្នុងឆ្នាំ២០២១ដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com