អន្តរជាតិ
Dwayne Johnson បន្ត​គ្រង​តំណែង​ជា​តារា​ហូលីវូដ​រកលុយ​ច្រើនជាងគេ​២​ឆ្នាំ​ជាប់​គ្នា​
02, Jan 2021 , 8:29 am        
រូបភាព
ដោយ:
​លោក Dwayne Johnson ដែល​គ្រប់គ្នា​ស្គាល់​ថា «The Rock» នៅតែ​រក្សា​តំណែង​ជា​តារា​សម្ដែង​ហូលីវូដ​ដែលមាន​ចំណូល​ច្រើន​ផុត​គេ​លើ​ពិភពលោក សម្រាប់​ពេល​២​ឆ្នាំ​ផ្ទួនគ្នា​ហើយ ក្នុង​ឆ្នាំ​២០២០​នេះ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ទស្សនាវដ្ដី Forbes ។​

 
​ចន្លោះ​ពី​ខែមិថុនា ឆ្នាំ​២០១៩ និង​ខែមិថុនា ឆ្នាំ​២០២០ អតីត​អត្ត​ព​លិ​ក​កីឡាកាស WWE លោក Johnson រក​ចំណូល​សរុប​រហូតដល់ ៨៧,៥​លាន​ដុល្លារ ក្នុងនោះ ២៣,៥​លាន​ដុល្លារ បានមកពី​ការចូល​សម្តែង​ក្នុង​ភាពយន្ត​ថ្មី​របស់ Netflix ចំណងជើង​ថា «Red Notice»​។ នេះ​បើតាម Forbes ។ បន្ថែម​ពីនេះ លោក ក៏​កាក់កប​នឹង​ជំនួញ​លក់​សំលៀកបំពាក់​លោក​ផងដែរ ដែល​ហៅថា «Project Rock»​។ 
 
​ទោះបី​បន្ត​គ្រង​តំណែង​ដដែល​ក៏ពិតមែន ចំណូល​លោក បាន​ថយចុះ​តិចតួច បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​លោក​រកបាន​៨៩,៤​លាន​ដុល្លារ​។ តារា​សម្តែង​មាឌធំ​ក្រអាញ​រូបនេះ ឈរលើ​តារាង​របស់ Forbes លើកដំបូង​ក្នុង​ឆ្នាំ​២០១៦ ដោយ​កាលនោះ​លោក​រកបាន​៦៤,៥​លាន​ដុល្លារ​។ 
 
​តាម​ពីក្រោយ​គឺ លោក Ryan Reynolds ដែល​ចូលរួម​សម្តែង​ជាមួយ​លោក Johnson ក្នុង​ភាពយន្ត «Red Notice» ដែល​នឹង​ចាក់​បញ្ចាំង​នា​ឆ្នាំ​២០២១​ខាងមុខ​។ តារា​សម្តែង​អាមេរិក​-​កាណាដា Ryan Reynolds រកចំណូលបាន ៧១,៥​ពាន់​លាន​ដុល្លារ ក្នុងនោះ​២០​លាន​ដុល្លារ​ពី​រឿង Red Notice និង​២០​លាន​ដុល្លារ​ទៀត ពី​រឿង Six Underground របស់ Netflix ។ លោក​ក៏មាន​រឿង​ទី​៣​ជាមួយ Netflix ផងដែរ ដែល​កំពុង​ថត​។ 
 
​តារា​ហូលីវូដ​ម្នាក់ទៀត គឺ Mark Wahlberg ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ ជាមួយ​ចំណូល ៥៨​លាន​ដុល្លារ​។ ចំណូល​នេះ គឺ​បានមកពី​ថត​រឿង​ថ្មី ចំណងជើង Spencer Confidential ក៏ដូចជា​តួនាទី​លោក​ក្នុង​ការផលិត​ភាពយន្ត​ឯកសារ ២ ចំណងជើង រួមមាន McMillions និង WahlStreet ។​
 
​លោក Bem Affleck ដែល​សម្តែង​ជា Batman កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ មុននឹង​របូត​តំណែង​នេះ​ទៅ Robert Pattinson ឈរ​នៅ​លេខ ៤ ជាមួយ​ចំណូល​៥៥​លាន​ដុល្លារ​។ ចំណូល​នេះ គឺ​មកពី​ការសម្តែង​ក្នុង​ភាពយន្ត​ខ្នាត​ធំ ចំណងជើង The Way Back និង The Last Thing He Wanted ។​
 
​មកដល់​លំដាប់​លេខ​៥ គឺជា​តារា​សាច់ដុំ​ម្នាក់ទៀត ឈ្មោះ Van Diesel ដែល​បន្ត​រកលុយ​បាន​៥៤​លាន​ដុល្លារ បើទោះជា​កាលបរិច្ឆេទ​បញ្ចាំង​រឿង Fast and Furious 9 ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ​២០២១​។ ចំណូល​មួយផ្នែកធំ​របស់លោក សម្រាប់​ឆ្នាំនេះ  គឺ​បានមកពី​ការចូលរួម​របស់លោក​ក្នុង​ភាពយន្ត​គំនូរ​ចីវ​ច​ល របស់ Netflix ចំណងជើង​ថា Fast and Furious Spy Races ។​
 
​តារា​សម្តែង​ដែល​ស្ថិតនៅ​តារាង Top Ten ផ្សេងទៀត គឺមាន​ដូចជា តារា​សម្តែង​ជនជាតិ​ឥណ្ឌា Akshay Kumar (៤៨,៥​លាន​ដុល្លារ​), តារា​សម្ដែង​អាមេរិក Lin-Manuel Miranda (៤៥,៥​លាន​ដុល្លារ​), តារា​អាមេរិក Will Smith (៤៤,៥​លាន​ដុល្លារ​), តារា​អាមេរិក Adam Sandler (៤១​លាន​ដុល្លារ​) និង​តារា​ចិន Jackie Chan (៤០​លាន​ដុល្លារ​)៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com