លោកអ្នក ប្រាកដជាបានប្រទះឃើញហើយនូវពាក្យមួយចំនួន ដែលសរសេរដោយគ្មានជើងយ នៅខាងចុង ហើយពេលខ្លះ បែរជាមានទៅវិញ។ សារព័ត៌មានថ្មីៗ សូមលើកយកតែពាក្យពីរប៉ុណ្ណោះមកពន្យល់ក្នុងទីនេះ គឺ បណ្ឌិត-បណ្ឌិត្យ និង រាជ-រាជ្យ។
ជនអ្នកមានប្រាជ្ញា, អ្នកមានចំណេះជ្រៅជ្រះ, អ្នកឈ្លាសវៃ គឺគេហៅថា «បណ្ឌិត»។ ចំណែកពាក្យ «បណ្ឌិត្យ» វិញ មិនសំដៅលើមនុស្សដែលមានចំណេះដឹងទេ តែសំដៅលើសភាវៈនៃបណ្ឌិត, សភាព, ស្ថាន, ទី ឬតំណែងនៃបណ្ឌិតជាដើម។
បើនិយាយពីបុគ្គលណាម្នាក់ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ឬក៏បានរៀនដល់ថ្នាក់បណ្ឌិត គឺយើងសរសេរថា «បណ្ឌិត»។ ឧទាហរណ៍ថា៖«បងប្រុសខ្ញុំ គឺជាបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ»។
ចំណែកពាក្យ «បណ្ឌិត្យ» វិញ គឺមិនសំដៅទៅលើមនុស្ស ដែលមានចំណេះដឹង នោះទេ។ បើ «បណ្ឌិត្យ» គឺជាភាវៈនៃបណ្ឌិត, សភាព, ស្ថាន, ទី, តំណែងនៃបណ្ឌិត ដូចជា បណ្ឌិត្យសភា, ពុទ្ធសាសនបណ្ឌិត្យ ជាដើម។
ពាក្យ «ពុទ្ធសាសនបណ្ឌិត្យ» ក្នុងទីនេះ មិនសំដៅលើអ្នកប្រាជ្ញ ឬអ្នកមានចំណេះដឹងខាងព្រះពុទ្ធសាសនាឡើយ។ តែពាក្យ «ពុទ្ធសាសនបណ្ឌិត្យ» គឺអាចសំដៅទៅលើ កន្លែង ដែលប្រមូលផ្តុំទៅដោយអ្នកប្រាជ្ញ ឬក្បួនច្បាប់នានា ដែលទាក់ទងនឹងព្រះពុទ្ធសាសនា។ ឧទាហរណ៍ថា៖«ខ្ញុំ បានចំណាយពេលជាងមួយខែ ក្នុងការសិក្សាស្រាវជ្រាវពីទ្រឹស្តីកម្ម-ផល នៅក្នុងពុទ្ធសាសនបណ្ឌិត្យ»។
ពាក្យ «រាជ» គឺសំដៅដល់តួអង្គព្រះមហាក្សត្រ។ រីឯ «រាជ្យ» អាចសំដៅដល់ព្រះរាជបល្ល័ង្ក ឬ ភាវៈជាព្រះមហាក្សត្រ។
សព្ទ «រាជ» គឺមានន័យថា ព្រះរាជា ឬ ព្រះមហាក្សត្រ។ ក្នុងភាសាខ្មែរ នៅពេលណា គេចង់សំដៅដល់ព្រះមហាក្សត្រ គឺគេ តែងប្រើជា «រាជា» ដោយមិននិយមប្រើ «រាជ» នោះទេ។ ឧទាហរណ៍ថា៖«ព្រះរាជា យាងមកដល់ហើយ!»។
ជាទូទៅ សព្ទ «រាជ» មិនសូវជាឈរតែឯងនោះទេ។ ជាញឹកញាប់ សព្ទ «រាជ» តែងភ្ជាប់នៅខាងដើម ឬ នៅខាងចុងនៃពាក្យណាមួយ។
ពាក្យដែលមាន «រាជ» នៅខាងដើម មានដូចជា, រាជកុមារ, រាជខណ្ឌ, រាជគ្រឹះ, រាជគ្រូ, រាជដំណាក់, រាជដំណើរ, រាជតម្រាស់, រាជតម្រិះ, រាជទាន, រាជទ្រព្យ, រាជធម៌, រាជនិពន្ធ, រាជបញ្ជា, រាជបណ្ឌិត, រាជបិតា, រាជការ, រាជកិច្ច, រាជទូត, រាជធានី, រាជបុត្រ, រាជប្រកាស ។ល។ ពាក្យ ដែលមាន «រាជ» នៅខាងចុង មានដូចជា នគររាជ, នាគរាជ មហារាជ, អធិរាជ, ឯករាជ ។ល។
ចំពោះសព្ទ «រាជ្យ» គឺសំដៅលើ ភាវៈជាព្រះរាជា ឬ ការគ្រប់គ្រងផែនដី។ ឧទាហរណ៍ថា៖«គ្រងរាជ្យ, សោយរាជ្យ, ដណ្តើមរាជ្យ, ក្សត្រទ្រង់រាជ្យ»។ សព្ទ «រាជ្យ» ដែលស្ថិតនៅខាងចុងនៃពាក្យទាំងនេះ គឺមិនសំដៅដល់តួអង្គព្រះមហាក្សត្រនោះទេ តែសំដៅដល់បុគ្គលណាមួយ ដែលឡើងគ្រប់គ្រងរាជបល្ល័ង្ក ធ្វើជាព្រះមហាក្សត្រ។
ការបកស្រាយខាងលើនេះ គឺយោងតាមវចនានុក្រមសម្តេច ជួន ណាត៕