កីឡាអន្តរជាតិ
អន្តរជាតិ
ទោះសល់គ្នា១០នាក់ AC Milan នៅតែឈ្នះ Benevento ដើម្បីឈរកំពូលតារាង Serie A
× AC Milan នៅតែអាចរក្សាចំណាត់ថ្នាក់កំពូលតារាង Serie A បានដដែល ក្រោយយកឈ្នះ Benevento ២-០ បើទោះនៅសល់គ្នាតែ១០នាក់ក៏ដោយ។ AC Milan នាំមុខគូប្រជែង Inter Milan តែមួយពិន្ទុប៉ុណ្ណោះ។
នាជំនួបក្របខណ្ឌលីគកំពូលអ៊ីតាលីនៅរាត្រីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ កីឡាករ Franck Kessie បានស៊ុតបាល់ពិន័យ១១ម៉ែត្រដើម្បីជួយ AC Milan នាំមុខក្រុមម្ចាស់ផ្ទះ Benevento ១គ្រាប់មុននៅនាទី១៥។
នៅនាទី៣៣ កីឡារ Sandro Tonali ទទួលបានកាតក្រហម ដែលធ្វើឲ្យក្រុមលោក Stefano Pioli សល់តែគ្នាត្រឹម១០នាក់។ បើទោះបាត់បង់សមាជិកម្នាក់ក្តី ប៉ុន្តែ AC Milan នៅតែអាចបន្តរកគ្រាប់បាល់បន្ថែមនៅនាទី៤៩ ដោយខ្សែប្រយុទ្ធ Rafael Leao។ ចប់ការប្រកួត AC Milan ឈ្នះ Benevento ២-០។
តាមរយៈជ័យជម្នះ បានជួយ AC Milan រក្សាភាពមិនចាញ់សោះក្នុងការប្រកួត១៥លើករដូវកាលនេះ និងរក្សាតំណែងកំពូលតារាង Serie A បណ្តោះអាសន្នដោយរកបាន៣៧ពិន្ទុ នាំមុនក្រុមគូប្រជែង Inter Milan ចំនួន១ពិន្ទុ។ Inter Milan បានយកឈ្នះ Crotone ៦-២ ក្នុងជំនួបសប្តាហ៍ទី១៥របស់ពួកគេ។
AC Milan ដែលជាម្ចាស់ជើងឯកអ៊ីតាលីច្រើនជាងគេលំដាប់ទី២បន្ទាប់ពី Juventus អាក់ខានឈ្នះពានរង្វាន់នេះជិតមួយទស្សវត្តិមកហើយ ពោលគឺឈ្នះលើកចុងក្រោយនៅរដូវកាល ២០១០-១១។
Juventus ដែលយកឈ្នះ Udinese ៤-១ ឡើងទៅចំណាត់ថ្នាក់ទី៥ដោយរកបាន២៧ពិន្ទុ តាមពីក្រោយ Napoli ដែលនៅលេខ៤ចំនួន១ពិន្ទុ និងលេខ៣ Roma ចំនួន៣ពិន្ទុ។ Spezia, Genoa និង Crotone នៅបាតតារាង៕
© រក្សាសិទ្ធិដោយ thmeythmey.com