Paris Saint-Germain បានតែងតាំងលោក Mauricio Pochettino ជាអ្នកចាត់ការទូទៅថ្មី ដើម្បីជំនួសលោក Thomas Tuchel កាលពីថ្ងៃទី២ ខែមករា។ ក្រោយការទៅដឹកនាំក្លិបយក្សបារាំង អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ ចង់នាំយក Lionel Messi និងកីឡាករល្អមួយចំនួនទៀតទៅជួយក្រុម។
Pochettino បានត្រឡប់ទៅកាន់ការងារជាអ្នកចាត់ការវិញហើយ បន្ទាប់ពីចាកចេញពី Tottenham Hotspur អស់រយៈពេលជាងមួយឆ្នាំ។ គ្រូបង្វឹកវ័យ៤៨ឆ្នាំរូបនេះ បានយល់ព្រមចុះកិច្ចសន្យាការងារដឹកនាំ PSG ដល់ឆ្នាំ២០២២ ជាមួយលក្ខខណ្ឌបន្តទៀតផងដែរ។
ការតែងតាំងលោក Pochettino ធ្វើឡើងនៅក្រោយមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពី PSG បានបញ្ចប់តំណែងលោក Tuchel ភ្លាមៗក្រោយជួយក្រុមយកឈ្នះ Strasbourg ៤-០ ក្នុងការប្រកួត Ligue 1។ នេះមិនមែនជារឿងចម្លែកនោះទេដែលក្រុមអ្នកមានបារាំងចង់ផ្លាស់ប្តូរគ្រូថ្មី ដ្បិតចង់ឲ្យក្រុមអាចឈ្នះពានធំៗដូចជាពានលំដាប់អឺរ៉ុប UEFA Champions League បន្ថែមលើពានក្នុងស្រុក។
បើទោះ PSG មានសមាជិកកីឡាករលំដាប់កំពូលៗជាច្រើនដូចជា Neymar, Angel Di Maria និង Kylian Mbappé រួចហើយក្តី តែគោលដៅរបស់លោក Pochettino មិនមែនត្រឹមប៉ុណ្ណេះឡើយ។ អ្នកចាត់ការអាហ្សង់ទីន ចង់នាំយកកំពូលកីឡាករ Lionel Messi ដែលមានភាគរយខ្ពស់ចាកចេញពី Barcelona អំឡុងទីផ្សារដោះដូរខែមករានេះ ដើម្បីពង្រឹងតំបន់បម្រើរបស់ក្រុមថែមទៀតផង។ នេះបើតាមការចុះផ្សាយរបស់កាសែត AS។
បើទោះជាមានប្រាក់ឈ្នួលខ្ពស់សម្រាប់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ក្លិបយក្សបារាំងដែលគេដឹងថាមានម្ចាស់ជាមហាសេដ្ឋីប្រេងនោះ ទំនងជាមិនខ្វល់ពីទំហំទឹកប្រាក់ចំណាយដ៏ច្រើនបន្ថែមនេះនោះឡើយ។
មិនត្រឹមតែ Messi មួយរូបនោះទេ អតីតគ្រូ Spurs និង Southampton រូបនេះ ក៏ចង់បានអតីតកូនក្រុមខ្លួនពីររូបដែលរួមមាន Dele Alli និង Christian Eriksen ទៅកាន់ទឹកដី Parc des Princes ផងដែរ។ Alli និង Eriksen សុទ្ធតែរួមចំណែកជួយមាន់ខ្នាយមាសឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League កាលលោក Pochettino នៅដឹកនាំ។
Alli ខ្សែបម្រើសញ្ជាតិអង់គ្លេស មិនស្ថិតក្នុងជម្រើសដំបូងរបស់ Spurs ទៀតឡើង ចាប់តាំងពីលោក Jose Mourinho ឡើងទៅដឹកនាំ ខណៈ Eriksen ក៏មានគម្រោងចាកចេញពី Inter Milan ផងដែរដោយសារមិនស្ថិតក្នុងជម្រើសរបស់លោក Antonio Conte ដូចគ្នា។
PSG សព្វថ្ងៃស្ថិតនៅចំណាត់ថ្នាក់ទី៣ក្នុងតារាងលីគកំពូលបារាំង ដោយរកបាន៣៥ពិន្ទុ តាមពីក្រោយក្នុងលេខពីរ Lille និងកំពូលតារាង Lyon តែ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួត១៧លើកដូចគ្នា។ PSG បានឈានដល់វគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌកំពូលអឺរ៉ុបដោយត្រូវប៉ះក្រុមយក្សអេស្ប៉ាញ Barcelona៕