កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន​៖ CAMSOC សម្រេច​សមិទ្ធផល​ច្រើន នៅ​ឆ្នាំ​២០២០ តែ​ធនធានមនុស្ស​មិនទាន់​យល់ចិត្ត​គ្នា​
04, Jan 2021 , 9:19 pm        
រូបភាព
ដោយ:
​ទោះបី​កម្ពុជា​ទទួលរង និង​ជួប​វិបត្តិ​ជំ​ងឹ​កូ​វីដ​-១៩ តែ​វា​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​អនុវត្ត​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC)​នោះទេ​។ ផ្ទុយទៅវិញ CAMSOC នៅតែ​បន្ត​ដំណើរការ​របស់ខ្លួន​ដូច​ប្រក្រតី និង​សម្រេចបាន​សមិទ្ធផល​ការងារ​គួរ​ឲ្យ​កត់សម្គាល់​។ តែ​យ៉ាងណា​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ជះឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​អភិវឌ្ឍ​សមត្ថភាព​កីឡាករ​កីឡាការិនី​រប​ស់​កម្ពុជា​។

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC)​បានលើកឡើង​ពី​ឧបសគ្គ និង​សមិទ្ធផល​ការងារ ដែល CAMSOC ជួបប្រទះ និង​សម្រេចបាន​ក្នុង​ឆ្នាំ​២០២០​។ ទោះបី​កម្ពុជា​ទទួលរង និង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ តែ​គណៈកម្មការ​នេះ សម្រេចបាន​ការងារ​ជាច្រើន ពាក់ព័ន្ធ​ការឯកភាព​គ្នា​ក្នុងការ​ជ្រើសរើស​រូប​និមិត្តសញ្ញា​(Logo), តុក្កតា​តំណាង​(Mascot) និង​បាវចនា​(Motto)​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ជាពិសេស​ការងារ​សាងសង់​ទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​។​
 
 
​ទន្ទឹមនឹងនេះ CAMSOC ក៏បាន​ជួប​ឧបសគ្គ​មួយចំនួន ក្នុងការ​អនុវត្ត​ការងារ​ក្នុង​រយៈពេល​១​ឆ្នាំកន្លងមក​ផងដែរ ដូចជា​ការមិន​ទាន់​យល់ចិត្ត និង​ការងារ​គ្នា ហើយ​គណៈកម្មការ​ជំនាញ​ទាំង​១៤​នៃ CAMSOC ភាគច្រើន​ពុំមាន​បទពិសោធ​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​ធំៗ ដែល​ធ្វើ​ឲ្យ​ការងារ​របស់ CAMSOC មាន​ភាពយឺតយ៉ាវ​។ 
 
«​យើង​ដឹង​ហើយ​ថា CAMSOC ជា​គណៈកម្មការ​មួយ​ដែល​ប្រមូល​ធនធានមនុស្ស​មកពី​គ្រប់​មជ្ឈដ្ឋាន គ្រប់​ស្ថាប័ន ក្រសួង និង​អង្គភាព​ផ្សេងៗ​គ្នា មក​ច្របាច់​បញ្ចូល​គ្នា ដើម្បី​ធ្វើការ​រួមគ្នា​។ នេះ​ជា​បញ្ហា​មួយ​ដែរ ដូច​យើង​ដឹង​ហើយ​ថា កាលណា​យើង​ថ្មី​ទាំងអស់គ្នា ហើយ​ធនធានមនុស្ស ដែល​មកពី​ស្ថាប័ន​ផ្សេងៗ គាត់​មិនទាន់​ជ្រួតជ្រាប និង​យល់ច្បាស់​ពី​របៀប​ធ្វើការ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។ 
 
​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏​ជា​បញ្ហា​មួយ​ដែរ​សម្រាប់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​កីឡាករ ដើម្បី​ត្រៀម​ទៅ​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​វៀតណាម​ឆ្នាំ​២០២១ និង​ដំណើរ​ឆ្ពោះទៅ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​។ ការ​រា​តនៃ​ជំងឺ​នេះ បានធ្វើ​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ប្រកាស​រំសាយ​ប្រមូលផ្តុំ​ការហ្វឹកហាត់​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ​ថ្នាល និង​ឈុត​ធំ​ម្តង​ហើយ​ម្តងទៀត​។ 
 
​លោក វ៉ា​ត់ ចំរើន បានលើកឡើង​ពី​បញ្ហា​ប្រឈម​ដោយសារ​ជំងឺ​កូ​វីដ​-១៩ យ៉ាងនេះ​ថា​៖«​ការមិន​ទាន់​យល់​គ្នា​១០០​ភាគរយ​ក្នុងការ​ធ្វើការ​ជា​ក្រុម​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ក៏​ជា​បញ្ហា​មួយ​ដែរ​។ បញ្ហា​មួយទៀត​យើង​ដឹង​ហើយ​ថា កូ​វីដ​-១៩ ជា​បញ្ហា​សកល និង​បាន​ជះឥទ្ធិពល​ខ្លាំង​ដល់​ដំណើរ​ការរៀបចំ​ស៊ី​ហ្គេម​របស់​យើង គឺ​វា​បាន​ទាញ​ថយក្រោយ​ក្នុង​ការកសាង​សមត្ថភាព​របស់​កីឡាករ ដូច​យើង​ឃើញ​ហើយ​ថា មានការ​ផ្អាក​ការហ្វឹកហាត់ ការប្រកួត​ផ្សេងៗ​»​។ 
 
​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន បានបង្ហាញ​ពី​ផែនការ​យុទ្ធសាស្ត្រ និង​យន្តការ​ជាច្រើន ដែល CAMSOC ត្រូវអនុវត្ត​ការងារ​ក្នុង​ឆ្នាំ​២០២១ ដែល​ថ្នាក់ដឹកនាំ​ចាត់ទុកជា​ឆ្នាំ​ចាប់ផ្តើម​អនុវត្ត​ការងារ​ឈាន​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ការងារ​សំខាន់ៗ​ទាំងនោះ​រួមមាន​ការត្រៀម​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ការកំណត់​ប្រភេទ​កីឡា ដើម្បី​បញ្ជូនទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង​ការត្រៀមខ្លួន​ទទួល​ទង់​ស៊ី​ហ្គេម​ពី​វៀតណាម​ជាដើម​៕    
 

Tag:
 CAMSOC
  វ៉ា​ត់ ចំរើន​
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com