COVID-19
ជាតិ
ត្រី​ឆ្ពង់​នៅ​ខេត្ត​ព្រះសីហនុ ធ្លាក់​ថ្លៃ​ខ្លាំង ដោយសារ​វិបត្តិ​កូ​វីដ​-១៩
04, Jan 2021 , 11:29 pm        
រូបភាព
កន្លែងចិញ្ចឹមត្រីរបស់លោក ផេង ម៉ូវ (រូបភាពពីកម្មវិធីអាស្ប៉ាយ)
កន្លែងចិញ្ចឹមត្រីរបស់លោក ផេង ម៉ូវ (រូបភាពពីកម្មវិធីអាស្ប៉ាយ)
ដោយ:
​តម្លៃ​ត្រី​ឆ្ពង់ ក្នុង​ខេត្ត​ព្រះសីហនុ ធ្លាក់​ថ្លៃ​ជាង​ពាក់កណ្ដាល នៅ​អំឡុង​វិ​បិ​ត្ត​កូ​វីដ​-១៩ ខណៈ​មុន​វិបត្តិ​កូ​វីដ​-១៩ តម្លៃ​ត្រី​ឆ្ពង់ អាច​លក់បាន តម្លៃ ៣​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម​។ បច្ចុប្បន្ន តម្លៃ​ត្រី​ឆ្ពង់ ក្នុង​ខេត្ត​នេះ លក់បាន​ត្រឹម​១​ម៉ឺន​៦​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​តែប៉ុណ្ណោះ​។​

 
​សមាជិក​បណ្ដុំ​អាជីវកម្ម ចិញ្ចឹម​ត្រី​ឆ្ពង់ នៃ​សហគមន៍​នេសាទ ទំនប់រលក មានការ​រអ៊ូរទាំ ការធ្លាក់​ថ្លៃ​ត្រី ក្នុងអំឡុង​វិ​បិ​ត្ត​កូ​វីដ​-១៩​នេះ ខណៈ​ពលរដ្ឋ​ប្រមាណ ៦០​ភាគរយ ទៅ ៧០​ភាគរយ ក្នុងស្រុក​ស្ទឹងហាវ ក្នុង​ខេត្ត​ព្រះសីហនុ បាន​ប្រក​បរបរ​នេសាទ​។ នេះ​បើតាម​លោក ណាក់ ហួរ អនុប្រធាន​បណ្ដុំ​អាជីវកម្ម ចិញ្ចឹម​ត្រី​ឆ្ពង់ នៃ​សហគមន៍​នេសាទ​ទំនប់រលក​។​
 
​ជា​អនុប្រធាន​បណ្ដុំ​អាជីវកម្ម ចិញ្ចឹម​ត្រី លោក ណាក់ ហួរ ក៏​ជា​អ្នក​ចិញ្ចឹម​ត្រី​ឆ្ពង់ មួយរូប​ក្នុង​បណ្ដុំ​អាជីវកម្ម ផងដែរ​។ លោក​បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា ភាគច្រើន ពលរដ្ឋ​ក្នុងស្រុក​ស្ទឹងហាវ ប្រកប​របរ​ចិញ្ចឹម​ត្រី​ជា​ចម្បង ហើយ​តាំងពី​មាន​វិ​បិ​ត្ត​កូ​វីដ​-១៩​មក ទីផ្សារ​ត្រី ហាក់​មាន​ភាព​ចង្អៀត​។ 
 
​លោក ណាក់ ហួរ ប្រាប់​យ៉ាង​ដូច្នេះ​៖«​មុន​កូ​វីដ ត្រី​ឆ្ពង់​លក់បាន ៣​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម តែ​បច្ចុប្បន្ន​លក់បាន​ត្រឹម ១​ម៉ឺន​៦​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​ពិបាក​លក់​ទៀត​»​។ លោក​បាន​បន្ថែមថា ក្រៅពី​មាន​បញ្ហា​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​ក៏មាន​ការនាំ​ចូល​ត្រី​ពី​ខាង​ប្រទេស​វៀតណាម ជាហេតុ​ពលរដ្ឋ​មួយចំនួន ងាក​ទៅ​គាំទ្រ ត្រី​ខាងក្រៅ​ព្រោះ​វា​មានតម្លៃ ថោក​ជាង​ត្រី​ក្នុងស្រុក​។​


កន្លែងចិញ្ចឹមត្រីឆ្ពង់ ក្នុងខេត្តព្រះសីហនុ (រូបភាពពីកម្មវិធីអាស្ប៉ាយ) 

«​កូ​វីដ​-១៩ ធ្វើ​ឲ្យ​ផ្អាក​ពិធីមង្គលការ និង​ពិធីបុណ្យ​ផ្សេងៗ ដូច្នេះ​ការបញ្ជាទិញ ក៏​កាត់បន្ថយ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ណាក់ ហួរ​។ ប៉ុន្តែ​លោក ណាក់ ហួរ បាន​បន្ថែមថា ក្រោយ​ប្រមុខ​រដ្ឋាភិបាល​សម្រេច ឲ្យ​រៀបចំ​ពិធីមង្គលការ ឡើងវិញ ទីផ្សារ​ត្រី ហាក់​មាន​សន្ទុះ​បន្តិច ដែល​ត្រី​ឆ្ពង់ អាច​លក់បាន​តម្លៃ ១​ម៉ឺន​៨​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម ទៅតាម​រដូវ​កាល​របស់​ត្រី​។​
 
​ដោយឡែក​លោក ផេង ម៉ូ​វ តាមរយៈ​កម្មវិធី​គម្រោង​អា​ស្ប៉ា​យ លោក ផេង ម៉ូ​វ ក៏​ជា​សមាជិក មួយរូប​ដែរ ក្នុង​បណ្ដុំ​អាជីវកម្ម ចិញ្ចឹម​ត្រី​ឆ្ពង់ នៃ​សហគមន៍​នេសាទ ទំនប់រលក​។ លោក​ជា​អ្នក ផ្គត់ផ្គង់​ត្រី​ឆ្ពង់​ធំ ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ ដូចជា​ផ្សារ​ឃ្លាំង​លើ ផ្សារ​ទំនប់រលក និង​ផ្សារ​កងកេង ជា​មធ្យម​រាល់ ២​ថ្ងៃ​ម្តង គាត់​អាច​លក់​ត្រី​ប្រមាណ​ជិត ១០០​គីឡូក្រាម ក្នុងតម្លៃ ១​ម៉ឺន​៦​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​។ 
 
​បើតាម​អ្នក​ចិញ្ចឹម​ត្រី ក្នុង​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​មិនទាន់មាន​ជីវភាព​ប្រសើរ​ឡើងវិញ​នោះទេ​។ តួយ៉ាង ដូច​អ្នក​ចិញ្ចឹម​ត្រី ផេង ម៉ូ​វ ដ្បិត​ជា​អ្នកផ្គត់ផ្គង់​ត្រី​ធំ ក្នុង​ខេត្ត តែ​តម្លៃ​ត្រី ដែល​លោក​ទទួលបាន នៅមានកម្រិត និង​ត្រូវ​ចំណាយ​ទៅវិញ ក្នុង​របរ​ចិញ្ចឹម​ត្រី ដូចជា​ការជួល​កម្លាំង​ពលកម្ម​បន្ថែម​ម្នាក់ ក្នុងតម្លៃ ៧០​ម៉ឺន​រៀល ក្នុង​មួយខែ សម្រាប់​មើលថែ កន្លែង​ចិញ្ចឹម​ត្រី និង​ត្រូវ​ចំណាយ ថ្លៃ​លើ​ចំណី​ត្រី មួយថ្ងៃ ៣០​ម៉ឺន​រៀល ក្នុងការ​ចិញ្ចឹម​ត្រី ចំនួន ១០០​បែរ​។ 
 
​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា ដែល​កើតមាន​ក្នុង​វិស័យ​វារីវប្បកម្ម ឲ្យ​បាន​ទាន់ពេលវេលា ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានសម្រេច​បង្កើត​គណៈ​កម្ម​ការ ជំរុញ​វារីវប្បកម្ម​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា ដល់​វា​រី​វប្បករ​កម្ពុជា​។ តាមរយៈ​ការបង្កើ់ត​គណៈកម្មការ​ខាងលើនេះ នឹង​សំដៅ​បង្កើន​សមត្ថភាព​ផលិត ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ ដោយ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ លើ​ដំណើរការ​ផលិតកម្ម​អាជីវកម្ម បញ្ហា​ប្រឈម​នានា និង​លើក​ទិសដៅ អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕
 

Tag:
 វារីវប្បកម្ម​
 ​ចិញ្ចឹម​ត្រី​
 ​ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com