កីឡាអន្តរជាតិ
អន្តរជាតិ
Son ជាប់ឆ្នោតជាកីឡាករល្អបំផុតប្រចាំតំបន់អាស៊ីឆ្នាំ២០២០ និងជាលើកទី៦ក្នុងអាជីព
× Son Heung-min ខ្សែប្រយុទ្ធឆ្នើមក្រុម Tottenham Hotspur ជាប់ជាកីឡាករល្អបំផុតប្រចាំទ្វីបអាស៊ី Best Footballer in Asia ឆ្នាំ២០២០ និងជាការឈ្នះលើកទី៦ក្នុងអាជីពរបស់គេ ក្នុងចំណោមការប្រកាសពានទាំង៨លើក។
ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង វ័យ២៨ឆ្នាំរូបនេះ ត្រូវបានអ្នកកាសែតកីឡា និងអ្នកពាក់ព័ន្ធនៅតំបន់អាស៊ីផ្តល់ការជឿជាក់ដោយបោះឆ្នោតឲ្យរូបគេរហូតដល់សំឡេងនាំមុខដាច់២៨៦សំឡេង នាំមុខគូប្រជែង Sardar Azmoun ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីរ៉ង់ និងក្រុម Zenit Saint Petersburg ដែលបាន៨៩សំឡេង និងលេខ៣ កីឡាករប្រេស៊ីល Junior Negrao របស់ក្រុម Ulsan Hyundai បាន៨៣សំឡេង។
Best Footballer in Asia បានរៀបចំដោយ Titan Sports ចាប់តាំងពីឆ្នាំ២០១៣ ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងពាន Ballon d’Or ដែរ។ រយៈពេល៨ឆ្នាំមកនេះ គេបានរកឃើញអ្នកឈ្នះតែ៣រូបបុណ្ណោះ ក្នុងនោះអតីតកីឡាករជប៉ុន Keisuke Honda ដែលសព្វថ្ងៃជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ទទួលបានលើកដំបូងនៅឆ្នាំ ២០១៣ និងខ្សែប្រយុទ្ធជប៉ុន Shinji Okazaki (២០១៦)។ ក្រៅពីនោះ ៦លើកធ្លាក់ទៅក្នុងដៃ Son ទាំងអស់ ពោលគឺក្នុងឆ្នាំ ២០១៤, ២០១៥, ២០១៧, ២០១៨, ២០១៩ និង ២០២០។
កាលពីរដូវកាល ២០១៨-១៩ Son បានជួយក្រុមរហស្សនាមមាន់ខ្នាយមាសឡើងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League មុនពេលចាញ់ Liverpool ២-០។ ដោយឡែក នៅដើមរដូវកាលនេះ ២០២០-២១ រូបគេបានបង្ហាញភាពលេចធ្លោខ្លាំង តាមរយៈការជួយ Spur ឈ្នះជាច្រើនប្រកួតនៅ Premier League។
ក្រៅពីពានកីឡាករល្អបំផុតប្រចាំតំបន់អាស៊ីឆ្នាំ ២០២០ Son ដែលថ្មីៗនេះទើបឈ្នះពានគ្រាប់បាល់ល្អបំផុត Puskas តាមរយៈការប្រើទេពកោសល្យអូសបាល់តាំងពីក្រោមរហូតស៊ុតបញ្ចូលទីក្រុម West Ham នៅការប្រកួតលីគកំពូលអង់គ្លេសនោះ ក៏បានក្លាយជាអ្នកបញ្ចប់ទីល្អជាងគេនៅអង់គ្លេសផងដែរ។
សមាជិកក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ បានក្លាយជាកីឡាករដ៏សំខាន់សម្រាប់ក្រុមរបស់លោក Jose Mourinho ក្នុងការប្រជែងពាន Premier League រដូវកាលនេះ បន្ទាប់ពីរូបគេអាចរកគ្រាប់ស៊ុតបញ្ចូលទីចំនួន១២គ្រាប់ និងបញ្ជូនឲ្យដៃគូសម្រេចទី៥លើកក្នុងការបង្ហាញខ្លួន១៦ប្រកួតក្នុងលីគកន្លងមក៕
Tag:
Son Heung-min
Tottenham Hotspur
Best Footballer in Asia
© រក្សាសិទ្ធិដោយ thmeythmey.com