អន្តរជាតិ
ជម្លោះ៣ឆ្នាំរវាងកាតានិងអារ៉ាប៊ីសាអូឌីត ឈានដល់ទីបញ្ចប់ ក្រោយអាមេរិកសម្រុះសម្រួល ព្រំដែនរវាងកាតា និងអារ៉ាប៊ីសាអូឌីត ថតចេញពីទឹកដីកាតា។ រូបថត AFP
× ជម្លោះជាង៣ឆ្នាំរវាងកាតា និងអារ៉ាប៊ីសាអូឌីត បានឈានមកដល់ទីបញ្ចប់ ក្រោយពេលប្រទេសទាំងពីរសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់ជម្លោះដោយបើកឡើងវិញព្រំដែនគោក ទឹក និងអាកាសដល់កាតា ហើយភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃទី៥ មករា។ អាមេរិក ជាអ្នកសម្របសម្រួលការបញ្ចប់ជម្លោះនេះ ប៉ុន្តែអេហ្ស៊ីប បារ៉ែន និងអេមីរ៉ាត់អារ៉ាប់រួម មិនទាន់ដកការហ៊ុមព័ទ្ធលើកាតានៅឡើយទេ។
ការហ៊ុមព័ទ្ធផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសរបស់អារ៉ាប៊ីសាអូឌីតលើកាតាដែលចាប់ផ្ដើមនៅឆ្នាំ២០១៧ បានឈានដល់ទីបញ្ចប់ ក្រោយភាគីទាំងពីរឯកភាពគ្នាបញ្ចប់ជម្លោះ ដោយមានអាមេរិកជាអ្នកជួយចូកជួយចែវ។ កិច្ចព្រមព្រៀងបញ្ចប់ជម្លោះ នឹងត្រូវចុះហត្ថលេខារវាងមហាក្សត្រកាតា តាមីម ប៊ី ហាម៉ាដ អាល់-ថានី និងរជ្ជទាយាទអារ៉ាប៊ីសាអូឌីត មូហាម៉ាត់ ប៊ីន សាលម៉ាន់ នៅអារ៉ាប៊ីសាអូឌីត។
ព័ត៌មាននៃការបញ្ចប់ជម្លោះ ត្រូវបានប្រកាសដោយនៅថ្ងៃទី៤ មករា មុនជំនួបកំពូលប្រចាំឆ្នាំនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស ដោយរដ្ឋមន្ត្រីការបរទេសកូវ៉ែត។ តាំងតែពីមានជម្លោះមក កូវ៉ែត ដើរតួនាទីជាអ្នកស្វែងរកដំណោះស្រាយរវាងកាតា និងប្រទេសអារ៉ាប់ផ្សេងទៀត។ ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) ជាអង្គការតំបន់ដែលមានអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន កូវ៉ែត អូម៉ង់ និងកាតា៕
បើទោះបីជាអារ៉ាប៊ីសាអូឌីតប្រកាសលុបចោលបម្រាមធ្វើដំណើរ និងពាណិជ្ជកម្មក្តី អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីបពុំទាន់បង្ហាញពីបំណងក្នុងការលុបចោលបម្រាមទាំងនោះភ្លាមៗឡើយ។ យ៉ាងណាក្តី មន្ត្រីការទូតអាមេរិក រំពឹងទុកថា ប្រទេសទាំងនេះ នឹងដកចោលបម្រាមទាំងនោះនាពេលខាងមុខ។
ដើម្បីដោះស្រាយជម្លោះរយៈពេលជាង៣ឆ្នាំនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានតែងតាំងលោកJared Kushner ដែលជាកូនប្រសារ និងទីប្រឹក្សាសេតវិមាន ឲ្យទទួលបន្ទុកដោះស្រាយជម្លោះខាងលើ។ កូវ៉ែត ដែលគេចាត់ទុកជាប្រទសអព្យាក្រឹត្យក្នុងតំបន់ ក៏ដើរតួនាទីយ៉ាងសំខាន់ដែរក្នុងការដោះស្រាយជម្លោះនេះ ដោយមហាក្សត្រកូវ៉ែតជាអ្នកស្នើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះទៅកាន់កាតា និងអារ៉ាប៊ីសាអូឌីត។
អាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ក្រុមប្រទេស GCC បានបង្កើនការប្រឹងប្រែងក្នុងការផ្សះផ្សាជម្លោះរបស់ប្រទេសទាំងនោះ អោយអះអាងថា សាមគ្គីភាពរបស់ក្រុមប្រទេស GCC ជាការចាំបាច់ ដើម្បីទប់ទល់ជាមួយអ៊ីរ៉ង់ដែលជាសត្រូវរួម។ អាមេរិកមានមូលដ្ឋានទ័ព Al Udeid ដ៏ធំបំផុតរបស់ខ្លួននៅកាតាជាមួយទាហានជាង១ម៉ឺននាក់ ឯបារ៉ែនវិញជាមូលដ្ឋាននៃកងនាវាចម្បាំងទី៥ របស់អាមេរិក ខណៈប្រទេសបួនផ្សេងទៀតសុទ្ធសឹងតែមានវត្តមានកងទ័ពអាមេរិករាប់ពាន់នាក់ដែរ។
នៅឆ្នាំ២០១៧ អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានផ្តាច់ទំនាក់ទំនងការទូត ពាណិជ្ជកម្ម បិទព្រំដែនផ្លូវគោក ទឹក និងដែនអាកាស ក៏ដូចជាបណ្តេញពលរដ្ឋកាតាចេញពីប្រទេសរៀងៗខ្លួន ដោយចោទកាតាពីការគាំទ្រអំពើភេរវនិយម និងមានទំនាក់ទំនងជិតស្និទជ្រុលជាមួយអ៊ីរ៉ង់។ កាតា ម្តងហើយម្តងទៀតបានច្រានចោលការចោទប្រកាន់ពីប្រទេសទាំងនោះ ដោយអះអាងថា គ្មានហេតុផលសមស្របក្នុងការផ្តាច់ទំនាក់ទំនងការទូតឡើយ៕
Tag:
កាតា
អារ៉ាប៊ីសាអូឌីត
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com