កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​ខ្សែបម្រើ​ឆ្នើម Fletcher ត្រូវ​តែងតាំង​ជា​គ្រូ​ជំនួយ​ក្រុម​ឈុត​ធំ​របស់ Man Utd
05, Jan 2021 , 9:59 pm        
រូបភាព
​ដោយ​៖​ជា យូ​គៀង
 
​ក្លឹប​បិសាច​ក្រហម Manchester United បានប្រកាស​នៅ​ថ្ងៃទី​៤ ខែមករា ថា អតីត​កីឡាករ​ខ្សែបម្រើ Darren Fletcher បាន​វិល​ត្រលប់មក​ចូលរួម​ជាមួយ​ក្លឹប​ម្តងទៀត​ដោយមាន​តួនាទី​ក្នុង​ក្រុម​គ្រូបង្វឹក​ឈុត​ធំ​។​

 
Darren Fletcher ធ្លាប់បាន​រួមរស់​ជាមួយ Man Utd អស់​រយៈពេល ២០​ឆ្នាំ ក្នុងនាម​ជា​កីឡាករ​ម្នាក់​ដែល​លេង​ចម្រាញ់​ចេញពី​ឈុត​ថ្នាល​។ រូបគេ​បានបង្ហាញ​ខ្លួន​ឲ​ក្រុម​ឈុត​ធំ​បាន​ជាង ៣៤០ ប្រកួត​អំឡុង​ឆ្នាំ​២០០៣ ដល់​ឆ្នាំ ២០១៥ ដោយ​ជួយ​ក្រុម ឈ្នះ​ពានរង្វាន់ Premier League ចំនួន​៥​លើក , FA Cup ១​លើក​, League Cup ២​លើក​, UEFA Champions league ១​លើក និង FIFA Club World Cup ១​លើក​ផងដែរ​។​
 
​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​លោក Ole Gunnar Solskjaer បាន​ស្វាគមន៍​ចំពោះ​ការតែងតាំង Fletcher ជា​គ្រូ​ជំ​ន​យ​ក្រុម​ឈុត​ធំ​។ បើតាម​វេ​ប​សាយ​របស់​ក្រុម Solkjaer និយាយថា Fletcher មាន DNA និង​សរសៃឈាម​ជា Man Utd ស្រាប់ ហើយ​រូបគេ​ដឹង​ច្បាស់​ថា​ត្រូវការ​អ្វីខ្លះ​ដើម្បី​ក្លាយជា​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម​។ 
 
«Fletcher ស្ថិតនៅ​ចំណុច​ចាប់ផ្តើម​ក្នុងនាម​ជា​គ្រូបង្វឹក ហើយ​បទពិសោធ​នៅក្នុង​និង​ក្រៅ​ទីលាន​ជាច្រើន​ឆ្នាំ​បូករួម​ជាមួយនឹង​ការតាំង​ចិត្ត ក៏ដូចជា​ការខិតខំរ​បស់​គេ នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុម​គ្រូបង្វឹក​។​» Solkjaer បញ្ជាក់​បែបនេះ​។​
 
​ក្រោយ​ទទួលបាន​ការតែងតាំង Fletcher បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ដែល​បាន​វិល​ត្រលប់មក​ចូលរួម​ជាមួយ​ក្លឹប​វិញ​ក្នុងនាម​ជា​គ្រូបង្វឹក​របស់​ក្រុម​ឈុត​ធំ​។ រូបគេ​បន្តថា វា​ជា​ពេលវេលា​មួយ​ដ៏​សប្បាយរីករាយ​ជាមួយនឹង​ក្រុម ហើយ​រូបខ្ញុំ​នឹង​ខិតខំ​បន្ត​សម្លឹង​ទៅមុខ​ដើម្បី​ឈានទៅ​មួយ​ចំណុច​ថ្មី​ទៀត​នៅក្នុងនាម​ជា​អាជីប​គ្រូបង្វឹក​ដោយបាន​ធ្វើការ​ងារ​ជាមួយ​លោក Ole និង​ក្រុមការងារ​របស់គាត់​។​
 
​ថា​មុន​ក្លាយជា​គ្រូបង្ហាត់​ក្នុង​ក្រុម​ឈុត​ធំ​ជាមួយ​លោក Solkjaer  អតីត​ខ្សែបម្រើ​រូបនេះ ក៏បាន​បង្ហាត់​ក្រុម Man Utd អាយុ​ក្រោម ១៦​ឆ្នាំ​តាំងពី​ខែតុលា ឆ្នាំ ២០២០ ដែរ​៕
 

Tag:
 Manchester United
  Darren Fletcher
© រក្សាសិទ្ធិដោយ thmeythmey.com