ជាតិ
រដ្ឋមន្ត្រី​បរិស្ថាន ជំរុញ​ឲ្យ​ពលរដ្ឋ​ប្រក​បរបរ​ចិញ្ចឹមសត្វ ជំនួស​ការ​បរបាញ់ ដើម្បី​ជីវភាព​ធូរធារ​
05, Jan 2021 , 10:29 pm        
រូបភាព
​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ ជំរុញ​ឲ្យ​ពលរដ្ឋ​ប្រក​បរបរ​ចិញ្ចឹមសត្វ ជំនួស​ការ​បរបាញ់ ដើម្បី​ជីវភាព​ធូរធារ​។ លោក សាយ សំ​អាល់​ថ្លែង​បែបនេះ នៅក្នុង​វេទិកាសាធារណៈ ពិភាក្សា​លើ​ករណី​ប្រជាជន​កាន់កាប់​អាស្រ័យ​ផល​ក្នុង​ដែន​ជំរក​សត្វព្រៃ «​ភ្នំ​ត្នោត​-​ភ្នំ​ពក​» ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​៥ មករា​។​



​លោក សាយ សំ​អាល់ ហាម​ប្រជាពលរដ្ឋ កុំ​បន្ត​មានទំនាស់​ដីធ្លី​ទៀត ហើយ​ត្រូវ​ចូលរួម​ការពារ និង​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ ដែលមាន​នៅក្នុង​តំបន់​នោះ​ផង​។ រដ្ឋមន្ត្រី​បរិស្ថាន​រូបនេះ ក៏​ស្នើ​ឲ្យ​ប្រជា​ល​រដ្ឋ​ផ្លាស់ប្តូរ​មុខរបរ​បរបាញ់​សត្វ មកជា​ការចិញ្ចឹម​សត្វ​ជំនួស​វិញ  ដើម្បី​បញ្ចៀស​ការ​ប្រឈម​និង​ទោសទណ្ឌ​ចំពោះមុខ​ច្បាប់​។ បើតាម​លោក សាយ សំ​អាល់ មុខរបរ​ចិញ្ចឹមសត្វ​យក​សាច់ ដូចជា​គោ ក្របី ចៀម និង​ពពែ​នោះ ជា​របរ​ងាយស្រួល​សម្រាប់​ពលរដ្ឋ​ក្នុងព្រៃ​សហគមន៍ ព្រោះ​វា​ចំណាយពេល​វេលា​តិច និង​ចំណេញ​ច្រើន​។ 
 
« យើងខ្ញុំ​ចង់ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ចំណូល​ខ្ពស់ មាន​ជីវភាព ធូរធារ ហើយ​នៅពេល​បងប្អូន​ប្រជាពលរដ្ឋ​មានបាន នោះ​នឹងមាន​ការចូលរួម​កាន់​តែ​សកម្ម​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​យើង​មាន​»​។ នេះ​បើតាម​ក្រសួងបរិស្ថាន ដែល​បាន​ស្រង់​សម្តី​លោក សាយ សំ​អាល់ មក​សរស​រលើ​ហ្វេ​ស​ប៊ុ​ក​។​
 
​ជាមួយគ្នានេះ​រដ្ឋមន្ត្រី​បរិស្ថាន ក៏​រៀបចំ​ដី​បម្រុង​ទុក​សម្រាប់​ដោះដូរ​ជូន​ពលរដ្ឋ​សហគមន៍​ទៀតផង​។ លោក សាយ សំ​អាល់ ក៏​ជំរុញឱ្យមាន​ការកំណត់​ព្រំប្រទល់​តំបន់​ដែនជម្រកសត្វព្រៃ​ឱ្យបាន​លឿន ជាពិសេស​ពង្រឹង​ការអប់រំ​ប្រជាពលរដ្ឋ និង​ក្មេងៗ​ក្នុង​សហគមន៍ បាន​រៀនសូត្រ​ទាំងអស់គ្នា​៕

Tag:
 សាយ សំ​អាល់​
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com