ជាតិ
សេដ្ឋកិច្ច
លោក គី សេរីវឌ្ឍន៍៖ បើរដ្ឋប្រើថវិកាពីប្រេងបានល្អ នឹងធ្វើឱ្យសេដ្ឋកិច្ចជាតិ កើន៣ភាគរយទៀត បណ្ឌិតសេដ្ឋកិច្ច លោក គី សេរីវឌ្ឍន៍។ រូបថត៖ រាជបណ្ឌិត្យសភាកម្ពុជា
× កម្ពុជា កំពុងដំណើរការនៃការបូមប្រេងឆៅពីអណ្តូងទីមួយនៅក្នុងប្លុកAនៃដែនសមុទ្រកម្ពុជាក្នុងឈូងសមុទ្រថៃ ដែលមានប្រេងសរុបជាង៣០លានបារ៉ែល និងផ្ដល់ចំណូលប្រមាណ១,៥០០លានដុល្លារ។ លោក គី សេរីវឌ្ឍន៍ បញ្ជាក់ថា បើរដ្ឋប្រើប្រាស់កញ្ចប់ថវិកាដែលបានមកពីការលក់ប្រេងនេះមានប្រសិទ្ធភាពនោះ កំណើនសេដ្ឋកិច្ចជាតិ នឹងកើនប្រមាណ២ ទៅ៣ភាគរយបន្ថែមទៀត។
ដើម្បីជ្រាបច្បាស់សូមស្តាប់ប្រសាសន៍របស់បណ្ឌិត គី សេរីវឌ្ឍន៍ ខាងក្រោមដូចតទៅ៖
កំណើនសេដ្ឋកិច្ចបន្ថែមនេះ នឹងមានសន្ទុះនៅក្នុងរយៈពេល៤ឬ៥ឆ្នាំខាងមុខទៀត បន្ទាប់ពីកម្ពុជាចាប់ផ្តើមបូមប្រេងនៅក្រោមបាតសមុទ្ររបស់ខ្លួននេះ។ នេះជាការលើកឡើងរបស់លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា។ លោកប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«ពីព្រោះឥទ្ធិពលនៃការវិនិយោគលើវិស័យសាធារណៈ គឺមិនអាចទទួលបានផលភ្លាមៗនោះបានទេ»។
សម្ដេច ហ៊ុន សែន បានប្រកាសយកកញ្ចប់ថវិកាដែលបានពីប្រេងនេះ ទៅប្រើប្រាស់លើវិស័យអប់រំ និងសុខាភិបាលឱ្យមានប្រសិទ្ធភាព ក្នុងការរុញច្រានដល់កំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។ ប៉ុន្តែដើម្បីប្រើប្រាស់ថវិកាឲ្យបានត្រឹមត្រូវនោះ រដ្ឋាភិបាលត្រូវមានតម្លាភាពនៃប្រាក់ចំណូលដោយបង្ហាញឱ្យមហាជនបានឃើញតាមរយៈតំណាងរដ្ឋនីមួយៗ។ នេះជាការលើកឡើងរបស់លោក គី សេរីវឌ្ឍន៍ ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បាននិយាយដូច្នេះថា៖« រដ្ឋាភិបាលគួរបង្ហាញប្រភពចំណូលថវិការដ្ឋ ដែលបានពីប្រេងនេះ នៅក្នុងផែនការចំណូលប្រចាំឆ្នាំ។ ថាតើចំណូលមានចំនួនប៉ុន្មាន? ហើយថវិកាទាំងអស់នេះធ្វើហិរញ្ញប្បទានទៅលើវិស័យអ្វីខ្លះ? អស់ប៉ុន្មាន?»។
កម្ពុជា ចាប់ផ្តើមបូមប្រេងខ្លួនឯង ពីថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ទៅ ។ប្រមុខរដ្ឋាភិបាល ចាត់ទុកការចាប់ផ្តើមផលិតកម្មប្រេងនេះ ថាជាពរជ័យសម្រាប់កម្ពុជា និងជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតសមត្ថភាពជាតិ ខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និង ថាមពលនៅកម្ពុជា។ សម្តេច ហ៊ុន មើលឃើញថា ផលប្រយោជន៍សំខាន់ពីផលិតកម្មប្រេងនេះ ក្រៅពីផ្តល់ប្រភពចំណូលថវិកាជាតិ គឺផលសេដ្ឋកិច្ចដែលទទួលបានពីខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាតនេះ ជាដើម៕
Tag:
ប្រេង
បណ្ឌិត គី សេរីវឌ្ឍន៍
© រក្សាសិទ្ធិដោយ thmeythmey.com