កីឡាអន្តរជាតិ
អន្តរជាតិ
កំពូល​កីឡាករ​ចំបាប់​ជប៉ុន ឆ្លង COVID-19 ដោយ​ចេញ​អាការ​មិនអាច​ដឹង​ក្លិន​
05, Jan 2021 , 5:29 pm        
រូបភាព
Hakuho កំពូល​កីឡាករ​ចំបាប់ Sumo របស់​ជប៉ុន បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19​។ សហព័ន្ធ​កីឡា Sumo ជប៉ុន (JSA) ប្រកាស​ដូច្នេះ​នៅ​ថ្ងៃទី​៥ ខែមករា​នេះ​។​



​កីឡាករ Hakuho ដែលមាន​ដើមកំណើត​ម៉ុង​ហ្គោ​លី វ័យ​៣៥​ឆ្នាំ ជា​កីឡាករ​ចំបាប់ Sumo លំដាប់​កំពូល​របស់​ជប៉ុន​សព្វ​ថ្ងៃ​។ តាមរយៈ​សេចក្តីប្រកាស​លើ​វេ​ប​សាយ​ផ្ទាល់​របស់ JSA បញ្ជា់​ថា Hakuho បាន​ឆ្លង COVID-19 បន្ទាប់ពី​រូបគេ​មាន​អាការ​ចម្លែក​ដោយ​មិនអាច​ដឹង​ពី​ក្លិន​អ្វី​ទាំងអស់​។​
 
Hakuho នៅពេលនេះ ត្រូវ​ទទួលបាន​ការប្រឹក្សា​យោបល់​ពី​អ្នកជំនាញ និង​ទទួល​ការតាមដាន​ជំងឺ ខណៈ​កីឡាករ​ចំបាប់​ផ្សេងទៀត​នៅក្នុង​ក្លិប Miyagino របស់ខ្លួន ក៏​នឹង​ត្រូវបាន​យកទៅ​ធ្វើតេស្ត​ទាំងអស់​ដែរ​។​
​កីឡាករ​ចំបាប់​វ័យ ៣៥ ឆ្នាំ​ដែល​បានឈ្នះ​កំណត់ត្រា​ការប្រកួត​ចំនួន​៤៤​លើក មាន​គម្រោង​ចូលរួម​ការប្រកួត​រយៈ​ពេល​១៥​ថ្ងៃ សម្រាប់​ព្រឹត្តិការណ៍ Grand Sumo ឆ្នាំ​២០២១ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​ទី​១០ ខែមករា នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។ រហូតមកដល់​ពេលនេះ JSA មិនបាន​និយាយថា តើ​ការប្រកួត​នឹងត្រូវ​ពន្យារពេល ឬក៏​អត់​នោះទេ​?
 
​កាលពី​ខែឧសភា ឆ្នាំ​២០២០ កន្លងទៅ អ្នក​ចំបាប់ sumo ជប៉ុន​ម្នាក់​ឈ្មោះ Shobushi អាយុ​២៨​ឆ្នាំ​បាន​ស្លាប់​ដោយសារតែ​ឆ្លង COVID-19 អំឡុង​ពិភពលោក​កំពុង​ប្រឈម​ខ្លាំង​នឹង​ជំងឺឆ្លង​នេះ​។ 
 
​គិត​ត្រឹម​ថ្ងៃ​៥ ខែមករា​នេះ ជប៉ុន​បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ក្នុងប្រទេស​ចំនួន​ជិត​២៥​ម៉ឺន​ករណី ដោយ​ក្នុងនោះ​ស្លាប់​ជាង​៣៦៩០​ករណី​។ ក្រោយ​មាន​ករណី​ឆ្លង​សារជាថ្មី​ក្នុង​រយៈពេល​ចុងក្រោយ​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​លោក Yoshihide Suga នៅ​ថ្ងៃទី​៥ ខែមករា បាន​និយាយ​ក្នុង​កិច្ចប្រជុំ​របស់​គណបក្ស​កាន់អំណាច​ថា​ការប្រកាសអាសន្ន​សម្រាប់​ទីក្រុង​តូ​ក្យូ និង​តំបន់​ជុំវិញ​នោះ​នឹងត្រូវ​សម្រេចចិត្ត​ចុងក្រោយ​នៅ​ថ្ងៃទី​៧ ខែមករា​នេះ​៕

Tag:
 COVID-19
  Hakuho
  Sumo
© រក្សាសិទ្ធិដោយ thmeythmey.com