COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Premier League បន្តប្រកួតដដែល ទោះអង់គ្លេសបិទប្រទេសជាថ្មី ដោយសារ COVID-19
× ក្របខណ្ឌកីឡាបាល់ទាត់ Premier League និងកីឡាអាជីពផ្សេងទៀតនៅក្នុងប្រទេសអង់គ្លេសនឹងត្រូវអនុញ្ញាតឲ្យបន្តយុទ្ធនាការប្រកួតដដែល បើទោះបីមានការដាក់កម្រិតនៃការបិទប្រទេសជាថ្មីដោយសារជំងឺ COVID-19។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
ប្រជាជនដែលរស់នៅក្នុងប្រទេសអង់គ្លេសត្រូវបានបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ខណៈសាលារៀនក៏នឹងត្រូវបិទទ្វារផងដែរចាប់ពីថ្ងៃអង្គារទី៥ ខែមករានេះតទៅ។ កាលពីថ្ងៃទី៤ ម្សិលមិញអង់គ្លេសបានរកឃើញករណីឆ្លងជំងឺ COVID-19 សារជាថ្មីដល់ទៅជាង៥ម៉ឺនករណីដែលជាតួលេខខ្ពស់មួយក្នុងរយៈពេល៧ថ្ងៃជាប់ៗគ្នា។
ដោយសារមានករណីឆ្លងច្រើនបែបនេះ លោក Johnson នាយករដ្ឋមន្ត្រីអង់គ្លេសក៏សម្រចឲ្យមានការបិទប្រទេសជាថ្មីម្តងទៀត។ វិធានការដែលរួមមានការបិទសាលាបឋមសិក្សា និងមធ្យមសិក្សានឹងចូលជាធរមាននៅថ្ងៃ៦ ខែមករា ស្របពេលស្កុតឡែនបានប្រកាសវិធានការស្រដៀងគ្នានេះគិតចាប់ពីពាក់កណ្តាលអធ្រាត្ររាត្រីថ្ងៃទី៥ ខែមករា។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលអង់គ្លេស បានលើកលែងករណីមួយចំនួនជាពិសេសព្រឹត្តិការណ៍កីឡាកម្រិតអាជីពដូចជាកីឡាបាល់ទាត់ទាំងលីគកំពូលអង់គ្លេសផង និងកីឡាមានសក្ដានុពលផ្សេងទៀតនៅក្នុងអង់គ្លេសឲ្យដំណើរការដូចធម្មតាក្រោមលក្ខខណ្ឌបិទទ្វារកីឡដ្ឋាន។
មួយវិញទៀត លោក Johnson ក៏បានអនុញ្ញាតឲ្យ អ្នកលេងកីឡាយុវជនក្រោមអាយុ១៨ឆ្នាំអាចបន្តការហ្វឹកហាត់បាន។ សម្រាប់អ្នកធ្វើលំហាត់ប្រាណនៅខាងក្រៅត្រូវបានអនុញ្ញាតឲ្យក្នុងមួយថ្ងៃម្តងផងដែរ។ ដោយឡែកទីតាំងហាត់ប្រាណ ទីលានវាយកូនបាល់ និងវាយកូនហ្គោលនឹងត្រូវបិទ។
ការប្រកួតបាល់ទាត់នារីក្នុងពានរង្វាន់ FA Cup ដែលស្ថិតក្នុងចំណោមការប្រកួតដែលមិនមានការអភិវឌ្ឍខ្ពស់ក៏ត្រូវពន្យារពេលផងដែរ។
ក្របខណ្ឌ Premier League បានដំណើរការប្រកួតរដូវកាល ២០២០-២១ នេះ បានចំនួន១៧សប្តាហ៍ហើយ។ ក្នុងរយៈពេលចុងក្រោយនេះ ការប្រកួតរបស់ក្រុមមួយចំនួនត្រូវលើកពេលប្រកួតផងដែរ ដ្បិតក្រុមពួកគេមានសមាជិកឆ្លង COVID-19 ច្រើន៕
Tag:
Premier League
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com