កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ ទៅ​ឧ​ត្ត​រ​មានជ័យ ជាប់​ព្រំដែន​ថៃ ត្រូវបាន​ផ្អាក ព្រោះ​កូ​វីដ​-១៩
06, Jan 2021 , 9:45 am        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលជា​ទីតាំង​ចុងក្រោយ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​ក្នុង​របប​ខ្មែរក្រហម ត្រូវបាន​ផ្អាក​ការរៀបចំ ដោយសារ​ស្ថានភាព​ជំ​ងឹ​កូ​វីដ​-១៩ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​បន្ត​គំរាមកំហែង​។ ការត្រៀមខ្លួន​មិនទាន់ ក៏​ជា​ហេតុផល​មួយ​ដែរ​។​នេះ​បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

 
​ការកើនឡើង​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ថៃ បានធ្វើ​ឲ្យ​កម្ពុជា សម្រេច​ផ្អាក​ការរៀបចំ​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​នៅ​ឆ្នាំនេះ​។ អន្លង់វែង​ជា​ស្រុក​មួយ​មាន​ទីតាំង​នៅជាប់​ប្រទេស​ថៃ ដែលមាន​ច្រក​អន្តរជាតិ​ជាំ​ជាទី​ប្រសព្វ និង​ជា​កន្លែង​ចេញចូល​រវាង​ប្រជាជន​កម្ពុជា និង​ថៃ​។ 
 
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នៅ​ថ្ងៃទី​៥ មករា ឆ្នាំ​២០២០ បាន​និយាយ​ដូច្នេះ​ថា​៖«​ឆ្នាំនេះ​យើង​មិនអាច​ធ្វើ​បានទេ ដោយសារ​សភាព​ការ​តាម​ព្រំដែន​មិនសូវ​ល្អ ពាក់ព័ន្ធ​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដូច្នេះ​យើង​ត្រូវ​លើក​ពេល​ទៅ​រៀបចំ​នៅ​ឆ្នាំក្រោយ ដោយសារ​យើង​មិនអាច​ត្រៀមខ្លួន​កើត និង​សភាព​ការមិន​អំណោយផល​»​។ 
 
​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហការ​រវាង​ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​អ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) ជាមួយ​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ភាគី​ថៃ​។ កម្មវិធី​មួយចំនួន​ក្នុង​ព្រឹត្តិការណ៍​នេះ ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាជន​ថៃ​រស់ក្នុង​ស្រុក​ជាប់​ស្រុក​អន្លង់វែង​។ កត្តា​នេះហើយ ទើប​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ទេសចរណ៍​មួយ​នេះ មិនអាច​ដំណើរការបាន​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជិត​៩​ពាន់​នាក់ ក្នុងនោះ​ស្លាប់​ចំនួន​៦៥​នាក់​។ ដោយឡែក​នៅថ្ងៃនេះ ប្រទេសជិតខាង​កម្ពុជា​មួយ​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី​ជាង​៥​រយ​នាក់​។ 
 
​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​នៅ​កម្ពុជា ដែល​សម្តេច ហ៊ុន សែន បានប្រកាស​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ក៏​ជា​កត្តា​រួមចំណែក​ក្នុងការ​ផ្អាក​នេះដែរ ដ្បិត​វា​បានធ្វើ​ឲ្យ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ខាងលើ ពុំមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​រៀបចំ​។ បើតាម​លោក វ៉ា​ត់ ចំរើន គណៈកម្មការ​រៀបចំ​ត្រូវការ​ពេលវេលា​យ៉ាងតិច​ពីរ​ទៅ​បី​ខែ ក្នុងការ​ត្រៀមលក្ខណៈ​រៀបចំ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​សុវត្ថិភាព​។​
 
​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នៅក្នុង​ស្រុក​អន្លង់វែង ដែលជា​ទីតាំង​ចុងក្រោយ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​ក្នុង​របប​ខ្មែរក្រហម​។ ព្រឹត្តិការណ៍​នេះ ក៏​ធ្វើឡើង​ដើម្បី​អបអរ​ខួប​នៃ​ការទទួលបាន​សន្តិភាព​ពេញលេញ​ក្នុង​ឆ្នាំ​១៩៩៨ ផងដែរ​។ 


 
​ការ​រឹតចំណង​សាមគ្គីភាព​រវាង​ប្រជាជន​កម្ពុជា​-​ថៃ និង​បង្កើត​ឲ្យ​ភាព​អ៊ូអរ​ក្នុង​តំបន់​រ៉ាំរ៉ៃ​ដោយ​សង្គ្រាមស៊ីវិល​មួយ​នេះ ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះដែរ​។ លើសពីនេះ គឺ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ផ្នែក​សន្តិភាព និង​បន្សាប​ភាពភ័យខ្លាច​របស់ ប្រជាពលរដ្ឋ ដែល​ដិ​ប​ដាម​ជាមួយ​របប​ខ្មែរក្រហម​។ ប្រជាពលរដ្ឋ​ប្រមាណ​៧០​ទៅ​៨០​ភាគរយ​ក្នុងស្រុក​អន្លង់វែង ជា​អតីត​កម្មាភិបាល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​៕  

Tag:
 ​ថ្មើរជើង​ប្រវត្តិសាស្ត្រ​
  វ៉ា​ត់ ចំរើន​
  អន្លង់វែង​
  ឧ​ត្ត​រ​មានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com