កីឡាជាតិ
ជាតិ
ការប្រកួតជើងឯកថ្នាក់ជាតិកីឡាអុកចត្រង្គ ជាយុទ្ធនាការស្វែងរកកីឡាករជម្រើសជាតិ
06, Jan 2021 , 2:01 pm        
រូបភាព
កីឡាករ ឈាវ បូរ៉ា (អាវក្រហម)ប្រកួតអុកចត្រង្គក្នុងកាប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០, រូបពី Cambodia SEA Games 2023
កីឡាករ ឈាវ បូរ៉ា (អាវក្រហម)ប្រកួតអុកចត្រង្គក្នុងកាប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០, រូបពី Cambodia SEA Games 2023
ដោយ:
ក្រោយព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវបានបិទបញ្ចប់ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ចាប់ផ្តើមរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ដើម្បីចម្រាញ់រកធនធានកីឡាករជម្រើសជាតិសម្រាប់ប្រមូលផ្តុំហ្វឹកហាត់នៅឆ្នាំ២០២១។ ការប្រកួតនេះមានកីឡាករជាង៦០នាក់មកពី១៧ក្លិបសមាគមចូលរួម។



ជាការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំក៏ពិតមែន តែវាជាយុទ្ធនាការស្វែងរកធនធានកីឡាករអុកចត្រង្គជម្រើសជាតិ សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់នៅឆ្នាំ២០២១។ ការប្រកួតនេះ ក៏ជាផ្នែកមួយចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍កីឡាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិមួយនេះដែរ។ នេះបើតាមការបញ្ជាក់របស់លោក ឃាង ពីវ អនុប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា។

បន្ថែមលើគោលបំណងធំៗទាំងពីរខាងលើ ការប្រកួតជើងឯកថ្នាក់ជាតិ ក៏ធ្វើឡើង ដើម្បីរួមចំណែកអភិវឌ្ឍន៍សមត្ថភាពធនធានកីឡាករ សម្រាប់ត្រៀមទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ អុកចត្រង្គជាប្រភេទកីឡាវប្បធម៌ប្រពៃណី ដែលត្រូវបានថ្នាក់ដឹកនាំកីឡាកម្ពុជា សម្រេចដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម ជាមួយកីឡាគុនល្បុក្កតោ។

អនុប្រធានសហព័ន្ធរូបនេះ ប្តេជ្ញាថា លោកនឹងខិតខំប្រឹងប្រែងផលិតធនធានកីឡាករកីឡាការិនី តាមរយៈការរៀបចំការប្រកួតផ្សេងៗ ពិសេសការប្រកួតជើងឯកថ្នាក់ជាតិ ដើម្បីឈានទៅសម្រេចគោលដៅនៅឆ្នាំ២០២៣។

បើតាមរបាយការណ៍របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ មានកីឡាករចំនួន៦៤នាក់មកពី១៧ក្លិបសមាគមចូលរួម។ ការប្រកួតប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៥-៧ ខែមករា ឆ្នាំ២០២១នៅក្លិបសេះខៀវ រាជធានីភ្នំពេញ។ ការប្រកួតលើកទី៣នេះ ទទួលបានថវិកាគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា៕

Tag:
 អុកចត្រង្គ
  ឃាង ពីវ
  ជើងឯកថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com