ជាតិ
តុលាការឃុំខ្លួនលោក ចាន់ យ៉េត ពីបទឆបោក និងញុះញង់ ក្រោយសម្ដេច ហ៊ុន សែន ព្រមាន លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ដែលត្រូវបានបញ្ចប់តួនាទីសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ហើយត្រូវបានតុលាការខេត្តបាត់ដំបង សម្រេចឃុំខ្លួន កាលពីថ្ងៃទី៣១ ធ្នូ ២០២០
× ភ្នំពេញ៖ តុលាការខេត្តបាត់ដំបង បានសម្រេចឃុំខ្លួនលោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ (ពីមុនឈ្មោះថាគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ) ពីបទឆបោក និងញុះញង់ប្រជាពលរដ្ឋឱ្យបង្កភាពចលាចលប៉ះពាល់ដល់សន្តិសុខសង្គម កាលពីថ្ងៃទី៣១ ធ្នូ ២០២០។ ការចាប់ឃុំខ្លួនលោក ចាន់ យ៉េត នេះធ្វើឡើងក្រោយពីសម្ដេច ហ៊ុន សែន ព្រមានលើមេបក្សនយោបាយរូបនេះ។
អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់សារព័ត៌មានថ្មីៗថា លោក ចាន់ យ៉េត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីការតុលាការ ពាក់ព័ន្ធនឹងករណីបោកប្រាស់លុយពីប្រជាពលរដ្ឋ និងជំរុញឲ្យពួកគេឡើងតវ៉ារឿងដីធ្លី។«ឭថាគាត់(លោក ចាន់ យ៉េត) ដើរបោកលុយពីពលរដ្ឋ២៣០គ្រួសារ ដើរចាប់យកដី និងប្រមូលលុយពីពលរដ្ឋ ហើយញុះញង់ឲ្យពលរដ្ឋឡើងទៅធ្វើបាតុកម្ម។ ដូច្នេះយើងមានឯកសារ និងភស្តុតាងគ្រប់គ្រាន់ ក្នុងចាប់ខ្លួនគាត់ ដែលបង្កអនាធិបតេយ្យ និងញុះញង់ឲ្យពលរដ្ឋចលាចល»។ នេះជាការបញ្ជាក់របស់លោក ឆាយ គឹមខឿន។
មុនពេលចាប់ខ្លួននេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានលោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការដើរយកលុយពីពលរដ្ឋ ជាថ្នូរនឹងការជួយដោះស្រាយបញ្ហាពួកគេ នៅតំបន់បឹងជង្រុក ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង បាត់ដំបងដែរ កាលពីថ្ងៃទី២៩ ធ្នូ ២០២០។ មិនតែប៉ុណ្ណោះ សម្ដេច ហ៊ុន សែន ក៏បានអះអាងថា លោក ចាន់ យ៉េត ក៏បានយកឈ្មោះសម្ដេច ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថាប័នផ្សេងៗ ទៅប្រើប្រាស់ ដើម្បីឆបោកលុយពីពលរដ្ឋ ពាក់ព័ន្ធរឿងដីធ្លីនេះដែរ ។
គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានសម្រេចបញ្ចប់តួនាទីលោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ (ពីមុនឈ្មោះថាគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ) ពីសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កាលពីថ្ងៃទី៩ ធ្នូ តាមសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ចាន់ យ៉េត ជាមនុស្សទី៣ហើយ នៅក្នុងបក្ស និងជាមនុស្សទី៤ នៅក្នុងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលត្រូវបានព្រះមហាក្សត្របញ្ចប់តួនាទីពីសមាជិកឧត្តមក្រុមប្រឹក្សា។
ក្រៅពីលោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ដែលត្រូវតុលាការខេត្តបាត់ដំបង សម្រេចឃុំខ្លួននេះ ក៏មានលោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា អតីតប្រធាននេះ ក៏ត្រូវបានតុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួន កាលពីខែមេសា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងដីធ្លីនេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com