កំពូលកីឡាបាល់ទាត់ដែលរកគ្រាប់បាល់បានច្រើនបំផុតលើលោកក្នុងប្រវត្តិសាស្ត្រដែលចាត់ថ្នាក់ដោយ FIFA គឺអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអូទ្រីស និងឆែក Josef Bican ជាអ្នករកគ្រាប់បានច្រើនជាងគេបំផុតចំនួន ៨០៥គ្រាប់។ ដោយឡែកវីរបុរសប្រេស៊ីល Pele ដែលស្ថិតក្នុងចំណោមកីឡាករទាំង១០ដែលរកគ្រាប់បានច្រើនបំផុតឈរនៅលេខរៀងទី៤ បន្ទាប់ពី Cristiano Ronaldo ប្រជែងយកតំណែងលេខ៣របស់ខ្លួនកាលពីថ្មីៗនេះ។
Josef Bican និង Pele សុទ្ធតែមានភាពល្បីល្បាញដូចគ្នា គ្រាន់តែខុសសម័យកាលគ្នាប៉ុណ្ណោះ។ Bican វីរបុរសក្លិប Slavia Prague ដែលទទួលមរណភាពនៅឆ្នាំ ២០០១ បានចាប់អាជីពជាកីឡាករបាល់ទាត់ពីឆ្នាំ១៩៣១ ដល់១៩៥៥ ដោយរកបានគ្រាប់បាល់ ៨០៥គ្រាប់ ក្នុងការបង្ហាញខ្លួន ៥៣០ប្រកួតក្នុងអាជីព ខណៈ Pele ដែលសព្វថ្ងៃមានវ័យ៨០ រកបានគ្រាប់សរុប ៧៥៧ ក្នុងការបង្ហាញខ្លួន ៨៣៤ប្រកួត។ នេះបើតាមការចាត់ថ្នាក់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។
ចំណោមកីឡាករបាល់ទាត់ទាំង១០ដែល FIFA ចាត់ថ្នាក់ គិតត្រឹមថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ Cristiano Ronaldo ខ្សែប្រយុទ្ធ Juventus បានបំបែកកំណត់ត្រា Pele ហើយ ដោយរកបានគ្រាប់ស៊ុតសរុប ៧៥៨គ្រាប់។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានឈានទៅចំណាត់ថ្នាក់ទី៣ក្នុងតារាង ស្របពេលស្តេចបាល់ទាត់ប្រេស៊ីលធ្លាក់ទៅលេខ៤វិញ។
អតីតខ្សែប្រយុទ្ធប្រេស៊ីល និង PSV Eindhoven លោក Romário ដែលសព្វថ្ងៃមានវ័យ៥៤ឆ្នាំ ស្ថិតនៅចំណាត់ថ្នាក់ទី២ បន្ទាប់ពី Bican ដោយរកបានគ្រាប់បាល់សរុប ៧៧២គ្រាប់ក្នុងអាជីព។
Lionel Messi ដែលទើបបានបំបែកកំណត់ត្រាស៊ុតបាល់បញ្ចូលទីច្រើនបំផុតសម្រាប់ក្លិបរបស់ Pele ឈរនៅលេខរៀងទី៦ដោយរកបានគ្រាប់ស៊ុតសរុបចំនួន៧៤២គ្រាប់។ Messi រកគ្រាប់ឲ្យ Barcelona បានចំនួន ៦៤៤ គ្រាប់ ឯ Pele រកគ្រាប់ឲ្យក្លិប Santos បានចំនួន៦៤៣គ្រាប់។
ខាងក្រោមនេះជាកីឡាករបាល់ទាត់ទាំង១០ ដែលកាន់កំណត់ត្រារកគ្រាប់បាល់បានច្រើនបំផុតក្នុងអាជីពរបស់ពួកគេ៖
១- Josef Bican ប្រកអាជីពចន្លោះឆ្នាំ ១៩៣១-១៩៥៥ រកបាន៨០៥គ្រាប់ ក្នុងការបង្ហាញខ្លួន ៥៣០ប្រកួត
២- Romário ប្រកអាជីពចន្លោះឆ្នាំ ១៩៨៥-២០០៩ រកបាន ៧៧២គ្រាប់ ក្នុងការបង្ហាញខ្លួន ៩៩៤ប្រកួត
៣- Cristiano Ronaldo ប្រកអាជីពចាប់ពីឆ្នាំ ២០០២ ដល់សព្វថ្ងៃ រកបាន៧៥៨គ្រាប់ ក្នុងការបង្ហាញខ្លួន ៨៣៤ប្រកួត
៤- Pele ប្រកអាជីពចន្លោះឆ្នាំ ១៩៥៦-១៩៧៧ រកបាន៧៥៧គ្រាប់ ក្នុងការបង្ហាញខ្លួន៨៣៤ប្រកួត
៥- Ferenc Puskás សញ្ជាតិហុងគ្រី ប្រកអាជីពចន្លោះឆ្នាំ ១៩៤៣-១៩៦៦ រកបាន៧៤៦គ្រាប់ ក្នុងការបង្ហាខ្លួន៧៥៤ប្រកួត
៦- Lionel Messi ប្រកបអាជីពចន្លោះឆ្នាំ ២០០៣ ដល់សព្វថ្ងៃ រកបាន៧៤២គ្រាប់ ក្នុងការបង្ហាខ្លួន៧៥៤ប្រកួត
៧- Gerd Müller របស់អាល្លឺម៉ង់ ប្រកបអាជីពចន្លោះឆ្នាំ ១៩៦២-១៩៨១ រកបាន៧៣៥គ្រាប់ ក្នុងការបង្ហាខ្លួន៧៩៣ប្រកួត
៨- Eusébio របស់ព័រទុយហ្គាល់ ប្រកបអាជីពចន្លោះឆ្នាំ ១៩៥៧-១៩៨០ រកបាន៦២៣គ្រាប់ ក្នុងការបង្ហាខ្លួន៦៣៩ប្រកួត
៩- Tulio Maravilha ប្រេស៊ីល ប្រកបអាជីពចន្លោះឆ្នាំ ១៩៨៨-២០១៩ រកបាន៥៨៨គ្រាប់ ក្នុងការបង្ហាញខ្លួន៧៩៤ប្រកួត
១០- Ferenc Deak ហុងគ្រី ប្រកបអាជីពចន្លោះឆ្នាំ ១៩៤០-១៩៥៧ រកបាន៥៧៦គ្រាប់ (មិនបានបង្ហាញចំនួនប្រកួត)៕