កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ប្រកាសផ្តល់១ម៉ឺនដុល្លារ ដល់អ្នកចាប់ជនសង្ស័យសម្លាប់បាហុនិកា Dacera
× ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ប្រកាសផ្តល់ប្រាក់រង្វាន់ដល់អ្នកដែលអាចចាប់ឃាតករ និងបក្សពួកដែលពាក់ព័ន្ធការស្លាប់បាហុនិកា Christine Angelica Dacera នៅក្នុងបន្ទប់សណ្ឋាគារមួយ។
Christine Angelica Dacera វ័យ២៣ឆ្នាំ ជាបាហុនិកាតាមយន្តហោះ និងជាអតីតបវរកញ្ញាមួយរូប។ នាងបានចូលរួមក្នុងពិធីជប់លៀងមួយជាមួយមិត្តភក្តិនៅក្នុងក្រុង Makati ប្រទេសហ្វីលីពីន នាពិធីអបអរឆ្នាំថ្មី ឆ្នាំ២០២០ ឈានចូល ២០២១។ នារាត្រីនោះហើយ នាងត្រូវបានប្រទះឃើញសន្លប់ស្តូកស្តឹងក្នុងអាងងូតទឹកនៃបន្ទប់សណ្ឋាគារមួយ ដែលក្រោយមក ត្រូវបានប្រកាសថាស្លាប់ ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ។
Pacquiao ដែលទើបក្លាយជាប្រធានគណបក្សកាន់អំណាចហ្វីលីពីន PDP-Laban បានប្រកាសនៅក្នុងបទសម្ភាសន៍មួយថា លោកនឹងផ្តល់ប្រាក់ជាង ៧៥០០ ផោន (ជាងមួយម៉ឺនដុល្លារអាមេរិក) សម្រាប់អ្នកណាដែលអាចស្វែងរកជនដៃដល់ចំនួន៨រូបដែលមិនទាន់បានចាប់ខ្លួន។ អ្នកពាក់ព័ន្ធបីនាក់ ត្រូវបានកំណត់អត្តសញ្ញាណរួចហើយ។
តាមរយៈស្ថានីយ៍វិទ្យុ DZRH កំពូលអ្នកប្រដាល់អាស៊ីវ័យ៤២ឆ្នាំរូបនេះអះអាងថា៖ «ខ្ញុំនឹងផ្តល់ប្រាក់ចំនួន ១ម៉ឺនដុល្លារដល់អ្នកដែលចាប់ជនសង្ស័យបាន»។
មិនត្រឹមតែ Pacquiao ឡើយដែលឈឺឆ្អាលពីរឿងដ៏ឃោឃៅនេះ។ ពលរដ្ឋ រួមទាំងតារាល្បីៗនៅហ្វីលីពីនដទៃទៀត ក៏បានរួមគ្នាបង្កើតចលនាទាមទាររកយុត្តិធម៌ជូនដល់នាង Christine Angelica Dacera ផងដែរ៕
Tag:
Manny Pacquiao
Christine Angelica Dacera
© រក្សាសិទ្ធិដោយ thmeythmey.com