អាការៈក្អកជាបញ្ហាគួរឱ្យរំខានមួយនិងមិនងាយបាត់ទៅវិញដោយឯកឯងលឿនប៉ុន្មានឡើយ។ ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា អាហារមួយចំនួនអាចជួយពន្លឿនភាពជះសះស្បើយនៃបញ្ហាក្អកស្ងួត។ ហើយក្រៅពីថ្នាំពេទ្យក៏នៅមានឱសថបែបធម្មជាតិមួយចំនួនអាចជួយព្យាបាលអាការៈក្អកនិងបំបាត់អាការៈរមាស់ក្នុងបំពង់បានយ៉ាងប្រសើរផងដែរ។ ថាតើឱសថធម្មជាតិទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទាន និងរូបមន្តបែបធម្មជាតិដើម្បីព្យាបាលអាការៈក្អកស្ងួត ៖
១. ឪឡឹក
មានផ្ទុកសម្បូរទៅដោយជាតិទឹកដែលប្រសើរសម្រាប់បំបាត់អាការៈក្អកស្ងួតនិងរមាស់បំពង់ក។ ទោះជាយ៉ាងណាមិនត្រូវទទួលទានច្រើនលើសកម្រិតពេកដែរ។
២. បឺរី
ក៏មានផ្ទុកជាតិទឹកខ្ពស់ដូចផ្លែឪឡឹកដែរ។ នេះមានន័យថាការទទួលទានផ្លែបឺរីជាប្រចាំអាចជួយបំពេញជាតិទឹកក្នុងរាងកាយ ហើយសម្រាលអាការៈក្អកស្ងួតបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀតបឺរីជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រសិទ្ធភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
៣. ក្រូច
ក្រៅពីមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយហើយនោះ ការទទួលទានក្រូចក៏ប្រសើរដើម្បីបំបាត់អាការៈក្អកស្ងួតឆាប់រហ័សផងដែរ។ អ្នកអាចទទួលទានទឹកក្រូចច្របាច់ស្រស់ដោយមិនបន្ថែមស្ករ ឬគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួមបន្ថែមទឹកឃ្មុំ ១ ឬ ២ ស្លាបព្រាចូល។ កូរឱ្យសព្វសឹមទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។
៤. ល្ហុងទុំ
ជាប្រភពដ៏ប្រសើរនៃសារធាតុ beta-carotene វីតាមីន C និងវីតាមីន E ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ទប់ស្កាត់ការរលាកនិងបំបាត់អាការៈក្អកស្ងួត។
៥. ផ្លែប៉ោម
តើអ្នកធ្លាប់ដឹងទេថាការទទួលទានផ្លែប៉ោម ១ ឬ ២ ផ្លែក្នុងមួយថ្ងៃអាចជួយបំបាត់អាការៈក្អកស្ងួត? មិនត្រឹមតែជាប្រភពដ៏ល្អនៃវីតាមីន C ប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្ទុកសម្បូរទៅដោយជាតិទឹកផងដែរ។
៦. ផ្កាខាត់ណាខៀវ
បន្លែដែលប្រសើរបំផុតដែលអ្នកគួរទទួលទានដើម្បីបំបាត់អាការៈក្អកស្ងួត គឺផ្កាខាត់ណាខៀវ។ នេះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយជាតិទឹក។
៧. ទឹកឃ្មុំ
ជារូបមន្តបែបធម្មជាតិដ៏ល្អបំផុតមួយសម្រាប់ព្យាបាលអាការៈក្អកស្ងួត! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកឃ្មុំឆៅ ១ ស្លាបព្រាបាយឱ្យបាន ៣ ដងក្នុងមួយថ្ងៃ។ ឬក៏អ្នកអាចលាយទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេជាមួយទឹកក្ដៅឧណ្ហៗ ១ ពែង។ កូរឱ្យសព្វសឹមទទួលទានក៏មានឥទ្ធិពលប្រសើរដូចគ្នា!
៨. ស៊ុបមាន់
ការទទួលទានស៊ុបមាន់នៅពេលក្អកស្ងួត គឺល្អណាស់ដើម្បីបំបាត់អាការៈនេះឆាប់រហ័ស។ ស៊ុបមាន់ជួយបំពេញសារធាតុរាវបន្ថែមដល់រាងកាយ ហើយក៏ផ្ដល់នូវប្រូតេអ៊ីនដែលរាងកាយត្រូវការដើម្បីទប់ទល់នឹងមេរោគឆ្លងផងដែរ។
រូបមន្តព្យាបាលតាមបែបធម្មជាតិ
១. ទឹកឃ្មុំ
ជារូបមន្តបែបធម្មជាតិដ៏ល្អបំផុតមួយសម្រាប់ព្យាបាលអាការៈក្អកស្ងួត! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកឃ្មុំឆៅ ១ ស្លាបព្រាបាយឱ្យបាន ៣ ដងក្នុងមួយថ្ងៃ។ ឬក៏អ្នកអាចលាយទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេជាមួយទឹកក្ដៅឧណ្ហៗ ១ ពែង។ កូរឱ្យសព្វសឹមទទួលទានក៏មានឥទ្ធិពលប្រសើរដូចគ្នា!
២. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួមបន្ថែមទឹកឃ្មុំ ១ ឬ ២ ស្លាបព្រាចូល។ កូរឱ្យសព្វ សឹមទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។
៣. ខ្ពុរមាត់ជាមួយទឹកអំបិល
រូបមន្តធម្មជាតិងាយៗមួយទៀតដើម្បីទប់ទល់ជាមួយអាការៈក្អក គឺការខ្ពុរមាត់ជាមួយទឹកអំបិល។ ទឹកអំបិលជួយកាត់បន្ថយការរលាកនិងហើមក្នុងបំពង់ក ដូច្នេះអ្នកនឹងមានអារម្មណ៍ធូរស្បើយពីអាការៈឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះ។
៤. តែខ្ញី
តែខ្ញីអាចជួយបំបាត់អាការៈក្អកស្ងួតបានយ៉ាងប្រសើរតាមរយៈសារធាតុប្រឆាំងការរលាកដែលវាមានផ្ទុក។ ខ្ញីក៏មានឥទ្ធិពលកាត់បន្ថយការឈឺចាប់និងចង្អោរចង់ក្អួតផងដែរ។ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនៃខ្ញីអាចជួយធ្វើឱ្យផ្លូវដង្ហើមមានភាពធូរស្រាលដែលបំបាត់ការក្អកឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្ញីក្ដៅឧណ្ហៗ ១ ពែងហើយទទួលទាន។
សម្គាល់៖ ប្រសិនបើអាការៈក្អកស្ងួតមិនព្រមបាត់ទៅវិញសោះ ឬកាន់តែធ្ងន់ធ្ងរឡើងត្រឹមរយៈពេលប៉ុន្មានថ្ងៃ ហើយអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតរួមមានក្ដៅខ្លួនជាដើម ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ៕